រដ្ឋមន្រ្តីការបរទេសម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម រដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសា បានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ និងទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជា នៅក្នុងវេទិកា តំបន់ និងអន្តរជាតិនានា ដែលស្តែងឱ្យឃើញតាមរយៈកិច្ចប្រជុំកំពូលចំនួន២ រវាងនាយករដ្ឋមន្រ្តីនៃ ប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាព ពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ខណៈឆ្នាំក្រោយ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសា បានគូសបញ្ជាក់ថា ជប៉ុនកំពុងពិចារណាលើសំណើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ខាងលើ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងសន្តិសុខ និងការកសាងសមត្ថភាពដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលយកដោយក្តីរីករាយនូវការអញ្ជើញរបស់សមភាគី ជប៉ុនរបស់ឯកឧត្តម ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននៅក្នុងឆ្នាំនេះ។

តបទៅនឹងសំណើរបស់ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់ឯកឧត្ដម អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់អំពីវឌ្ឍនភាពមួយចំនួនដែលសម្រេចបាន និងបានសង្កត់ធ្ងន់ថា ឯកឧត្ដមនឹងបន្តកិច្ចខិតខំប្រឹងប្រែង រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ឯកឧត្ដមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា ទោះបីជាមានការដើរថយក្រោយ តាមរយៈការប្រហារជីវិតនាពេលថ្មីៗនេះក៏ដោយ។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។

នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជា សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ឆ្នាំ២០២៣ ដើម្បីរំលឹកខួបឆ្នាំទី៥០ ជា «ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ» និងចំពោះបំណង របស់ប្រទេសជប៉ុនក្នុងការកសាង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា បានអះអាងជាថ្មីនូវការគាំទ្រដ៏មុតមាំរបស់ជប៉ុនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ពលជ័យ

ads banner