ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់សកម្មជនគណបក្សប្រជាជនថា ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង
ក្នុងឱកាសថ្ងៃទី០២ នៃសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានប្រាប់សកម្មជនគណបក្សប្រជាជនថា៖ «ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង»។
ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើអោយសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវចេះសម្រួច និងស្វែងរកវិធីសាស្ត្រ នៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន ហើយដែលជាព័ត៌មានដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ទាំងនេះនឹងអាចចូលរួមលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ក្នុងគោលបំណងញុះញង់ បំបែកបំបាក់សាមគ្គីឯកភាពជាតិ ដែលនឹងអាចបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម»។
សូមជម្រាបជូនថា ព្រឹកនេះសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តនាព្រឹកនេះ ជាមួយការធ្វើរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សាទាំងបីកាលពីម្សិលមិញ ៕ ដោយ / គ្រី សម្បត្តិ













