អាគារសិក្សាមួយខ្នង និងសមិទ្ធផលនានា នៅក្នុងអនុវិទ្យាល័យពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តត្បូងឃ្មុំ ៖ អាគារសិក្សាមួយខ្នង មាន ៧បន្ទប់, ទីចាត់ការ ១ខ្នង, បន្ទប់បង្គន់អនាម័យ, របងសាលា, ខ្លោងទ្វារ, ដងទង់ជាតិ និងសម្ភារៈមួយចំនួនសម្រាប់ទីចាត់ការ នៅក្នុងអនុវិទ្យាល័យពន្លៃ នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ, ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ។

លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ស្រុកពញាក្រែក មាន ៨ឃុំ ស្មើនឹង ១៥០ភូមិ មានប្រជាជនសរុប ៣៧.១០៩គ្រួសារ ស្មើនឹង ១៤៥.៩២៤នាក់។ បច្ចុប្បន្ន ស្រុកពញាក្រែក មានវិទ្យាល័យចំនួន ៤កន្លែង អនុវិទ្យាល័យ ចំនួន ៨កន្លែង សាលាបឋមសិក្សា ចំនួន ៦៤កន្លែង មត្តេយ្យ ចំនួន ៤៩កន្លែង, មានអគារសិក្សាសរុប ២១០ខ្នង មានបុគ្គលិកសិក្សាសរុប ១១៧៨នាក់ និងមានសិស្សសរុបចំនួន ៣១៥៧៧នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ដើម្បីលើកស្ទួយវិស័យអប់រំ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអាគារសិក្សារាប់ពាន់ខ្នងនៅទូទាំងប្រទេស ព្រោះថា “យើងមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិរវាងអ្នកមាន និងអ្នកក្រីក្របានទាំងស្រុងទេ តែយើងមានលទ្ធភាពកាត់បន្ថយនូវគម្លាតខួរក្បាលបាន តាមរយៈវិស័យអប់រំ ព្រោះយើងមានមូលដ្ឋានគ្រឹះរួចជាស្រេច ដូចជាសាលារៀន និងគ្រូបង្រៀន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា គោលនយោបាយពីមុនរបស់រាជរដ្ឋាភិបាល គឺឃុំមួយ មានអនុវិទ្យាល័យមួយ តែបច្ចុប្បន្ន គោលនយោបាយយើង គឺឃុំមួយមានអនុវិទ្យាល័យច្រើន ហើយកូនអ្នកមាន និងកូនអ្នកក្រីក្រ ក៏អាចចូលរៀនបានដូចៗគ្នានៅតាមអនុវិទ្យាល័យ ឬ វិទ្យាល័យទាំងនោះ។ នេះគឺជាគោលនយោបាយយូរអង្វែងនៃការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងការធានាសមធម៌នៃការចូលរៀន និងការខិតខំធ្វើឲ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព, រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពលើការកសាងសមត្ថភាពគ្រូបង្រៀនគ្រប់កម្រិត និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់នៅតាមព្រំដែន តំបន់ជួបការលំបាក តំបន់ឆ្ងាយៗ និងតំបន់ងាយរងគ្រោះ ។ល។

ការសម្រេចបាននូវវឌ្ឍនភាពក្នុងវិស័យអប់រំ គឺជាកូនសោតែមួយគត់ ដែលវាមិនមែនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ច សង្គម តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាបានអភិវឌ្ឍសង្គមរបស់យើងសម្រាប់ភាពយុត្តិធម៌ ភាពជឿនលឿន គ្មានអំពើហឹង្សា គ្មានការរើសអើង ដោយប្រជាជនមានចំណេះដឹង និងការអប់រំខ្ពស់ និងរស់នៅក្នុងភាពសុខុដុមរមនា និងគោរពគ្នាទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា កុមារ និងយុវជន គឺជាកម្លាំងបន្តវេនដ៏មុតស្រួច និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន និងរុងរឿង។ ដូចនេះ ដើម្បីឱ្យ ទំពាំងស្នងឫស្សីទាំងនោះមានភាពរឹងមាំ និងប្រកបដោយគុណភាពខ្ពស់, ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកសមត្ថភាព ចំណេះដឹងទូទៅ និងចំណេះជំនាញ រួមនឹងផ្នែកចរិយាសម្បត្តិប្រកបដោយគុណធម៌ សីលធម៌ និងស្មារតីចូលរួមប្រកបដោយការស្ថាបនា សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជនយើង គឺជាកត្តាចាំបាច់ដែលសង្គមជាតិ សហគមន៍ និងគ្រួសារនីមួយៗត្រូវខិតខំអប់រំ កសាងធនធានមនុស្ស និងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យបានរឹងមាំសម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិនៃយើង។

ក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូ និងរដ្ឋបាលដែនដីស្រុកពញាក្រែក ការិយាល័យអប់រំស្រុកញាក្រែក ក្រុមប្រឹក្សាឃុំកក់ ត្រូវខិតខំថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលថ្មីៗ នៅក្នុងអនុវិទ្យាល័យពន្លៃនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់មេដាយដល់សប្បុរសជន និងចែកអំណោយដល់យាយជី តាជី និងប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែកនេះផងដែរ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី + ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner