ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ពិធីចុះហត្ថលេខានេះ ក្រសួងបរិស្ថានតំណាងដោយ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត និងក្រុមហ៊ុនមិត្តហ្វូនតំណាងដោយលោក Nhong Din Than អគ្គនាយករង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាច្រើនរូបទៀត ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ មានគោលបំណងគាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។

តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុនមិត្តហ្វូន នឹងគាំទ្រនូវសកម្មភាពមួយចំនន រួមមាន៖ ១) ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ២)ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ៣)ការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ៤) ការជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ៥) ការបង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ ៦) ការបង្កើតប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និង ៧) ការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner