អគ្គនាយកកីឡា គាំទ្រការផលិតធនធានកីឡាស្នូកឃ័រ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំប្រកួតកីឡាស្នូកឃ័រ ពានរង្វាន់ King Snooker Cup ២០២២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា សហការជាមួយក្លិប King Snooker Sport Club ដើម្បីផលិតធនធានឆ្នើមៗ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងឱកាសបើកការប្រកួតជាផ្លូវការ King Snooker Cup នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅក្លិប King Snooker Sport Club ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកបច្ចេកទេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្តល់ការលើកទឹកចិត្តដល់កីឡាករស្នូកឃ័រ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គប្បីខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យលាភីសម្រាប់ខ្លួនឯងផង និងដើម្បីឲ្យគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធជំនាញសម្រិតសម្រាំងបានធនធានឆ្នើមៗបន្ថែម សម្រាប់គោលដៅឆ្ពោះទៅប្រកួតប្រជែង នាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានចាត់ទុកថា តាមរយៈការរៀបចំការប្រកួតនេះ នឹងដុសខាត់សមត្ថភាពបន្ថែមឲ្យកាន់តែមុតស្រួច សម្រាប់មន្ត្រីបច្ចេកទេស នៃគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។ បន្ថែមពីលើនេះ តាមរយៈការប្រកួតកាន់តែច្រើន នោះសកម្មភាពក្លិបកាន់តែផុសផុល ក្នុងការស្រូបទាញធនធានកីឡាករបន្ថែម ហើយសហព័ន្ធក៏មានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀតផងដែរ។ «ក្នុងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រួមទាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា រួមទាំងក្លិបកីឡាស្នូកឃ័រទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា កម្លាំងកាយចិត្ត ស្មារតី សម្ភារ និងថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាស្នូកឃ័រកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត»។

«ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយដំណើរការឆ្ពោះទៅស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ដោយមានបាវចនា គឺកីឡារស់ក្នុងសន្តិភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចដាក់បញ្ចូលប្រភេទកីឡាស្នូកឃ័រ ទៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះ សូមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សហព័ន្ធ ក៏ដូចជាការប្រកួតនេះ ដើម្បីរួមគ្នាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ»។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានបន្ថែម។

ជាមួយនឹងការខិតខំរួមគ្នា នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឲ្យទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា ពង្រឹងការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដើម្បីពន្លឿនផែនការអភិវឌ្ឍនៃគោលដៅចម្បងទាំងនេះ ឲ្យទាន់ពេលវេលាផងដែរ។

ជាមួយគ្នានោះ លោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តំណាងប្រធានសហព័ន្ធ ឯកឧត្តម ជុំ កុសល បានលើកឡើងដែរថា ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ យើងត្រូវការទាមទារពីគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ក្នុងគោលបំណងចម្បងដើម្បីដណ្តើមមេដាយជូនជាតិ។ លោកអនុប្រធានបន្ថែមថា សហព័ន្ធនឹងបន្តការខិតខំរៀបចំការប្រកួតឲ្យបានកាន់តែច្រើន ដើម្បីឲ្យកាន់តែស្ទាត់ជំនាញលើផ្នែកបច្ចេកទេស អាចឈានទៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា King Snooker Cup រដូវកាល ២០២២នេះនឹងដំណើរការប្រកួតរយៈពេល៣សប្តាហ៍ ដើម្បីស្វែងរកកីឡាករឆ្នើមៗប្រចាំព្រឹត្តិការណ៍ ហើយជាឱកាសឆ្ពោះទៅក្លាយជាកីឡាករជម្រើសជាតិនាពេលខាងមុខ ខណៈសហព័ន្ធនឹងរៀបចំការប្រកួតដ៏ធំមួយទៀត នាខែវិច្ឆិកា ឆ្នាំ២០២២ គឺការប្រកួតកីឡាជាតិ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលគោលបំណងចម្បងរបស់កីឡាជាតិរៀងរាល់២ឆ្នាំម្តងនេះ តម្រង់ទិសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ King Snooker Cup នេះ មានកីឡាករចូលរួមចំនួន ១៦នាក់ ដែលចែកចេញជា ៤ពូល ក្រោមកិច្ចសហការជាមួយ King Snooker Sport Club និងការឧបត្ថម្ភដោយភេសជ្ជៈវីតាមីន Blue៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner