សំណុំរឿង សម រង្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ប្រគល់ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ នឹងប្រកាសសាលក្រមនាថ្ងៃទី១៣ ខែកញ្ញា

ភ្នំពេញ៖ តុលាការនឹងប្រកាសសាលលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី មេក្លោងឧទ្ទាមក្រៅច្បាប់ ក្នុងសំណុំរឿង «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងករណីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ប្រគល់ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានបើកសវនាការកំបាំងមុខលើសំណុំរឿងនេះ។ ចំពោះមុខមេធាវីដែលតុលាការបានចាត់តាំង ដើម្បីការពារឱ្យទណ្ឌិត សម រង្ស៊ី ចំនួន ២រូបគឺ លោក យ៉ុង ផានិត និងលោកស្រី ស៊ិន ស៊ីវន។

មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី កាលពីមានតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលឈ្នះឆ្នោត ខ្លួននឹងផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិម៉ុងតាញ៉ានៅក្នុងការគ្រប់គ្រងលើខេត្តខ្មែចំនួន៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។

នៅក្នុងសវនាការប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានអានភស្តុតាងដែលនគរបាលយុត្តិធម៌ និងឯកសារដែលទណ្ឌិត សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា លោក កុក ស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ កិច្ចព្រមព្រៀងនេះ ទណ្ឌិត សម រង្ស៊ី បានសន្យាកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត នៅភូមិភាគឦសាន ប្រគល់ឱ្យជនជាតិភាគតិចម៉ុងតាញ៉ា រស់នៅជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ ខេត្តទាំងនោះ មានខេត្តមណ្ឌលគិរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ឯកសារដែលចៅក្រមបានអានក្នុងបន្ទប់សវនាការនោះបញ្ជាក់ថា ការកាត់ទឹកដីខ្មែរចំនួន៤ខេត្ត នឹងត្រូវប្រគល់ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា រស់នៅ បន្ទាប់ពីបង្កើតបានរដ្ឋាភិបាលថ្មីមួយដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។

ក្រោយពីប្រធានក្រុមប្រឹក្សាអានឯកសារភស្តុតាងរួច តំណាងអយ្យការលោក ប្លង់ សុផល បានធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ ដោយលើកឡើងថា សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសមែន។ តំណាងអយ្យការរូបនេះចាត់ទុកការកាត់ទឹកដីខ្មែរចំនួន ៤ខេត្ត ឱ្យជនជាតិម៉ុងតាញ៉ា ថា ជាអំពើក្បត់ជាតិ ដោយសារ ជនជាតិម៉ុងតាញ៉ា មិនមែនជនជាតិខ្មែរឡើយ ដែលពួកគេជាជនជាតិភាគតិចរស់នៅតំបន់ភ្នំ ក្នុងប្រទេសវៀតណាមតែប៉ុណ្ណោះ។

លោក ប្លង់ សុផល ស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យផ្ដន្ទាទោស សម រង្ស៊ី ដោយថា កិច្ចព្រមព្រៀងដែលលោក សម រង្ស៊ី បានចុះហត្ថលេខានោះ បានផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិផងដែរ។

សូមរម្លឹកថា ទណ្ឌិត សម រង្ស៊ី កាលពីមានតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលឈ្នះឆ្នោត ខ្លួននឹងផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញ ឱ្យក្រុមជនជាតិម៉ុងតាញ៉ានៅក្នុងការគ្រប់គ្រងលើខេត្តខ្មែចំនួន ៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ៕
ដោយ៖ពលជ័យ

ads banner