ទីភ្នាក់ងារសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា នឹងចុះព្យាបាលដោយប្រើប្រាស់រថយន្តចល័ត បំពាក់ឧបករណ៍ព្យាបាលជាច្រើនប្រភេទ ជូនប្រជាជននៅតំបន់ដាច់ស្រយាលជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ (PMCI) កម្ពុជា នឹងបន្តបេសកម្មចុះព្យាបាលដោយប្រើប្រាស់រថយន្តចល័ត ដែលមានបំពាក់ឧបករណ៏ព្យាបាលជាច្រើនប្រភេទ ដើម្បីជួយដល់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាល ឲ្យទទួលបានសេវាកម្មសុខភាព។

លោក យូន យ៉ុងស៊ូន ប្រធានអង្គការ PMCI កម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធ និងប្រគល់រថយន្តក្រុងព្យាបាលចល័ត ជូនដល់ទីភ្នាក់ងារសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ ថា ទីភ្នាក់ងារសហប្រតិបត្តិការ វេជ្ជសាស្ត្រអន្តរជាតិ (PMCI) បានបើកគម្រោងសុខភាពមាតា និងទារក នៅខេត្តបាត់ដំបង តាំងពីក្នុងឆ្នាំ ២០១៣ ដោយគម្រោងនោះ បានអនុវត្តការថតកាំរស្មីអ៊ិចជំងឺភ្នែក ព្រមទាំងការពិនិត្យ មហារីកមាត់ស្បូន នៅក្នុងឆ្នាំ២០១៨ ។ ចាប់តាំងពីខែសីហាឆ្នាំ ២០២០ មក (PMCI) បានចាប់ផ្តើមចុះផ្តល់សេវាកម្មព្យាបាលចល័ត តាមបណ្តាខេត្តខ្លះៗ តាមរយៈសាខាដែលមាននៅក្នុងរាជធានីភ្នំពេញ។

លោក បន្តថា កន្លងមកការចុះព្យាបាលចល័តគឺមានការលំបាក និងនៅមានកម្រិត ក្នុងការចុះទៅតាមបណ្តាខេត្ត ដោយសារ តែឡានក្រុងមិនអាចបំពាក់ឧបករណ៍ព្យាបាលផ្សេងៗបាន, ក៏ប៉ុន្តែ ការទទួលរថយន្តក្រុងព្យាបាលចល័តទំហំធំ ចំនួន ២គ្រឿង ពីក្រុមហ៊ុន អាតូមី ដែលមានបំពាក់ឧបករណ៏ព្យាបាលជាច្រើនប្រភេទនេះ យើងនឹងបន្តការចុះទៅព្យាបាលចល័តតាមបណ្ដាខេត្តជាបន្តទៀត។

ចំណែកលោក លីម ហ្សុនស៊ូ នាយកសាខាអាតូមីកម្ពុជា លើកឡើងថា ការចូលរួមចំណែកក្នុងសង្គម គឺជាវប្បធម៌នៃក្រុមហ៊ុនអាតូមី ហើយយើងតែងតែចងចាំនូវអ្វីដែលសង្គមយើងត្រូវការ។ ស្រមពេលនោះ ក្រុមហ៊ុនអាតូមី យើងក៏បានជួបជាមួយអង្គការ PMCI ហើយក្រុមហ៊ុន ក៏បានឧបត្ថម្ភឧបករណ៍ព្យាបាលដល់អង្គការ PMCI សម្រាប់ព្យាបាលដល់ប្រជាជនកម្ពុជា ដែលនៅតាមតំបន់ដាច់ស្រយ៉ាល ជាក់ស្តែងការផ្តល់ឧបត្ថម្ភរថយន្តក្រុងព្យាបាលចល័តនេះ គឺជាការចូលរួមចំណែកផ្តល់សេវាព្យាបាលជាមួយរាជរដ្ឋាភិបាល។

នៅក្នុងពិធីនេះដែរ លោក ស៊ីន ឈុងស៊ីក Shin Choong sik ប្រធានមជ្ឈមណ្ឌលសុខភាព PMC កូរ៉េ លើកឡើងថា ទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អ និងបានផ្តល់ជំនួយស្បៀងអាហារដល់ប្រទេសកូរ៉េ តាមរយៈអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលប្រទេសកូរ៉េ ជួបសង្គ្រាម ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សាធារណៈរដ្ឋកូរ៉េ ក៏បានចូលរួមចំណែកសាងសង់មន្ទីពេទ្យអង្គឌួង ដែលជាមន្ទីពេទ្យព្យាបាលរោគត្រចៀក និងរោគភ្នែក ព្រមទាំងបានចូលរួមចំណែកក្នុងការករសាងមន្ទីពេទ្យកុមារជាតិផងដែរ ។ លើសពីនេះ កូរ៉េ និងកម្ពុជា នឹងបន្តសហការសាងសង់ ស្ពានឆ្លងទន្លេមេគង្គនៅឆ្នាំនេះផងដែរ។ ចំណែក ទាក់ទងការអភិវឌ្ឍន៍បច្ចេកវិទ្យាវិជ្ជសាស្ត្រ លោករំពឹងថា ប្រទេសទាំងពីរ នឹងរួមសហការគ្នា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ឲ្យក្លាយជាស្តង់ដាពិភពលោក។

សូមជម្រាបថា រថយន្តក្រុងព្យាបាលចល័តទំហំធំ ចំនួន២គ្រឿង ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអាតូមី មានបំពាក់ម៉ាស៊ីនឌីជីថល សម្រាប់ថតកាំរស្មីអ៊ិច, ម៉ាស៊ីនថតអេកូ, ម៉ាស៊ីនចាប់ចង្វាក់បេះដូង, ម៉ាស៊ីនពិនិត្យឈាម, ម៉ាស៊ីនពិនិត្យភ្នែក និងមានម៉ាស៊ីនសម្រាប់វាស់ និងកាត់វែនតានៅក្នុងនោះផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner