ឯកឧត្តម នេត្រ ភក្រ្តា៖គម្រោងទឹកស្អាត និងអនាម័យបានជួយសិស្ស ប្រជាសហគមន៍បានទទួលទឹកស្អាតប្រើប្រាស់ និងថែមទាំងជួយកាត់បន្ថយប្លាស្ទិក

ខេត្តសៀមរាប ៖ការតម្លើងធុងទឹកចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍ ប្រើប្រាស់នៅតាមសាលារៀនមិនត្រឹមតែជួយក្នុងការកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍ទេ ប៉ុន្តែជាផ្នែកមួយសំខាន់ក្នុងការផ្តល់នូវគុណភាពទឹកស្អាតសម្រាប់ប្រើប្រាស់ដែលជាផ្នែកផ្តល់នូវសុខភាពនិងការចំណាយថវិកាទិញទឹកបរិភោគថែមទៀត ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោង របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។

ក្នុងពិធីនេះ ឯកឧត្តម រដ្ឋលេខាធិការបានចុះពិនិត្យធុងទឹកស្អាតនៅ អនុវិទ្យាល័យតាប៉ាង ស្ថិតនៅក្នុង ភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម បានមានប្រសាសន៍ថា “គោលបំណងសំខាន់នៃគម្រោងនេះគឺជាផ្នែកមួយដែលក្រសួងបរិស្ថានបានសហការជាមួយអង្គការជឿជាក់លើសិស្សជនបទក្នុងការធ្វើឱ្យសហគមន៍នៅក្នុងខេត្តសៀមរាបមិនមានប្លាស្ទិក។យើងចាប់ផ្តើមពីសាលារៀនទៅ ក្នុងនេះយើងបានចែកដបទឹកដែលអាចប្រើប្រាស់ជំនួសដបប្លាស្ទិក។ក្រៅពីនេះយើងក៏ផ្តល់នូវប្រភពទឹកស្អាតដែលក្រៅពីមិនត្រឹមជួយដល់សុខភាពទេ វាក៏នៅផ្តល់គុណភាពទឹកស្អាត ហើយនៅជាផ្នែកមួយកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិកនិងការចំណាយទិញទឹកសម្រាប់បរិភោគថែមទៀត”។

ឯកឧត្តមមានប្រសាសន៍ថា “ អញ្ចឹងការផ្តល់ទឹក និងដបទឹកសម្រាប់សិស្សានុសិស្សនេះគឺជាផ្នែកមួយពង្រឹងផ្នែកបរិស្ថានដើម្បីធ្វើយ៉ាងណាកុំឱ្យសាលានេះមានប្លាស្ទិកនិងការកាត់បន្ថយចំណាយលើការទិញទឹកបរិភោគ”។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថា បើយោងតាមទិន្នន័យសិក្សាបានឱ្យដឹងថាសាលារៀនជុំវិញឧទ្យាជាតិអង្គរដែលស្ថិតក្នុងសហគមន៍មានរហូតដល់៥៤សាលារៀន ហើយក្នុងចំណោមនេះយើងបានដាក់ធុងទឹកស្អាតបានចំនួន២សាលា និង៣សាលាទៀតកំពុងដំណើរការ។ក្នុងគម្រោងនេះគេនឹងដំណើរការបន្តបន្ទាប់ទៀត។តាមពិគម្រោងនេះគេបានចាប់ផ្តើមតាំងតែមុនការផ្ទុះនៃជំងឺកូវីដ១៩ ប៉ុន្តែដោយសារកូវីដ១៩ផ្ទុះទៅយើងបានផ្អាក ហើយពេលនេះយើងបានចាប់ផ្តើដំណើរការគម្រោងនិងចាប់ផ្តើមធ្វើបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាតាមគម្រោងនឹងផ្តល់ដបទឹកចំនួន៤ម៉ឺនដល់សិស្សានុសិស្សដែលកំពុងរៀននៅជុំវិញតំបន់ឧទ្យាជាតិអង្គរនេះ។ជាគោលដៅសំខាន់មួយក្នុងការចូលរួមជាមួយក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ដែលធ្វើឱ្យបរិស្ថានក្នុងតំបន់ទេសចរណ៍នេះគ្មានបំពុលដោយប្លាស្ទិក ហើយក្នុងសហគមន៍របស់គាត់ក៏គ្មានសំរាមប្លាស្ទិកដែរ។

គួររំលឹកថាគម្រោងទឹកស្អាត និងអនាម័យ (Project W) ជា គម្រោងមួយដែលមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។ គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន ៥ សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ អនុវិទ្យាល័យ តាប៉ាង អនុវិទ្យាល័យខ្ចាស់ និង វិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន ៤៩ សាលា បន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។ នេះគឺជាគម្រោងមួយជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ និងផឹកដោយឥតគិតថ្លៃ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner