នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពី “ការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ការបង្រៀន-រៀន” ជូនដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ

សៀមរាប៖ នាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថាន APEC for Collaborative Education (IACE) នៃសាធារណរដ្ឋកូរ៉េ បានរៀបចំវគ្គ បណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពី “ការប្រើប្រាស់ឧបករណ៍ ICT សម្រាប់ការបង្រៀន-រៀន” ជូនដល់លោកគ្រូ-អ្នកគ្រូ ចំនួន ៤២រូប ដែលជាគ្រូបង្រៀន នៅសាលាបឋមសិក្សាវត្តបូព៌ និងសាលាដែលស្ថិតនៅក្រោមគម្រោង Innovative ICT-Integrated Classroom ខេត្តសៀមរាប ក្នុងគោលបំណងផ្ដល់ឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌ តាមរយៈការបញ្ជ្រាប និង ប្រើប្រាស់ ICT សម្រាប់ការអប់រំដែលអាចជួយឱ្យគ្រូបង្រៀន និងសិស្សានុសិស្សពង្រឹងសមត្ថភាពឱ្យទាន់ការរីកចម្រើន នៃបច្ចេកវិទ្យា។

វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Zoom ដែលមានគ្រូឧទ្ទេសអញ្ជើញ មកពីខាងប្រទេសកូរ៉េ ណែនាំពីរបៀបប្រើប្រាស់កម្មវិធីជំនួយដល់ការបង្រៀនចំនួន ០៨កម្មវិធី។

សូមគូសបញ្ជាក់ផងដែរថា ការអនុវត្តគម្រោងនេះ បាននឹងកំពុងដំណើរ ការរៀបចំបង្កើតថ្នាក់រៀនឆ្លាតវៃ ជាមួយការ បំពាក់ឧបករណ៍បច្ចេកវិទ្យា ដូចជា Tablets កុំព្យូទ័រលើតុ គ្រឿងក្ដារខៀនវៃឆ្លាត សម្ភារៈបណ្ដុះបណ្ដាល និង បរិក្ខារសម្រាប់ផលិតមាតិកាអប់រំឌីជីថលជាច្រើនទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner