ពលរដ្ឋរស់នៅភូមិព្រែកតាគង់ បង្ហាញក្តីសាទរ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមបើកការដ្ឋានជួសជុលច្រាំងទន្លេសាប ដែលបានបាក់ស្រុត
ភ្នំពេញ ៖ ច្រាំងទន្លេសាប នៅត្រង់ចំណុចភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានរងការបាក់ស្រុតជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវ និងលំនៅឋានប្រជាពលរដ្ឋ ខៈពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរបើកការដ្ឋានជួសជុលហើយ។ ប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រែកតាគង់បង្ហាញក្តីសាទរ ចំពោះវិធានការនេះ ក្រោយពីរង់ចាំអស់រយៈពេលជិត ៤ខែមកហើយ។
ប្រជាពលរដ្ឋនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា បង្ហាញក្តីសាទរក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមទម្លាក់គ្រឿងចក្រជួសជុលច្រាំងទន្លេសាប ដែលបានរងការបាក់ស្រុត ដោយសារតែគ្រោះធម្មជាតិ ។
គួរបញ្ជាក់ផងដែរថា ជាមួយគ្នានេះ ក្នុងដំណើរដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេសាប នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ កក្កដា ម្សិលមិន ឯកឧត្តម ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យមន្ត្រីជំនាញ ត្រូវសិក្សាអោយបានម៉ត់ចត់ និងពន្លឿនការស្ថាបនាឡើងវិញអោយបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចំពោះច្រាំងទន្លេសាប នៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វានេះ បានរងការបាក់ស្រុតជាបន្តបន្ទាប់តាំងពីខែមិនា ឆ្នាំ២០២២ និងបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន ក៏បានបាក់ចូលទន្លេ ហើយករណីខាងលើ មិនមែនជាករណីទី១ទេ នៅចំណុចភូមិព្រែកតាគង់នេះ គឺធា្លប់រងការបាក់ស្រុតច្រាំងទន្លេសាប ដោយសារតែគ្រោះធម្មជាតិបែបនេះ ជាច្រើនកន្លែងផងដែរ ក៏ប៉ុន្តែមិនមានទំហំបែបនេះទេ ៕ ដោយ ៖ ឆៃហួត និងប៊ុនធី




