អ្នកនាំពាក្យ គ.ជ.ប៖ ការប្តឹងលោកសុន ឆ័យ ទៅតុលាការគឺមិនមែនជាបណ្តឹងនយោបាយនោះទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ជូង ជូងី មេធាវីការពារលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថា ការប្តឹងទៅតុលាការករណីលោក សុន ឆ័យ បរិហាកេរ្តិ៍ គ.ជ.ប ជាសាធារណៈ គឺមិនមែនជាបណ្តឹងនយោបាយនោះទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ ចៀសផុតពីការចោទប្រកាន់របស់បុគ្គលនយោបាយដែលប្រមាថជាសាធារណៈមកលើស្ថាប័ន គ.ជ.ប និងចោទប្រកាន់គ.ជ.ប ថា ជាលួចសន្លឹកឆ្នោត។ ការឆ្លើយតបរបស់អ្នកនាំពាក្យ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីលោកមេធាវី ជូង ជូងី អះអាងថា បណ្តឹងលើកូនក្តីរបស់ខ្លួន (សុន ឆ័យ) នឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដោយសារលោក សុន ឆ័យ រវល់តែរឿងបណ្តឹងមិនអាចធ្វើសកម្មភាពនយោបាយអ្វីបានឡើយ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែសីហានេះថា ការលើកឡើងរបស់មេធាវី ជូង ជូងី ថា ការប្តឹងលោក សុន ឆ័យ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០២៣ គឺជាការលើកឡើងដែលមិនបានឆ្លុះបញ្ចាំងអំពីអង្គហេតុ និងអង្គច្បាប់ជាក់ស្តែងនោះទេ។ អង្គហេតុ គឺលោក សុន ឆ័យ ប្រមាថស្ថាប័នជាតិ ក្នុងន័យបរិហាកេរ្តិ៍ជាសាធារណៈ។ អង្គច្បាប់ គឺគ.ជ.ប បានប្តឹងលោក សុន ឆ័យ ដោយយោងទៅតាមបញ្ញត្តិដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ការដែល គ.ជ.ប មិនប្តឹងទៅវិញទេ ទើបជារឿងដែលគួរឱ្យចម្លែក ពីព្រោះនៅពេលដែលស្ថាប័នមួយត្រូវបានចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោតហើយនៅស្ងៀមមិនមានប្រតិកម្មនោះមានន័យថា ការចោទប្រកាន់ត្រឹមត្រូវ។ ហេតុនេះ គ.ជ.ប ចាំបាច់ត្រូវតែដាដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីចោទប្រកាន់បុគ្គលដែលប្រមាថស្ថាប័នជាតិថា បានលួចបន្លំសន្លឹកឆ្នោត។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ស្ថាប័ន គ.ជ.ប មិនមែនជាស្ថាប័ននយោបាយនោះទេ ស្ថាប័ន គ.ជ.ប ត្រូវបានកំណត់ភារកិច្ច ហើយរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត។ តាមតួនាទី និងភារកិច្ចដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ក្នុងច្បាប់ស្តីពីការរៀបចំការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នមួយនេះ គឺជាស្ថាប័នបច្ចេកទេសសុទ្ធសាធ។ ការប្តឹងទៅតុលាការករណីលោក សុន ឆ័យ បរិហាកេរ្តិ៍ គ.ជ.ប ជាសាធារណៈ គឺមិនមែនបណ្តឹងនយោបាយទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ ចៀសផុតពីការចោទប្រកាន់របស់បុគ្គលនយោបាយដែលប្រមាថជាសាធារណៈមកលើស្ថាប័ន គ.ជ.ប និងចោទប្រកាន់គ.ជ.ប ថា ជាលួចសន្លឹកឆ្នោត ទៅតាមខ្លឹមសារដែលបានផ្តល់នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត ខេមបូឌាដេលី។ បណ្តឹងរបស់ គ.ជ.ប មិនមែនបណ្តឹងនយោបាយ គឺជាបណ្តឹងដើម្បីការពារខ្លួនពីការចោទប្រកាន់ថា ប្រព្រឹត្តកំហុសក្នុងការលួចសន្លឹកឆ្នោត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា “គ.ជ.ប អត់មិនបានប្រកួតប្រជែងជាមួយនឹងលោក សុន ឆ័យ ទេ។ ការប្តឹងទៅតុលាការនេះ មិនមែនមានន័យថា គ.ជ.ប ប្រកួតប្រជែងជាមួយលោកសុន ឆ័យ ទេ គ.ជ.ប ជាស្ថាប័នេករាជ្យ ជាអាជ្ញាកណ្តាល ក៏ប៉ុន្តែនៅពេលដែលអាជ្ញាកណ្តាលរងការចោទប្រកាន់ថាជាចោរ អីចឹងអ្វីដែលជាការប្តឹងរបស់ គ.ជ.ប ទៅតុលាការវាគឺជាពាក្យបណ្តឹងមួយដែលមានលក្ខណៈការពារខ្លួន ការពារមុខមាត់ស្ថាប័នជាតិមួយនេះ បើសិនជាគ្មានការប្តឹងទៅតុលាការទេ ឬក៏យើងទៅសម្របសម្រួលសុំឲ្យអង្វរលោកសុន ឆ័យ កុំប្រមាថ គ.ជ.ប កុំបរិហាកេរ្តិ៍ជាសាធារណៈនោះវាមិនអាចធ្វើទៅបានទេ។ សាធារណៈជនក៏អាចធ្វើការវាយតម្លៃប្រសិនបើ គ.ជ.ប គ្មានប្រតិកម្មក្នុងការដោះស្រាយបញ្ហានេះតាមផ្លូវតុលាការ។ អ្វីដែលមេធាវីរបស់លោក សុន ឆ័យ លើកឡើងអំពីបណ្តឹងនយោបាយនេះជាបញ្ហាមួយដែលមិនអាចទទួលយកបានទេ ហើយវាគ្រាន់តែបញ្ជៀសបញ្ហាប្រមាថទៅជារឿងនយោបាយទៅវិញ វាអត់មានអ្វីមួយដែលគួរឱ្យភ្ញាក់ផ្អើលទេ នេះគឺជាទម្លាប់របស់គាត់ទៅហើយ តែកាលណាមានបញ្ហាកើតឡើងគាត់ថាជារឿងនយោបាយ។ ក៏ប៉ុន្តែការជេរប្រមាថស្ថាប័នគ.ជ.ប ថាជាចោរលួចសន្លឹកឆ្នោត មិនមែនជាការលើកយោបល់ដើម្បីកែលម្អ គ.ជ.ប ទេ គឺជាការចោទប្រកាន់ គឺជាការប្រមាថជាសាធារណៈ ឬក៏ជាការបរិហាកេរ្តិ៍ជាសាធារណៈ ដែលគ.ជ.ប ប្តឹងទៅតុលាការ។ អ្វីៗទាំងអស់ គឺជាចំណាត់ការរបស់តុលាការ។ បើសិនជាលោក សុន ឆ័យ នៅតស៊ូក្តីជាមួយគ.ជ.ប គឺយើងនឹងតស៊ូនៅផ្លូវតុលាការ”។

គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះបើតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ហើយត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី១១ខែសីហានេះ។

នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់បានសម្រេចចោទប្រកាន់លើលោកសុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទ (សុន ឆ័យ) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ និងវត្ថុតាមព្រំទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

តំណាងអយ្យការជនសង្ស័យយល់ឃើញថា ជនសង្ស័យឈ្មោះ សុន ឆ័យ ពិតជាបានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបទសម្ភាសន៍ និងទទួលស្គាល់នូវខ្លឹមសារនៃបទសម្ភាសន៍របស់ខ្លួននៅក្នុងកម្មវិធី អាយឌាថក (IDEA TALK) ។ ខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ពិតជាបានបង្ហាញឲ្យឃើញនូវធាតុផ្សំនៃបទល្មើស ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញតាមរយៈសម្តីរបស់ឈ្មោះ សុន ឆ័យ បានធ្វើការអះអាងដោយបំភ្លើស និងជាការទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បានរៀបចំការបោះឆ្នោត ប្រកបដោយភាពមិនប្រក្រតី ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោតថា មានការបំភ័យប្រជាពលរដ្ឋ មានការបំបាត់នូវឆន្ទៈរបស់ប្រជាពលរដ្ឋ មានការលួចសន្លឹកឆ្នោត គ.ជ.ប មិនឯករាជ ។ល។ ដែលសម្តីទាំងនេះពុំមានភស្តុតាងណាមួយ ដែលយកមកបញ្ជាក់ឲ្យបានឃើញច្បាស់ថា ការអះអាងរបស់ខ្លួនជាការពិតឡើយ។

តំណាងអយ្យការបានបញ្ជាក់ថា ភស្តុតាងដែលជនសង្ស័យ ក៏ដូចជាមេធាវីការពារសិទ្ឋឲ្យជនសង្ស័យឈ្មោះ សុន ឆ័យ បានដាក់ជូនមកដើម្បីពិនិត្យនោះ តំណាងអយ្យការបានពិនិត្យឃើញថា ជាភស្តុតាងដែលត្រូវបានលើកឡើងដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយ ឬអង្គការសង្គមស៊ីវិលមួយចំនួនដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលមិនអាចឲ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែង និងពិចារណាទទួលថាជាភស្តុតាង ដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យឈ្មោះ សុន ឆ័យ ថាជាការពិត ពីព្រោះថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងស្ថិតនៅក្រោមការតាម ដាន ពីអ្នកសង្កេតការជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៧២ អ្នកសង្កេតការអន្តរជាតិ និងអង្គការអន្តរជាតិចំនួន ១៩ ប្រតិភូស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំនៅកម្ពុជាចំនួន ៥ ស្ថាប័ន។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ ការដាក់ពាក្យបណ្តឹងបានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានធ្វើការចោទប្រកាន់គ្មានការពិតទៅលើស្ថាប័ន គ.ជ.ប៕
ដោយ៖ពលជ័យ

ads banner