ប្រទេសគុយបានឹងដំណើរការ កាតធនាគារ «Mir» របស់រុស្ស៊ី នៅចុងឆ្នាំ ខណៈអ៊ុយក្រែនធ្លាប់ស្នើប្រទេសជាច្រើនផ្អាកដំណើរការប្រព័ន្ធនេះ

ប្រទេសគុយបាដែលជាប្រទេសដែនកោះនៅក្បែរអាមេរិកនិងមានសម្ព័ន្ធជិតស្និទ្ធជាមួយរបបកុម្មុយនីសរុស្ស៊ី នឹងដាក់ដំណើរការប្រព័ន្ធកាតធនាគារ «Mir» ដែលបង្កើតឡើងដោយរុស្ស៊ីនៅចុងឆ្នាំនេះ ខណៈប្រព័ន្ធទូទាត់នេះបានប្រើនៅប្រទេសនិងដែនដីយ៉ាងហោច១០។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Julio Antonio Garmendia Pena ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Izvestia កាលពីថ្ងៃព្រហស្បតិ៍ថា កាតធនាគារ Mir របស់រុស្ស៊ីអាចចាប់ផ្តើមប្រើប្រាស់នៅក្នុងប្រទេសគុយបានៅចុងឆ្នាំនេះ។

លោកទូតគុយបា បាននិយាយថា៖«វាត្រូវបានគេរំពឹងថា Mir អាចត្រូវបានប្រើប្រាស់នៅលើទឹកដីនៃប្រទេសគុយបានៅចុងឆ្នាំនេះ»។

យោងតាមអ្នកការទូតគុយបា និងប្រព័ន្ធកាតទូទាត់ជាតិរបស់រុស្ស៊ី បានដំណើរការសាកល្បងតាំងពីឆ្នាំមុន ដើម្បីណែនាំប្រព័ន្ធទូទាត់ប្រាក់ Mir នៅក្នុងប្រទេសគុយបាដែលមានប្រជាជនជាង១១លាននាក់។

លោកទូត និយាយថា៖«ដំណាក់កាលដំបូងនៃការងារដែលមានគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរជិតរួចរាល់ហើយ។ នៅដំណាក់កាលនេះ ការផ្តោតសំខាន់លើការប្រើប្រាស់កាត Mir នៅម៉ាស៊ីន ATM នៅទូទាំងប្រទេស»។

អ្នកការទូតរូបនេះបាននិយាយថា សម្រាប់ប្រទេសគុយបា នេះជាមធ្យោបាយមួយទៀត ដើម្បីពង្រីកប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទៅកាន់ទីផ្សារផ្សេងទៀត។

លោកបាននិយាយថា៖«យើងមើលឃើញសក្តានុពលដ៏ធំមួយនៅក្នុងនេះព្រោះវានឹងសម្រួលយ៉ាងខ្លាំងដល់ប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសរបស់យើង និងការស្នាក់នៅរបស់ភ្ញៀវរុស្ស៊ីរាប់ពាន់នាក់នៅលើកោះនេះ»។

បច្ចុប្បន្ននេះ កាត Mir ត្រូវបានទទួលយកនៅក្នុងប្រទេសបរទេសចំនួន ១០ ដែលពួកគេអាចប្រើដើម្បីដកសាច់ប្រាក់ និងបង់ប្រាក់សម្រាប់ការទិញទំនិញ។

ប្រទេសទាំងនោះមានប្រទេសតួកគី វៀតណាម អាមេនី អ៊ូសបេគីស្ថាន បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អូសេទីខាងត្បូង និងអាប់ខាហ្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ TASS។

កាលពីដើមខែមីនាពេលគឺប្រហែល២សប្តាហ៍ក្រោយការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែន បានស្នើសុំឱ្យធនាគារកណ្តាលនៅក្នុងប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងវៀតណាម ឱ្យផ្អាកប្រតិបត្តិការទាំងអស់ជាមួយនឹងកាតនៃប្រព័ន្ធទូទាត់ Mir របស់ប្រទេសរុស្ស៊ី។

អ៊ុយក្រែនក៏បានស្នើឱ្យ ប្រទេសអាមេនី និងតួកគីចាត់វិធានការស្រដៀងគ្នានេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារជាតិនៃអ៊ុយក្រែនបាននិយាយថា ខ្លួនបាន ស្នើសុំឱ្យ ធនាគារបញ្ឈប់ការទទួលយកកាត Mir នៅក្នុងម៉ាស៊ីន ATM របស់ពួកគេ និងធ្វើឱ្យវាមិនអាចប្រើប្រាស់កាតទាំងនេះនៅក្នុងពាណិជ្ជកម្មតាមអេឡិចត្រូនិក និងការផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះតាមការចេញផ្សាយរបស់ asiafinancial៕

ប្រភព៖ TASS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner