អភិបាលខេត្តស្វាយរៀង ៖ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់

ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិវិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្សខេត្តបានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពី គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារ នេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។

ការថ្លែងបែបនេះរបស់ ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២២ របស់ គ.ខ.ប.ជ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពី លោកព្រះរាជអាជ្ញារង លោក លោកស្រី ឧត្តមសេណីយ៍ វរសេណីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ -អង្គភាព លោក លោកស្រីអភិបាលរងក្រុង- ស្រុក តំណាងអង្គការដៃគូពាក់ព័ន្ធ ក្រុមការងារទាំង៦ និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្ស បានថ្លែងនូវការអរគុណចំពោះលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ នេះឡើង នៅថ្ងៃនេះ ដែលជាឱកាសជួបជុំពាក់កណ្ដាលឆ្នាំដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា បានរួមគ្នាធ្វើការពិនិត្យ វាយតម្លៃកំណត់ពីចំណុចខ្លាំង បញ្ហាប្រឈម លើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងគ្រប់ទម្រង់ដើម្បី ឈានទៅដល់ការដាក់ចេញនូវទិសដៅអនុវត្តឲ្យបានកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត នាពេលខាងមុខ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ។

ជាមួយគ្នានេះឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត មាន ជំនឿ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកធ្វើឲ្យកិច្ចការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលេីការអនុវត្ត ៕ នុត នាង

ads banner