សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យក្រុមហ៊ុន ស៊ីភី អល ពិនិត្យ ពិចារណា ធ្វើការវិនិយោគលើការផលិតក្រដាស និងបង្កើតរោងចក្រផលិតជីសរីរាង្គ នៅកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំឱ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាស និងបង្កើតរោងចក្រផលិតជីសរីរាង្គ នៅក្នុងប្រទេសកម្ពុជា ។ ការណែរនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនោះទៀត លោក កស័ក្ដិ បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោនៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០ និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១0 ហើយលោកបានជម្រាបជូនថា រាល់ចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង ២០នេះ។

ជាមួយគ្នានេះដែរ លោក ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភព ចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោកសព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀនល្បែងយុទ្ធសាស្ត្រនេះ ។

លោកក៏បានគោរពជូនសម្ដេចតេជោ នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។ លោកបានគោរពជម្រាបជូនសម្ដេចតេជោដែរថា លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ។ លោកបានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ។

លើសពីនោះទៅទៀត លោក កស័ក្ដិ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្កដានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កស័ក្ដិ ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោក កស័ក្ដិ ដែរ ចំពោះអាហារូបករណ៍ និងការផ្ដល់ឱកាសឱ្យកុមារកម្ពុជា បានទៅរៀនលេងល្បែងយុទ្ធសាស្ត្រដែលឈ្មោះថា ហ្គោល នៅប្រទេសថៃ ។ ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានដែលនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា ។ ពាក់ព័ន្ធនឹងអាហារូបករណ៍ និងល្បែងយុទ្ធសាស្ត្រនេះ សូមធ្វើការជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែកពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner