លោកជំទាវ ជូ ប៊ុនអេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេស សំដៅធ្វើឲ្យការងារកាន់តែមានវឌ្ឍនភាពល្អប្រសើរបន្ថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាពីលេខ២ មកនៅត្រឹមលេខ៣ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលជាចំណាត់ថ្នាក់មួយស្មើនឹងកម្ពុជា មិនបានធ្វើអ្វីសោះលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «ស្ថានភាពការជួញដូរមនុស្សនៅកម្ពុជា» លោកស្រី ជូ ប៊ុនអេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាទទួលយកចំពោះចំណាត់ថ្នាក់នេះ ដើម្បីដុះខាតបន្ថែមទៀតនូវអ្វីដែលខ្វះខាត។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងធ្វើការងារយ៉ាងស្រួចស្រាវ ហើយការងារនេះយើងអត់មានបណ្ដែតបណ្ដោយទេ រហូតដល់បច្ចុប្បន្ននេះយើងបាននិងកំពុងតែរៀបចំនូវផែនការប្រតិបត្តិការពិសេស សម្រាប់ការស្រាវជ្រាវរកនូវស្ថានភាពដែលលាក់កំបាំង ក្នុងរឿងជួញដូរមនុស្សដែលមាននៅលើទឹកដីកម្ពុជានេះហើយ រាជរដ្ឋាភិបាលមិនដែលប្រងើយកន្ដោយចំពោះការឆ្លើយតបអំពើជួញដូរមនុស្សនោះទេ»។

លោកជំទាវ លើកឡើងទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើការងារនេះលើបញ្ហាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតែម្នាក់ឯងនោះទេ ពោលបានព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានទូលំទូលាយ មិនមែនត្រឹមតែក្នុងរាជរដ្ឋាភិបាលនោះទេ ទាំងអង្គការដៃគូជាតិ និងអន្ដរជាតិថែមទៀតផង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងទាន់សភាពការណ៍។

លោកជំទាវ បានសម្ដែងនូវការអន់ចិត្តចំពោះរដ្ឋាភិបាលអាមេរិក ដែលបានរកឃើញនូវអ្វីដែលជាការខ្វះខាតរបស់កម្ពុជា ប៉ុន្ដែមិនបានរាយការណ៍ត្រង់មកកាន់រាជរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញបែរជាចេញផ្សាយនូវរបាយការណ៍ជាសាធារណៈតែម្ដង។ លោកស្រីបានចាត់ទុកថា នេះប្រៀបដូចជាការដុតឲ្យខ្លោច រោលឲ្យឆៅ។

យ៉ាងណាមិញ លោកជំទាវ ជូ ប៊ុនអេង ក៏បានបង្ហាញនូវអ្វីដែលជាយុទ្ធសាស្ដ្រចំនួន៤យ៉ាង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដោយអនុវត្តលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ដែលបណ្ដាប្រទេសផ្សេងៗជាច្រើននៅលើពិភពលោកបានប្រើប្រាស់ដូចគ្នា
*ទី១៖ ការងារបង្ការទប់ស្កាត់
*ទី២៖ កិច្ចការពារជនរងគ្រោះ
*ទី៣៖ ការអនុវត្តច្បាប់ ឬយុត្តិធម៌ព្រហ្មទណ្ឌ
*ទី៤៖ កិច្ចសហប្រតិបត្តិការរៀបចំ ឬអនុវត្តច្បាប់នានា។

លោកជំទាវ បានបន្ថែមថា ក្រៅពីយុទ្ធសាស្ដ្រទាំង៤នេះ រាជរដ្ឋាភិបាលក៏បានបែងចែកក្រុមយន្ដការចំនួន៦ក្រុម ដែលមានសមាសភាពចូលរួមចម្រុះ រួមជាមួយអង្គការដៃគូផងដែរ ក្នុងនោះរួមមាន ក្រុមការងារបង្ការទប់ស្កាត់, ក្រុមការងារអនុវត្តច្បាប់, ក្រុមការពារជនរងគ្រោះ, ក្រុមការងារកិច្ចការយុត្តិធម៌, ក្រុមការងារទេសន្ដប្រវេសន៍ និងក្រុមការងារកិច្ចសហប្រតិបត្តិការអន្ដរជាតិ។
សូមជម្រាបថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានផ្សព្វផ្សាយរបាយការណ៍ ឆ្នាំ២០២២ ស្តីពីការជួញដូរមនុស្ស។ ក្នុងបាយការណ៍នោះ គឺអាមេរិក បានដាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ របស់ចិន និងប្រទេសផ្សេងទៀត ពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិត២ ទៅកម្រិត៣ ដែលគេស្កាល់ជាទូទៅថា បញ្ជីខ្មៅ ដែលជាកម្រិតដ៏អាក្រក់។ អាមេរិកចោទប្រកាន់ថា កម្ពុជា និងប្រទេសទាំងនោះ មានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស ៕ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner