ប្រទេស G7 ទាមទារឱ្យរុស្ស៊ីប្រគល់រោងចក្រនុយក្លេអ៊ែរឱ្យអ៊ុយក្រែនវិញ

ម៉ូស្គូ៖ ក្រុមប្រទេស G7 បានប្រកាសទាមទារថា រុស្ស៊ីត្រូវតែប្រគល់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporozhye) ដែលខ្លួនបានរឹបអូសកាលពីដើមខែមីនា ទៅឱ្យមន្ត្រីអ៊ុយក្រែនវិញ។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា យើងទាមទារឱ្យរុស្ស៊ីប្រគល់ការគ្រប់គ្រងពេញលេញជាបន្ទាន់ នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ទៅឱ្យម្ចាស់អធិបតេយ្យភាពដ៏ត្រឹមត្រូវ គឺអ៊ុយក្រែន។

ចំណាត់ការនេះគឺចាំបាច់បំផុត ដើម្បីធានាដល់ប្រតិបត្តិការប្រកបដោយសន្តិសុខ និងសុវត្ថិភាពរបស់រោងចក្រនេះ។ ជាងនេះទៅទៀត ប្រទេស G7 ជាថ្មីម្តងទៀតបានអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីតំបន់ព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន និងគោរពទឹកដី ព្រមទាំងអធិបតេយ្យភាពរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានកោះប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពី “ការបង្កហេតុរបស់អ៊ុយក្រែន” ដែលយោងទៅលើការវាយប្រហារដោយគ្រាប់ផ្លោងជាបន្តបន្ទាប់លើរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner