រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងជាមួយក្រុមហ៊ុន មិត្តហ្វូននាពេលកន្លងមក

ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និង កីឡា បាន រៀបចំ ពិធី ប្រគល់-ទទួល ប្រព័ន្ធ សន្និសីទ វីដេអូ (Video conference system) សម្រាប់ក្រសួង និង មន្ទីរអប់រំ យុវជន និង កីឡា រាជធានី ខេត្តទាំង២៥ ក្រោម វត្តមានរបស់ ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ មន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា នៅ ទីស្ដីការ ក្រសួង នា ព្រឹក នា ថ្ងៃ អង្គារ ៤រោច ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ១៦ ខែ សីហា ឆ្នាំ២០២២ ។

ការ បំពាក់ ប្រព័ន្ធ សន្និសីទ វីដេអូ នេះ ទទួល បាន ការ គាំទ្រ ពី ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ទាំង ផ្នែក សម្ភារៈ និង បច្ចេកទេស ដែល សហការ ដោយ ផ្ទាល់ ជាមួយ នាយកដ្ឋាន បច្ចេកវិទ្យា ព័ត៌មាន របស់ ក្រសួង។ ប្រព័ន្ធ សន្និសីទ វីដេអូ នេះ បាន ប្រគល់ ជូន ក្រសួង ចំនួន ០១ ឈុត និង មន្ទីរ អប់រំ យុវជន និង កីឡា រាជធានី ខេត្ត ចំនួន ២៥ ឈុត ដែល ឈុត នីមួយៗ មាន ប្រព័ន្ធ វីដេអូ ០១ ឈុត (កាមេរ៉ា និង ឧបករណ៍ ស្រូប សំឡេង) ទូរទស្សន៍ ឆ្លាតវៃ ទំហំ ៥៥ អ៊ីង ចំនួន ០១ ខ្សែ ភ្ជាប់ ពី ទូរទស្សន៍ ទៅ កុំព្យូទ័រ ចំនួន ០១ ខ្សែ និង អាជ្ញាប័ណ្ណ កម្មវិធី ZOOM រយៈពេល ០១ ឆ្នាំ សម្រាប់ អ្នក គ្រប់គ្រង រួម នៅ ទីស្ដីការ ក្រសួង ហើយ ប្រព័ន្ធ នេះ នឹង ដាក់ ឱ្យ ដំណើរការ ជា ផ្លូវការ ចាប់ពី ខែ សីហា ឆ្នាំ២០២២ នេះ តទៅ សម្រាប់ បម្រើការ ប្រជុំ នានា តាម ប្រព័ន្ធ អនឡាញ របស់ ថ្នាក់ដឹកនាំ ក្រសួង ជាមួយ អង្គភាព រដ្ឋបាល ថ្នាក់ក្រោម ជាតិ និង ប្រើប្រាស់ ក្នុង គោលដៅ លើកកម្ពស់ បច្ចេកវិទ្យា ព័ត៌មាន ក្នុង វិស័យ អប់រំ។

ថ្លែង នៅ ក្នុង ពិធី ប្រគល់ ទទួល នេះ ឯកឧត្ដម បណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី បាន វាយ តម្លៃ ខ្ពស់ ចំពោះ កិច្ច សហប្រតិបត្តិការ ផ្នែក បច្ចេកវិទ្យា ព័ត៌មាន របស់ ក្រសួង ជាមួយ ក្រុមហ៊ុន មិត្តហ្វូន នា ពេល កន្លងមក រួមមាន ការ បំពាក់ អ៊ីនធឺណិត សម្រាប់ រដ្ឋបាល ថ្នាក់ ជាតិ ថ្នាក់ ក្រោម ជាតិ គ្រឹះស្ថាន សិក្សា សាធារណៈ ការ បំពាក់ ប្រព័ន្ធ សន្និសីទ វីដេអូ សម្រាប់ ទីស្ដីការ ក្រសួង ក្នុង កំឡុង វិបត្តិ កូវីត-១៩ ការ បំពាក់ ប្រព័ន្ធ ព័ត៌មាន វិទ្យា គ្រប់គ្រង សាលារៀន (SIS) និង ការ គាំទ្រ ផ្នែក បច្ចេកទេស ផ្សេងៗ ទៀត សម្រាប់ ក្រសួង ដែល ជា ដៃគូ មួយ ដ៏ សំខាន់ របស់ ក្រសួង ក្នុង ការ លើកកម្ពស់ ការ អប់រំ បែប ឌីជីថល នៅ ប្រទេស កម្ពុជា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner