រដ្ឋមន្ត្រីការបរទេសកម្ពុជា-អូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលលី លោកជំទាវ ផេននី វង (Penny Wong) បានជួបពិភាក្សាទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ផេននី វង បានរំលឹកឡើងវិញអំពីកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីខែមិថុនាកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអូស្រ្តាលី ដែលបានគាំទ្រដល់ដំណើរការសន្តិភាពនៅកម្ពុជា និងជំនួយជាបន្ទាប់ដែលមិនអាចកាត់ថ្លៃបានរបស់អូស្រ្តាលី ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេស ជំនួយវ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់កុមារ ចំនួន២០០,០០០ដូស ដែលទើបបានដឹកជញ្ជូនមកដល់ជាលើកទី១ នាពេលថ្មីៗនេះ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយសង្កត់ធ្ងន់អំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានានៃវិបត្តិនៅមីយ៉ាន់ម៉ា និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចខិតខំរបស់ឯកឧត្តមក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យ វិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ផេននី វង ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងអន្តរជាតិដ៏ទៃទៀត ដែលជាកង្វល់រួមផងដែរ៕
ដោយ៖ពលជ័យ

ads banner