សម្ដេចវិបុលសេនាភក្ថី សាយ ឈុំ បានផ្ដល់អនុសាសន៍ឱ្យសមាជិក សមាជិកាបក្ស បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អដើម្បីទទួលបានការគាំទ្រពីប្រជាជន

ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី«ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ។

ថ្លែងក្នុងអង្គពិធី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ខ្ពស់ចំពោះគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលដែលបានផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធន៍រវាងយន្តការនានារបស់គណបក្ស ដោយអនុញ្ញាតឲ្យមន្រ្តីគណបក្សដែលមកពីរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនិងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ននៃការងារផ្សព្វផ្សាយ និងសាធារណមតិក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។

នាឱកាសដ៏ប្រពៃនេះ សម្ដេចបានផ្ដល់ជាអនុសាសន៍ណែនាំដល់សមាជិក សមាជិកា ឱ្យបន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អដើម្បីទទួលបានការគាំទ្រពីប្រជាជន។ ជាចុងបញ្ចប់ សម្ដេចបានមានប្រសាសន៍ផ្ដាំផ្ញើដល់អង្គសិក្ខាសាលាអោយខិតខំប្រឹងប្រែងស្វែងយល់ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាអោយផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។ ទន្ទឹមនឹងនោះត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍនភាពនៃការរីកចម្រើនរបស់បច្ចេកវិទ្យាជាប្រចាំដើម្បីក្ដាប់អោយជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនឱ្យទាន់សភាពការនៃសង្គម ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner