តៃវ៉ាន់បដិសេធគំរូ «ប្រទេសមួយ-ប្រព័ន្ធពីរ» ដែលលើកឡើងដោយភាគីចិនដីគោក

មួយថ្ងៃបន្ទាប់ពីការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនដីគោក បានចេញផ្សាយនូវសៀវភៅសដែលស្នើឱ្យយកគំរូ «ប្រទេសមួយ-ប្រព័ន្ធពីរ» ដែលទំនងយកគំរូតាមហុងកុង ក្រសួងការបរទេសដែនកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងបានអះអាងនៅថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា បានចេញមុខបដិសេធចោល ដោយអះអាងថា មានតែប្រជាជនតៃវ៉ាន់ទេទើបជាអ្នកកំណត់ជោគវាសនាតៃវ៉ាន់។

ការបដិសេធគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលស្នើឡើងដោយទីក្រុងប៉េកាំងនៅក្នុង សៀវភៅសដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ បន្ទាប់ពីកងទ័ពរបស់ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយថ្មីទៀត ក្រោយពេលដែលប្រទេសចិនបានបញ្ចប់សមយុទ្ធយោធាដែលធ្វើនៅជុំវិញដែនកោះតៃវ៉ាន់មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចដ៏មហាចម្រូងចម្រាស់របស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលថ្ងៃទី៣ខែសីហានេះ។

យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសដែនកោះតៃវ៉ាន់ អ្នកស្រី Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ រដ្ឋធានីតៃវ៉ាន់ថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តលើអនាគតរបស់ខ្លួន។

អ្នកស្រី Ou បានបន្ថែមថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ជាលេសដើម្បីបង្កើតភាពធម្មតាថ្មីមួយ ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់។

សមយុទ្ធរបស់តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះនេះ ខណៈដែលប្រទេសចិនបានគំរាមកំហែងម្តងហើយម្តងទៀតដើម្បីនាំយកកោះតៃវ៉ាន់ប្រកាន់លទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមកក្រោមការគ្រប់គ្រងរបស់ខ្លួន។

នៅក្នុងសៀវភៅសដែលបានបោះពុម្ពកាលពីថ្ងៃពុធ ដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនឹង «មិនបោះបង់ការប្រើប្រាស់កម្លាំង» ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន និងរក្សា«ជម្រើសនៃវិធានការចាំបាច់ទាំងអស់»។

ខ្លឹមសារនៅក្នុងសៀវភៅសត្រូវបានគេដកស្រង់ដោយសារព័ត៌មានលោកខាងលិច បាននិយាយថា៖«យើងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកន្លែងដ៏ធំសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែយើងនឹងមិនទុកកន្លែងសម្រាប់សកម្មភាពបំបែកខ្លួនក្នុងទម្រង់ណាមួយឡើយ»។

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើឱរដ្ឋាភិបាលចិនដីគោកខឹងសម្បារយ៉ាងខ្លាំងដោយបានប្រកាសធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្រជុំវិញកោះដែលបង្កើនភាពតានតឹងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner