AVIVoice Ep84: ការរំពឹងទុកលើលទ្ធផលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) បាននឹងកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅមុនកិច្ចប្រជុំនេះផងដែរ មាននូវព្រឹត្តិការណ៍នានាជាច្រើនបានកើតឡើងដែលផ្ដល់ជាចំណាប់អារម្មណ៍ដល់មហាជន ក៏ដូចជាអ្នកតាមដានកិច្ចប្រជុំជាច្រើនជាពិសេសគឺវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏ដូចជាព្រឹត្តិការណ៍ថ្មីៗដែលទើបតែកើតមាននៅប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធទៅនឹងការប្រហារជីវិតរបស់សកម្មជនប្រឆាំងជាដើម។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ពុយ គា បានលើកឡើងអំពីការរៀបចំកិច្ចប្រជុំរបស់កម្ពុជាក៏ដូចជាបញ្ហាប្រឈមនិងឱកាសនានាដែលកម្ពុជាទទួលបាននាកិច្ចប្រជុំនេះ ហើយក៏បានពន្យល់អំពីមូលហេតុដែលចំបាច់ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាឱ្យបានឆាប់រហ័សផងដែរ។

សំណួរទី ១៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានកម្ពុជាជាប្រធានដឹកនាំកិច្ចប្រជុំ។ ក្នុងកិច្ចប្រជុំនេះផងដែរ គេសង្កេតឃើញមានព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់ពាក់ព័ន្ធទៅនឹងការអញ្ជើញថ្នាក់ដឹកនាំរុស្ស៊ីដើម្បីឱ្យចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនៅព្រឹត្តិការណ៍ AMM នាពេលខាងមុខនេះ។ ជាបឋម តើ (វាគ្មិន) យល់ឃើញបែបណាពាក់ព័ន្ធទៅនឹងការវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅឯកិច្ចប្រជុំនាពេលខាងមុខនេះ?

ខ្ញុំសូមជម្រាបជូនថា វត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្សុីមកកាន់កិច្ចប្រជុំអាស៊ានមិនមែនជារឿងថ្មី និងមិនមែនជារឿងចម្លែក។ វាជារឿងប្រចាំឆ្នាំដែលរុស្ស៊ីគឺជាដៃគូមួយដ៏សំខាន់របស់អាស៊ាន។ ដូច្នេះ រាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ឬមួយក៏កិច្ចប្រជុំកំពូលគឺតែងមានវត្តមានរបស់មេដឹកនាំរុស្ស៊ីជានិច្ច។ ដូច្នេះ វាមិនមែនជារឿងចម្លែកសម្រាប់កិច្ចប្រជុំអាស៊ាននោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីនៅពេលនេះ មានការចាប់អារម្មណ៍ដោយសារបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ឬហៅថាសង្រ្គាម។ ដូចនេះ ធ្វើឱ្យប្រទសលោកខាងលិច ជាពិសេស NATO ជាមួយនឹងសហរដ្ឋអាមេរិកទៅវិញទេដែលមិនពេញចិត្តនូវវត្តមានរបស់រុស្សុីនៅក្នុងរាល់កិច្ចប្រជុំណាមួយ។ អ៊ីចឹងហើយ ទើបមានការជជែកច្រើនអំពីការមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅពេលនេះ។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសឥណ្ឌូណេសុី បានបញ្ជាក់ជាមួយគ្នាហើយថា ប្រទេសទាំងបីនេះជាសមាជិកប្រជាជាតិអាស៊ាន ហើយត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបីខុសៗគ្នា។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរបស់អាស៊ានមួយឆ្នាំពេញនេះ។ ប្រទេសថៃត្រូវធ្វើជាប្រធានកិច្ចប្រជុំ APEC ដែលជាខាងផ្នែកសេដ្ឋកិច្ច។ ហើយប្រទេសឥណ្ឌូណេស៊ី ត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ G20។ សរុបមក បីប្រទេសនេះបានចេញសេចក្តីថ្លែងការរួមគ្នាថា នៅរាល់កិច្ចប្រជុំដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងចំណោមប្រទេសទាំងបី គឺបានឯកភាពគ្នាធ្វើយ៉ាងណាឱ្យមានវត្តមានរបស់ប្រទេសជាសមាជិកទាំងអស់ ដែលក្នុងនោះរួមទាំងរុស្ស៊ីផងដែរ។ នេះជាសញ្ញាបង្ហាញថា កម្ពុជាអញ្ជើញរុស្ស៊ីមកមិនមែនជារឿងចម្លែកទេ វាគឺជារឿងធម្មតា ប៉ុន្តែប្រទេសផ្សេងៗទេដែលមិនពេញចិត្ត ដែលស្អប់រុស្ស៊ីទៅវិញទេដែលហាក់បីដូចជាមិនចង់ឱ្យកម្ពុជាអញ្ជើញរុស្ស៊ីចូលរួម។

សំណួរទី ២៖ ចំពោះវត្តមានរបស់រុស្ស៊ីក្នុងកិច្ចប្រជុំនេះផងដែរ យើងក៏អាចគិតទុកមុនជាស្រេចបានថានឹងមាននូវការបែងចែកជាប្លុកប្រទេសនៅក្នុងកិច្ចប្រជុំដែលម្ខាងគាំទ្ររុស្ស៊ី និងម្ខាងទៀតប្រឆាំងនឹងរុស្ស៊ី ហើយក៏មានប្លុកដែលឈរលើជំហរអព្យាក្រឹតផងដែរ។ តើវាអាចផ្ដល់ផលលំបាកអ្វីខ្លះដល់កម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងមូល? ហើយកម្ពុជាបានត្រៀមលក្ខណៈអ្វីខ្លះដើម្បីជៀសវាងកុំឱ្យមាននូវស្ថានការណ៍មិនស្រួលណាមួយអំឡុងពេលនៃកិច្ចប្រជុំ?

តាមពិតទៅ វាគឺជាឱកាសល្អសម្រាប់កម្ពុជាទៅវិញទេ នៅពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះបែបនេះ ហើយអាចអញ្ជើញមេដឹកនាំរបស់រុស្ស៊ីមួយរូបដែលជារដ្ឋមន្ត្រីការបរទេស ដែលនេះគឺជាឱកាសសម្រាប់ប្រទេសដទៃទៀតនៅពេលដែលលោកមិនពេញចិត្ត ហើយលោកចង់លើកបញ្ហាអ្វីមួយ គឺលោកអាចលើកយកមកតែម្តង។ ជាទម្លាប់ធម្មតានៅក្នុងរាល់ជម្លោះទាំងអស់ គ្មានជម្លោះណាមួយដែលអាចរកដំណោះស្រាយដោយគ្មានការជួបគ្នាបានទេ។ មានន័យថា គេអាចរកដំណោះស្រាយបាន ទាល់តែមានការចរចារ។ ហើយកន្លងមកនេះ យើងឃើញហើយថា វាមានបញ្ហាអំពីការរកទីតាំងចរចារ ពិបាករកតួអង្គណាមួយមកចរចារ ហើយពិបាករកតួអង្គណាមួយដែលដើរតួជាអ្នកសម្របសម្រួល ឬជាអាជ្ញាកណ្តាល។ ហើយខ្ញុំក៏មិនដឹងដែរថា តើគេមានរៀបចំក្រោយឆាក ក្រៅឆាកបែបណាហើយ។ នេះជារឿងដែលយើងត្រូវតាមដានទាំងអស់គ្នា ដែលវាអាចមានរឿងក្រោយឆាក ដែលគេបានរៀបចំថា នឹងមានកិច្ចសម្របសម្រួល ឬកិច្ចចចារណាមួយដែលមិនមានអ្នកដឹង។ អ៊ីចឹង យើងចាំមើលឱកាសនោះ។ ផ្ទុយទៅវិញ ចំពោះកម្ពុជា បើសិនជាអត់មានអ្វីទាំងអស់ អត់មានប្រទេសណាមួយចង់ដើរតួជាអ្នកសម្របសម្រួល អាជ្ញាកណ្តាល ឬមួយក៏ជជែកផ្ទាល់ជាមួយនឹងភាគីរុស្ស៊ីនោះទេ ប៉ុន្តែចាំតែវាយរុស្ស៊ីទៅវិញ ក្នុងករណីនេះអាចធ្វើឱ្យកម្ពុជាពិបាកក្នុងពេលដែលចេញឯកសារ។ ប្រសិនបើមានប្រទេសច្រើន ឧទាហរណ៍ថា ប្លុកណាតូដែលជាប្លុកដែលប្រឆាំងនឹងរុស្ស៊ី ទាមទារឱ្យប្រើពាក្យធ្ងន់ៗប្រឆាំងនឹងរុស្ស៊ី ហើយកម្ពុជាជាម្ចាស់ផ្ទះដែលត្រូវសម្របសម្រួលត្រូវថ្នាក់ថ្នមដោយសារមានការចូលរួមពីខាងរុស្ស៊ីដែរ។ នេះហើយដែលជាការប្រទាំងប្រទើសបន្តិច ប៉ុន្តែវានៅតែជាឱកាសរបស់កម្ពុជា ហើយចំពោះភាសាយ៉ាងណានោះ ខ្ញុំគិតថា កម្ពុជាបានមានបទពិសោធន៍គ្រប់គ្រាន់បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពីរកាលពីឆ្នាំ២០០២ និងឆ្នាំ២០១២ ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ ហើយក៏ធ្លាប់ឆ្លងកាត់នូវបញ្ហាដែលឯកសារចេញមិនរួចដែរ។ ដូច្នេះ កម្ពុជាឆ្លងកាត់នូវបទពិសោធន៍ទាំងពីរលើកនោះ ខ្ញុំគិតថានឹងដោះស្រាយបានដោយគ្មានអ្វីដែលគួរបារម្ភទេ។

សំណួរទី ៣៖ ពាក់ព័ន្ធទៅនឹងការប្រហារជីវិតសកម្មជនគណបក្សប្រឆាំងនៅមីយ៉ាន់ម៉ាចំនួនបួននាក់ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ភូមាកាលទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដែលយើងឃើញថានេះជាបញ្ហាមួយដ៏រសើបចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នេះ។ តើបញ្ហានេះអាចផ្ដល់នូវផលបច្ច័យអ្វីខ្លះទៅដល់កិច្ច AMM និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនាពេលខាងមុខ? តើវាអាចប៉ះពាល់ទៅដល់វត្តមានរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅកិច្ចប្រជុំនោះដែរឬទេ?

ចំណុចទី១៖  វត្តមានរបស់រដ្ឋមន្ត្រីប្រទេសភូមា គឺអត់មានទេ ហើយកម្ពុជាបានបញ្ជាក់ច្បាស់ថា អញ្ជើញអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយ។ ប៉ុន្តែមកដល់ពេលនេះ ខាងប្រទេសភូមាបានបញ្ជាក់ហើយថា នឹងមិនមានបញ្ជូនតំណាងណាដើម្បីឱ្យមកចូលរួមទេ។ មានន័យថា កៅអីរបស់ភូមានៅទំនេរតែម្តង ក៏ប៉ុន្តែ កម្ពុជាបានបញ្ជាក់ច្បាស់ថា ទោះបីជានៅទំនេរក៏ដោយ គាត់អាចនៅមានឱកាសដើម្បីចូលស្តាប់តាម Zoom Video Conference ដែលបើកឱកាសឱ្យចូលស្តាប់បាន ប៉ុន្តែមិនមានការបញ្ចេញមតិអ្វីទេ។

ចំណុចទី២៖ បញ្ហាដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយកម្ពុជាបានប្រឹងប្រែងក្នុងតួនាទីជាម្ចាស់ផ្ទះផង ហើយជាបេសកជនពិសេសរបស់ប្រធានអាស៊ាននេះផង បានធ្វើការងារជាមួយនឹងភូមាច្រើនណាស់ចាប់តាំងពីប្រទេសកម្ពុជាមិនទាន់ក្លាយជាប្រធានអាស៊ានផង។ ហើយបន្ទាប់ពីក្លាយជាប្រធានអាស៊ាននេះ គឺកម្ពុជាបានធ្វើដំណើរទស្សនកិច្ចម្តងហើយម្តងទៀត ដែលសម្តេចតេជោហ៊ុនសែនក៏បានអញ្ជើញទៅ ហើយបេសកជនពិសេសក៏បានអញ្ជើញទៅពីរដងរួចមកហើយ និងនៅធ្វើការឆ្លងឆ្លើយតាមប្រព័ន្ធ Video Conference ការសន្ទនាតាមទូរស័ព្ទ-ល-។ ប៉ុន្តែយ៉ាងណាក៏ដោយ ដូចដឹងតាំងពីដើមមកហើយ មានប្រទេសជាច្រើនទាំងលោកខាងលិច ដូចជាអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសជប៉ុនដែលមានទំនាក់ទំនងល្អជាមួយនឹងភូមា ក៏បាននិយាយហើយថា វាមិនងាយស្រួលនៅក្នុងការធ្វើការងារជាមួយនឹងរបបយោធាភូមាទេ។ យ៉ាងណាក៏ដោយ កម្ពុជាបានប្រឹងប្រែងអស់ពីលទ្ធភាព ចុងបញ្ចប់នៅតែមិនបាននូវអ្វីដែលកម្ពុជារំពឹងទុក។ នេះគីជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់ភូមា ដែលជាការបង្កើតនូវបញ្ហារបស់ខ្លួនឯងទៅវិញទេ នៅពេលដែលប្រទេសដទៃទៀត គឺអាស៊ានទាំងមូល ជាពិសេសគឺកម្ពុជា ក៏ដូចជាអន្តរជាតិដទៃទៀត ខំព្យាយាមប្រឹងប្រែងយ៉ាងណាអំពាវនាវសូមឱ្យភូមាវិលត្រឡប់មកសភាពដើមវិញ ឬមួយក៏ជួបចរចារ ឬក៏សម្រួលនូវស្ថានភាពដ៏លំបាកនូវរបបអំពើហិង្សានានានោះ។ តែយ៉ាងណាក៏ដោយ ភូមាខ្លួនឯងហាក់ដូចជាដើរកាន់តែឆ្ងាយ ពីអន្តរជាតិ និងសូម្បីតែអាស៊ាន។ នេះគឺជាបញ្ហាមួយថ្មី ហើយក៏ជាឱកាសមួយទៀតដែរ បន្ទាប់ពីអាស៊ាន និងសហគមន៍អន្តរជាតិខំធ្វើការមួយរយៈនេះមិនបានជោគជ័យ អាចប្រហែលជាឱកាសដែលកម្ពុជានឹងរកមធ្យោបាយផ្សេង និងជជែករកដំណោះស្រាយផ្សេងទៀត ដើម្បីធ្វើការជាមួយភូមា។

សំណួរទី ៤៖ ទង្វើនៃការប្រហារជីវិតសកម្មជនប្រឆាំងរបស់របបសឹកយោធា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំ ក៏ដូចជាការកសាងទំនុកចិត្តនិងការប្ដេជ្ញាចិត្តរបស់របបសឹកយោធាទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងអាស៊ានទាំងមូល ក្នុងការស្វែងរកដំណោះស្រាយជូនមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពវិញ។ ចំពោះការយល់ឃើញរបស់ (វាគ្មិន) តើអាស៊ានគួរតែបន្តដើរតាមគន្លងនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥បន្តទៀត ឬគួរបង្កើតនូវយន្តការថ្មីសម្រាប់បង្កើននូវប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ឬយ៉ាងណា?

អាស៊ានបានបញ្ជាក់ហើយ ជំហររបស់អាស៊ានគឺនៅតែបន្តសុំឱ្យភូមាបន្តនូវចំណុចឯកច្ឆន្ទទាំង ៥ ចំណុច។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អាស៊ានបានសម្តែងនូវភាពមិនពេញចិត្ត ហើយសោកស្តាយជាទីបំផុតនៅពេលដែលអាស៊ានខំប្រឹងប្រែង ហើយអំពាវនាវម្តងហើយម្តងទៀត ប៉ុន្តែភូមាហាក់ដូចជាមិនបានទទួលយកនូវសំណើរបស់អាស៊ានដែលជាសមាជិកគ្រួសារតែមួយនៅក្នុងសហគមន៍ដែលបានរួមរស់ជាមួយគ្នាច្រើនឆ្នាំណាស់មកហើយ។ ដូចដែលបានបញ្ជាក់ខាងដើម ប្រហែលវាជាឱកាសថ្មីមួយទៀតហើយសម្រាប់ប្រទេសអាស៊ាន ៩ ទៀតដែលនឹងត្រូវជជែក ពិភាក្សាគ្នាថាតើគួរដើរទៅផ្លូវណាដើម្បីចាប់ផ្តើមសើរើឡើងវិញនៅក្នុងរបៀបបែបបទធ្វើការជាមួយនឹងប្រទេសភូមា ឱ្យមានប្រសិទ្ធភាពជាងនេះ។

សំណួរទី ៥៖ ជារួម តើ (វាគ្មិន) រំពឹងអ្វីខ្លះចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥? ហើយតើវាអាចនឹងផ្ដល់នូវដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាប្រឈមនានាក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល?

ជាទម្លាប់របស់អាស៊ានមុននឹងកិច្ចប្រជុំពេញអង្គរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបែបនេះ គឺមានកិច្ចប្រជុំចង្អៀត ឬហៅថា RETREAT ដែលកិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដែលជជែកអំពីរឿងរ៉ាវក្រៅឆាកច្រើន ដែលរាល់បញ្ហាដែលក្តៅៗនឹងយកជជែកនៅពេលនោះតែម្តង។ ហើយបន្ទាប់មក នៅពេលដែលកិច្ចប្រជុំពេញអង្គ គឺយកខ្លឹមសារដែលជជែកក្រៅឆាកនោះមកដាក់ដើម្បីសម្រេចចុងក្រោយ។ បន្ទាប់មកទៀត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះគឺមានប្រធានបទច្រើនណាស់មិនមែនមានតែបញ្ហាភូមាមួយទេ។ ក្នុងនោះ បើយើងនិយាយអំពីបញ្ហាតំបន់ យើងឃើញថា បញ្ហាសមុទ្រចិនខាងត្បូងមិនទាន់ចប់នៅឡើយទេ ហើយបញ្ហាភូមា ជាបញ្ហាដែលក្តៅជាងគេក្នុងពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀត បញ្ហាតៃវ៉ាន់ និងប្រទេសចិន ហើយអ្វីដែលឆ្ងាយរបស់ពិភពលោកទាំងមូលនោះគឺបញ្ហាសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី។ ដូច្នេះ វាមានប្រធានបទច្រើនហើយទន្ទឹមនឹងមានប្រធានបទច្រើនធំៗនោះ ក៏មានបញ្ហាចំពោះមុខរបស់អាស៊ានទាំងមូលក៏ដូចជាពិភពលោក គឺបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ក៏មិនទាន់ចប់ដែរ។ ដូច្នេះ អាស៊ានត្រូវជជែកគ្នាថាតើក្នុងតំបន់យើងត្រូវធ្វើអ្វីតទៅទៀត ក្នុងក្របខណ្ឌពេលដែលកូវីដមិនទាន់ចប់ ហើយប្រសិនបើកូវីដចប់ ត្រូវធ្វើយ៉ាងណាបន្តទៀត ជាពិសេសទាក់ទងទៅនឹងផ្នែកសេដ្ឋកិច្ច ដែលត្រូវស្តារសេដ្ឋកិច្ចគ្រប់ប្រទេសទាំងអស់ដែលកំពុងតែជួបវិបត្តិធ្ងន់ធ្ងរទាក់ទងទៅនឹងសេដ្ឋកិច្ច។ ដូចដែលយើងឃើញហើយថា បញ្ហាតម្លៃសាំងមិនថាតែនៅប្រទេសកម្ពុជាទេ គឺនៅទូទាំងពិភពលោក ដែលនេះគឺជាបញ្ហាធំ។ អ៊ីចឹងហើយ ក្រៅពីនេះ ក៏ត្រូវគិតដល់បញ្ហាស្នូលរបស់អាស៊ានតទៅទៀត ថាតើអាស៊ានចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ឬ ៥ឆ្នាំតទៅមុខទៀតនឹងត្រូវធ្វើអ្វីខ្លះ? ប៉ុន្តែឥឡូវនេះ បញ្ហាធំចំពោះមុខ ទន្ទឹមនឹងការជជែកថាអាស៊ាននឹងត្រូវធ្វើអ្វី អាស៊ានមួយមើលទៅហាក់បីដូចជាឃ្លាតចេញពីអាស៊ាន១០ ហើយវាដូចជាមានផ្លូវបំបែកដែលធ្វើឱ្យអាស៊ានសព្វថ្ងៃប្រៀបបានដូចជាអាស៊ានដកមួយទៅហើយ។ ដូច្នេះ ផ្លូវរបស់អាស៊ាននៅតែបន្តជាអាស៊ាន ១០ ទៀត ឬក៏ដកមួយសល់តែ ៩ ឬក៏យ៉ាងមិច។ នេះគឺជាបញ្ហាធំដែលអាស៊ានត្រូវជជែកគ្នាយ៉ាងច្រើននៅកិច្ចប្រជុំខាងមុខ។

***************

វាគ្មិនកិត្តិយស៖ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មានក្យូដូជប៉ុន ប្រចាំរាជធានីភ្នំពេញ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner