ជប៉ុន សន្យាបង្កើនឥណទានសម្បទានទ្វេដង និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ និងជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជប៉ុន បានសន្យាបង្កើនឥណទានសម្បទានទ្វេដង និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ និងជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅកម្ពុជា ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងសហការី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។

នៅក្នុងជំនួបនេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាលដែលរាជរដ្ឋាភិបាលដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ជាក់ស្តែង ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាតជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនដ៏ឆ្នើម នាពេលថ្មីៗកន្លងមក ។

ឯកឧត្តម HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជ-រដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម HATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan) ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ច សង្គម ឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ៕ ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner