លោក គុជ ស៊ីថា ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជំនួស លោក កែរ រដ្ឋា ដែលចូលនិវត្តន៍

ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២២ បានអញ្ជើញចូលរួមប្រកាសផ្លាស់ប្ដូរមុខតំណែងប្រធាន អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះ លោក គុជ ស៊ីថា ប្រកាសជាប្រធានមន្ទីរ ជំនួសលោក កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍និង លោក ថោង អ៊ុសុធា ប្រកាសជាអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ឯកឧត្តម មែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិតកែរ រដ្ឋាអតីតជាមន្ទីរសុខាភិបាលខេត្តដែលបាន ខិតខំ យកចិត្តទុកដាក់ ធ្វើ ការងារ បម្រើ សេវាសុខាភិបាលជូនប្រ ជា ពលរដ្ឋ បានល្អប្រសើរ ជាពិសេសនៅកំឡុង ពេល កូ វី ដ ១៩ កំពុង រាតត្បាត នៅ ក្នុង ប្រទេស ។

ឯកឧត្តម ម៉ែន វិបុល ក៏បានជំរុញដល់លោកប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍ ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលទាំងអស់បន្តយកចិត្តទុកដាក់ជំរុញដល់ប្រជាពលរដ្ឋត្រូវបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣.៤.៥)ឲ្យបានគ្រប់គ្នា ៕ នុត នាង

ads banner