ប្រធានកីឡាករបាល់ទះអង្គុយកម្ពុជា ផ្ញើជូនមេដាយមាសដល់ពលរដ្ឋខ្មែរទាំងអស់

សូឡូ៖ ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាសូមជូនមេដាយមាសដល់ប្រជាជនកម្ពុជាទាំងអស់ បន្ទាប់ពីបានយកឈ្នះក្រុមថៃដោយលទ្ធផល ៣សិត១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

មេដាយមាសនេះគឺជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជា បន្ទាប់ពីធ្លាប់ឈ្នះមេដាយប្រាក់ពីរដងក្នុងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០១៣ (លើកមកដើមឆ្នាំ២០១៤) និងឆ្នាំ២០១៧។

កីឡាករ អ៊ូ ផល្លា ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានបង្ហាញក្រោយឈ្នះមេដាយមាសថា ៖«ជាដំបូង ខ្ញុំសូមអរគុណជាពិសេសដល់សម្តេចតេជោដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងឯកឧត្តម នេត សាវឿន និងឯកឧត្តម ស សុខា ដែលបានជួយថវិកាក្នុងការធ្វើដំណើរដល់កីឡាករយើង»។

ប្រធានក្រុមរូបនេះបន្តថា ៖«ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់។ តាំងពីខ្ញុំចេះលេងកីឡា១០ទៅ២០ឆ្នាំមក ថ្ងៃនេះគឺជាពេលវេលារំភើបរីករាយបំផុតដែលទទួលបានមេដាយមាស។ ខ្ញុំសូមអរគុណប្រជាជនកម្ពុជាដែលបានគាំទ្រកីឡាបាល់ទះអង្គុយពួកយើងនៅថ្ងៃនេះ។ ពួកយើងអាចធ្វើបានជូនជាតិកម្ពុជា»។

បន្ទាប់ពីឈ្នះ២សិតដំបូង ក្រុមកីឡាករបាល់ទះអង្គុយថៃបានវាយបកយកឈ្នះនៅសិតទី៣ដែលធ្វើឲ្យការប្រកួតបន្តទៅសិតទី៤។ ពាក់ព័ន្ធនឹងបរាជ័យនៅក្នុងសិតទី៣នេះ កីឡាករ អ៊ូ ផល្លា បានប្រាប់ថា ៖«ពេលខ្លះបែកអារម្មណ៍ លេងអត់ត្រូវគ្នា ធ្វើឲ្យការលេងអត់បានល្អ ធ្វើឲ្យចាញ់សិតទី៣។ សិតទី៤យើងបានសហការគ្នាល្អ ហើយយើងបានតាំងចិត្តទាំងអស់គ្នាថា ធ្វើយ៉ាងណាឲ្យឈ្នះសិតទី៤។ ទីបំផុតយើងធ្វើបាន យកបានមេដាយមាសជាតិ»។

«កត្តាសំខាន់ដែលធ្វើឲ្យក្រុមកម្ពុជាយើងឈ្នះគឺបិទជើងក្រោមល្អ។ អ្វីដែលសំខាន់គឺសាមគ្គីគ្នា និងការប្តេជ្ញាចិត្ត»។ ប្រធានក្រុមរូបនេះបានសង្កត់ធ្ងន់។ កីឡាករ អ៊ូ ផល្លា បានបន្ថែមថា ៖«ខ្ញុំអរគុណ និងកោតសរសើរដល់ប្រជាជនឥណ្ឌូនេស៊ីដែលបានគាំទ្រដល់កីឡាករកម្ពុជា។ មេដាយមាសនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមជូនមេដាយមាសនេះដល់ប្រជាជនកម្ពុជាទាំងអស់ និងក្រុមគ្រួសាររបស់ខ្ញុំ»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner