ប្រដាល់សកលកម្ពុជា ប្ដេជ្ញាប្រែពណ៌មេដាយប្រាក់ ទៅមាស ស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួនយ៉ាងខ្លាំង ទាំងបច្ចេកទេស និងស្មារតីហ្វឹកហាត់ ព្រមទាំងបានកំណត់ទិសដៅច្បាស់លាស់ ក្នុងការធ្វើយ៉ាងណាដណ្ដើមមេដាយមាស សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានលើសគោលដៅដែលបានកំណត់។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលបានឲ្យដឹងថា ដើម្បីសម្រេចឲ្យបាននូវទិសដៅប្រែពណ៌មេដាយពីប្រាក់ ទៅមេដាយមាស ចំនួន១គ្រឿង ដែល CAMSOC បានដាក់ឲ្យ សហព័ន្ធបានរៀបចំយ៉ាងយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ នឹងព្យាយាមពង្រឹងសមត្ថភាពកីឡាករបន្ថែមទៀត ធ្វើយ៉ាងណាយកមេដាយមាសឲ្យបានលើសសន្ទសន៍ CAMSOC ដាក់ គឺមាស២គ្រឿង។ «សម្រាប់ផែនការស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធមានកីឡាករខ្មែរម្នាក់ហាត់ នៅថៃ និងម្នាក់ទៀតហាត់នៅវៀតណាម យ៉ាងណាយើងក៏បានត្រៀមកីឡាករល្អៗមួយចំនួនធំ សរុប ១២នាក់ ។ ដើម្បីសម្រេចគោលដៅ ដែល CAMSOC បានដាក់ឲ្យ ដោយយកមេដាយមាសយ៉ាងហោចឲ្យបាន១។
លោក អគ្គលេខាធិការ បន្ថែមថា ទន្ទឹមការខិតខំប្រឹងប្រែងក្រៅពីការបញ្ជូនកីឡាករទៅហាត់នៅថៃរយៈពេល២សប្ដាហ៍ សហព័ន្ធនឹងប្រឹងប្រែងស្វែងរកថវិកាដើម្បីបានបញ្ជូនកីឡាករកម្ពុជា ចេញទៅប្រកួតលក្ខណៈអន្តជាតិ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យកីឡាករជម្រើសជាតិ ទទួលបានបទពិសោធន៍កាន់តែច្រើន ព្រមទាំងអាចសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល។ មួយវិញទៀត សម្រាប់ឆ្នាំ២០២២ លោកក៏គ្រោងស្នើសុំទៅកាន់សហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ នូវថវិកាទ្រទ្រង់ដល់ការរៀបចំការប្រកួតប្រដាល់សកលក្នុងស្រុក ឲ្យបានរៀងរាល់២សប្ដាហ៍ម្ដងចំនួន៦លើក ដូចកាលពីឆ្នាំ២០២១។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសជាផ្លូវការពីការនាំយកគ្រូបង្វឹកម្នាក់ទៀតបន្ថែម គឺលោក Kkssymhanov Berikbol Amantayevich ជនជាតិកាហ្សាក់ស្ថាន ក្រោមការជួយឧបត្ថម្ភរបស់ CAMSOC ដែលកុងត្រារបស់លោកមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner