លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា ពី ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពី តំណាង/តំណាងរងប្រចាំអោយឆានៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។

កិច្ចប្រជុំពិសេសនេះ បានពិភាក្សាបញ្ចប់និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ អាយឆា និងសេចក្តីថ្លែងការណ៍របស់ប្រធានអាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៥៥។ កិច្ចប្រជុំក៏បានឯកភាពក្នុងការបញ្ចូនអានុសាសន៍ទាំងឡាយ ដែលទទួលបានពីកិច្ចសន្ទនាថ្នាក់ តំបន់៖ស្វ័យវាយតម្លៃលើវឌ្ឍនភាពរយៈពេល១០ឆ្នាំរបស់អាយឆា ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥។ កម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣ ក៏ត្រូវបានពិភាក្សាបញ្ចប់ សម្រាប់ការបញ្ជូនទៅគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ហើយបន្តដាក់ជូនកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីអនុម័ត។

វឌ្ឍនភាពនៃការអនុវត្តកម្មវិធីនិងសកម្មភាពអាទិភាពនានារបស់អាយឆា ក៏ត្រូវបានលើកមក ពិភាក្សា រួមមាន សិទ្ធិកុមារ សិទ្ធិមនុស្សនិងបរិស្ថាន ការជួញដូរមនុស្ស ធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិ ទទួលបានទឹកស្អាតនិងអនាម័យ និងសិទ្ធិទទួលបានការអប់រំ ជាដើម។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការ ត្រៀមរៀបចំកម្មវិធីខួប១០ឆ្នាំនៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ ភ្នំពេញស្តីពីការអនុម័ត AHRD កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន និងកិច្ចសន្ទនាស្ដីពីគោលនយោបាយ សិទ្ធិមនុស្សអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ដែលគ្រោងនឹងរៀបចំធ្វើក្នុងឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងអាយឆាក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន ឯកឧត្តម Lim Jock Hoi ដោយបានពិភាក្សាទៅលើវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារប្រាំឆ្នាំ ២០២១-២០២៥ របស់អាយឆា និងការបញ្ចូលសិទ្ធិមនុស្សទៅក្នុងដំណើរការនៃស្តារឡើងវិញពីផល ប៉ះពាល់ដែលបង្កឡើដោយជំងឺរាតត្បាតជាសកល ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ តំណាងអាយឆា មានកិច្ចជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន អំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចជំនួបនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈគ្នាត្រង់ទៅត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងអោយឆាទាំងអស់ លើស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់។ ដោយការទទួលស្គាល់ពីតួនាទី ដ៏សំខាន់របស់អាយឆា និងការរួមវិភាគទានដ៏ចាំបាច់របស់អាយឆាក្នុងការកសាងសហគមន៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីនូវការគាំទ្រដល់អាយឆា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស។ អាយឆាក៏បានធ្វើសេចក្ដីថ្លែងការណ៍ និងបាន បញ្ជូនរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅ ក្នុងកិច្ចជំនួបនេះផងដែរ។

ជាចុងក្រោយ តំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការកោតសរសើរនិងសាទរចំពោះអាយឆា-កម្ពុជា ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំ នេះបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner