ក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេតរួមគ្នាសម្អាតបរិស្ថាន អនាម័យនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក

បន្ទាយមានជ័យ ៖ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនាព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ថៃនៃក្រុងប៉ោយប៉ែតនិងស្រុកអារញ្ញប្រាថេត រួមគ្នាបើកយុទ្ធនាការសម្អាតបរិស្ថាន អនាម័យ ។ អង្គភាព ជំនាញនិងអ្នកពាក់ព័ន្ធនៃភាគីទាំង២ដែលចូលរួមគឺមានគ្រប់សមាសភាពទាំងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងមហាជន យុវជនជាច្រើននាក់ ។

ចំណែកលោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា សមាសភាពដូចខាងលើនៃភាគី កម្ពុជា ថៃ មកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងមកពីស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ រាប់សិបនាកបានចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅមាត់ទ្វារច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹ កដូចការគ្រោងទុក ។

ភាគីទាំងពីរឱ្យដឹងថា កម្មវិធីយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅមាត់ទ្វារច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក តែងធ្វើឡើងរាល់២ទៅ៤ដងក្នុង១ឆ្នាំក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សុខុមាលភាព សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជម្រុញលើកកម្ពស់ពហុបំណង ៕ ដោយ ៖ ឃិន គន្ធា

ads banner