ទំព័រដើមPolitico 360ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះ​សំណាល និងសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះ​សំណាល និងសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី 

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេ បញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោកជំទាវ ផេននី វង់  (Penny Wong) រដ្ឋមន្ត្រី ការបរទេសអូស្រ្តាលី នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ខណៈពេលដែលលោកជំទាវ កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានរំលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។ ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។

ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួនក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀតដល់ប្រទេសកម្ពុជា។ 

ភាគីទាំងពីរ ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់៕

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម