ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រៅពីការគាំទ្រទាំងស្មារតី និងកម្លាំងចិត្ត ឲ្យពួកគាត់មានភាពកក់ក្តៅ យើងត្រូវនៅជាមួយពួកគាត់គ្រប់កាលៈទេសៈ

សូឡូ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈប្រតិភូកីឡាជនពិការកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីមានមោទនភាព និងកក់ក្តៅដែលបានឃើញផ្ទាល់នូវឆន្ទៈ ស្មារតី ការលះបង់ និងស្នាមញញឹមរបស់អត្តពលិកជនពិការកម្ពុជាដែលកំពុងប្រកួត។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ៖«ក្នុងនាមខ្ញុំជាសមាជិកគណៈប្រតិភូមួយរូប ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូបពិតជាមានការសាទរ និងមោទនភាពចំពោះអ្វីដែលកីឡាករ កីឡាការិនីរបស់យើងសម្រេចបាននៅទឹកដីសូឡូ ក្នុងការប្រកួតប្រជែងនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ អ្វីដែលជាការខំប្រឹងប្រែង ការត្រៀមខ្លួនរបស់គាត់ តំណាងឲ្យប្រទេសទាំងមូល ទាំងប្រជាពលរដ្ឋ១៧លាន ហើយសម្រេចបាននូវភាពជោគជ័យប៉ុណ្ណេះគឺពិតជាអស្ចារ្យមែនទែន។ ខ្ញុំគ្មានអ្វីក្រៅពីការសាទរ មោទនភាព និងកោតសរសើរចំពោះការប្រឹងប្រែងរបស់ពួកគាត់តំណាងឲ្យប្រទេសជាតិ»។

ឯកឧត្តម បន្តថា ការប្រកួតប្រជែងឈ្នះចាញ់ដើម្បីមេដាយគឺជាកត្តាមួយ ប៉ុន្តែកីឡានេះ ដោយសង្កេតជារួម មិនត្រឹមតែកីឡាករ កីឡាការិនីកម្ពុជាប៉ុណ្ណោះទេ គឺលើកស្មារតី គុណតម្លៃរបស់ជនមានពិការភាពទាំងអស់។ ពីព្រោះការពុះពាបានបង្ហាញពីការលះបង់ ប្រកួតដោយស្នាមញញឹមដើម្បីប្រទេសជាតិ ។

ស្មារតីនេះ ឆន្ទៈនេះ ការរស់នៅនេះ និងការពុះពារបស់គាត់នេះ ស្នាមញញឹមរបស់គាត់នេះ គឺធ្វើឲ្យខ្ញុំមានភាពកក់ក្តៅមែនទែន»។ ជាការតាមពិត ខ្ញុំវិញទេដែលគួរតែអរគុណពួកគាត់ និងមានកិត្តិយសដែលបានចូលរួមជាមួយពួកគាត់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ បានផ្តល់មកឲ្យខ្ញុំដឹកនាំគណៈប្រតិភូចូលរួមប្រកួតអាស៊ានហ្គេមនេះ ដើម្បីស្វែងយល់ពីពួកគាត់ និងបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំក្នុងជីវិត ។

បើសិនមិនបាននៅជាមួយពួកគាត់ លើកទឹកចិត្តពួកគាត់ កំដពួកគាត់ ទោះលទ្ធផលយ៉ាងណាក៏ដោយ ប្រហែលខ្ញុំមិនបានស្វែងយល់ ស៊ីជម្រៅបន្ថែម ថាតើមានលក្ខណៈពិសេសយ៉ាងណា ដែលយើងត្រូវការយកចិត្តទុកដាក់ដល់ពួកគាត់។ ការគាំទ្រនេះទាំងស្មារតី និងកម្លាំងចិត្តទាំងនៅពេលឈ្នះ ឬចាញ់ ទោះក្នុងកាលៈទេសៈណាដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ យើងត្រូវនៅជាមួយពួកគាត់គ្រប់កាលៈទេសៈ»។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៣គ្រឿង មាស៦ ប្រាក់៨ និងសំរឹទ្ធ៩គ្រឿង ។ ខណៈកម្ពុជានៅសល់៣ប្រភេទកីឡាទៀត គឺកីឡាហែលទឹក ៣វិញ្ញាសា កីឡាលើកទម្ងន់ និងបាល់បោះជិះរទេះនារី វិញ្ញាសា៥ទល់៥ នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាការិនីថៃ នៅថ្ងៃទី៥នេះ ម៉ោង១១:០០ ថ្ងៃត្រង់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner