កម្លាំងនគរបាលរាជធានីភ្នំពេញជិត ៩០០នាក់បានប្រមូលផ្តុំប្រជុំជួរទទួលផែនការត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងនូវគ្រោះធម្មជាតិផ្សេងៗ

ភ្នំពេញ ៖ រាជធានីភ្នំពេញមិនទាន់កើតមានបញ្ហាប្រឈមរងគ្រោះដោយទឹកជំនន់នៅឡើយនោះទេ ប៉ុន្តែកម្លាំងនគរបាលរាជធានីភ្នំពេញជិត ៩០០នាក់បានប្រមូលផ្តុំប្រជុំជួរទទួលផែនការដើម្បីត្រៀមកម្លាំងឱ្យរួចជាស្រេច សម្រាប់ចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតឡើងនូវគ្រោះទឹកជំនន់រឺគ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅគ្រាដែលគេមើលឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសេចក្តីរាយការណ៍ឱ្យដឹងថាស្ថានភាពទឹកជំនន់បានកើតឡើងជាបន្តបន្ទាប់នោះហើយ នៅភូមិសាស្រ្តក្នុងខេត្តខ្លះនាភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រជុំជួររបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំប្រជុំជួរផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមានលោកលោកស្រីស្នងការរងផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា៖ការជួប្រជុំជួរនាពេលនេះ គឺជាការត្រួតពិនិត្យកម្លាំងជាក់ស្តែងដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ហើយ ក្នុងនាមជាកងកម្លាំងនគរបាលក្រៅពីបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព សង្គម នោះហើយ ពោលបើក្នុងករណីប្រជាពលរដ្ឋបានជួបនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗគឺកម្លាំងនគរបាលចាំបាច់ត្រូវចេញជួយសង្រ្គោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ជាក់ស្តែងធ្លាប់បទពិសោធន៍រួចមកហើយនៅក្នុងរាជធានីភ្នំពេញ គឺកើតមានគ្រោះទឹកជំនន់ពីរឆ្នាំជាប់គ្នានៅក្នុងខណ្ឌដង្កោកាលបីកន្លងទៅនេះ ក៏ដូចជាការឆ្លើយតបចេញជួយអន្តរាគមន៍បង្ការទប់ស្កាត់បញ្ហាជំងឺឆ្លងរាតត្បាតកូវីដ១៩ ក្នុងសហគមន៍កន្លងមកនេះផងដែរ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកស្រីស្នងការរង និងលោកលោកស្រីនាយការិយាល័យជំនាញទាំងអស់ ត្រូវគ្រប់គ្រងត្រួតពិនិត្យកម្លាំងនៅក្រោមឱវាទរបស់ខ្លួនឱ្យបានម៉ត់ចត់ បើក្នុងករណីដែលចាំបាច់ត្រូវប្រមូលកម្លាំងចេញជួយអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ កម្លាំងត្រូវមានមុខគ្រប់ចំនួនជាដាច់ខាតដោយមិនគិតពេលវេលានោះទេ ធ្វើបែបនេះដើម្បីឆ្លើយតបទាន់ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងណែនាំដល់កម្លាំងនគរបាលក្រោមបង្គាប់ត្រូវគោរពអនុវត្តឱ្យបាននូវបទបញ្ជា និងវិន័យនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ក្នុងករណីបុគ្គលនគរបាលណា មិនអនុវត្តតាមបញ្ជា និងវិន័យនគរបាលជាតិនោះទេ នឹងត្រូវទទួលរងវិន័យ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner