ប្រធាន គ.ជ.ប បញ្ជាក់អំពីការបោះឆ្នោត និងនីតិវិធីពាក់ព័ន្ធការបោះឆ្នោតជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់អំពីការបោះឆ្នោត និងនីតិវិធីពាក់ព័ន្ធការបោះឆ្នោតជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) នៅក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងឱកាសនោះ លោក វិទិត មុនតាប៊ន បានស្នើសុំ គ.ជ.ប បញ្ជាក់ចំណុចដូចខាងក្រោម៖

  • តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានមេរៀនពិសោធន៍អ្វីខ្លះ?
  • តើ គ.ជ.ប បានទទួល និងដោះស្រាយពាក្យបណ្ដឹងបោះឆ្នោតបែបណា ពិសេសបណ្ដឹងរបស់ គណបក្សភ្លើងទៀន?
  • សូម គ.ជ.ប ជួយបញ្ជាក់អំពីជំហានបន្ទាប់ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៣។

មុននឹងឆ្លើយតបឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូ ហើយបានមានប្រសាសន៍បន្តថា ស្ថាប័ន គ.ជ.ប ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្ដីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងទៀតថា ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្ដង ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋាន ស្របតាមការកំណត់នៃច្បាប់បោះឆ្នោតជាធរមាន ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយអនុលោមតាមច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សរុបបានចំនួន១៦លើក រួចមកហើយ ដែលកាលពីការបោះឆ្នោតលើកទី១ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ១៩៩៨ ត្រូវបានអតីតព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Stephen Solarz វាយតម្លៃថា ជា “អច្ឆរិយៈនៃដងទន្លេមេគង្គ” ហើយការបោះឆ្នោតលើកក្រោយៗទៀត ត្រូវបានវាយតម្លៃជាទូទៅថា មានភាពប្រសើរជាងការបោះឆ្នោតមុនៗ ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងចូលរួមសហការ និងឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានជម្រាបជូនគណៈប្រតិភូ អំពីកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ ដោយបានរៀបចំបញ្ជីបោះឆ្នោតថ្មី ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប គឺប្រព័ន្ធជីវមាត្រ (BIOMETRIC) ក្រោមកិច្ចសហការ និងឧបត្ថម្ភគាំទ្រលើផ្នែកសម្ភារបរិក្ខារពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តថា កាលពីពេលថ្មីៗនេះ គ.ជ.ប ទើបតែបញ្ចប់ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានតម្លាភាព។ គ.ជ.ប មានចក្ខុវិស័យច្បាស់លាស់ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំត្រៀម ដោយបានកសាងឯកសារគតិយុត្តសំខាន់ៗរួមមាន ប្រតិទិន និងផែនការមេនៃការបោះឆ្នោត ព្រមទាំងបានអនុម័តជាផ្លូវការនូវបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដោយមានការចូលរួមផ្ដល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់យកទៅអនុវត្តផ្ទាល់នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត និងបានបន្ថែមយន្តការថ្មី គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោត ដែលរួមមាន៖

  • កម្មវិធីគ្រប់គ្រងការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយទាញយកទិន្នន័យពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប
  • កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
  • កម្មវិធីស្វែងរកបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត ទីតាំងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ទីតាំងសាលាឃុំ សង្កាត់ និងទីតាំងគណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត លើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃទំនើប IOS និង Android
  • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ការបែងចែកអាសនៈ ព្រមទាំងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្ថែមថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានប្រព្រឹត្តដោយគ្មានការរឹតត្បិត និងគ្មានការគាបសង្កត់ ពោលគឺបើកចំហរសម្រាប់គ្រប់គណនយោបាយដោយស្មើភាពគ្នា ហើយជាលទ្ធផលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែង ដល់ទៅ ១៧គណបក្ស បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១៧ គឺមានតែ ១២គណបក្សតែប៉ុណ្ណោះ។ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ អង្គការសង្កេតការណ៍បោះឆ្នោតអន្តរជាតិភាគច្រើនបានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃខ្ពស់ចំពោះដំណើរនៃការរៀបចំការបោះឆ្នោត និងពិសេសពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា ប្រព្រឹត្ត ទៅដោយជោគជ័យ សេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដារអន្តរជាតិ និងការបោះឆ្នោតនៅកម្ពុជាបានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកប ដោយជោគជ័យគួរឱ្យកត់សម្គាល់។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បន្តថា ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប នៅតែបន្តគោលការណ៍សហការតាមតួនាទី ជាមួយគ្រប់ភាគីពាក់ព័ន្ធ និងបន្តកំណែទម្រង់ការបោះឆ្នោត ដោយបានសិក្សា និងកែលម្អការងារបច្ចេកទេសជាបន្តបន្ទាប់នៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមស្មារតីច្បាប់បោះឆ្នោតជាធរមាន សំដៅធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ ពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្ដឹង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ រាល់ការសម្រេចលើពាក្យបណ្ដឹងនីមួយៗ ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់។

បញ្ជាក់លើជំហានបន្ទាប់ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ប្រសិនបើពុំមានការកែប្រែច្បាប់ទេនោះ គ.ជ.ប នឹងផ្អែកលើច្បាប់ដែលនៅជាធរមាន ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ គ.ជ.ប កំពុងត្រៀមរៀបចំការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នៅពេលខាងមុខនេះ គ.ជ.ប ក៏ត្រូវរៀបចំប្រតិទិនសម្រាប់ការបោះឆ្នោតផង និងផែនការមេសម្រាប់ការបោះឆ្នោតផង។

ក្នុងជំនួបនោះដែរ លោក វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) បានស្នើសុំ គ.ជ.ប ជួយបញ្ជាក់បន្ថែមចំណុចជាក់ស្ដែង ដូចខាងក្រោម៖

  • អំពីសមាសភាព គ.ជ.ប ដែលមិនគួរចេញពីគណបក្សនយោបាយ ឬជាសមាសភាពដែលអាចជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ
  • អំពីគណៈកម្មការការិយាល័យបោះឆ្នោតគួរមានសមាសភាពចម្រុះ
  • កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គួរមានទិន្នន័យគ្រប់គ្រាន់ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត
  • គួរមានបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅមុនពេល ក្នុងពេល និងក្រោយពេលការបោះឆ្នោត។

ជាការឆ្លើយតប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា៖

  • សមាសភាព គ.ជ.ប កន្លងមក និងបច្ចុប្បន្ន ត្រូវបានរៀបចំឡើងតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • តាមច្បាប់ និងតាមគោលការណ៍នៃការជ្រើសរើស គណៈកម្មការការិយាល័យបោះឆ្នោត មានសមាសភាពជាប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនប្រកាន់និន្នាការនយោបាយនោះទេ
  • កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបទ ១១០២) ពិតជាមានកត់ត្រាទិន្នន័យ ដូចចែងក្នុងច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រីឯភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិចុះហត្ថលេខា ឬមិនចុះហត្ថលេខាលើកំណត់ហេតុនេះបាន ទៅតាម ការសម្រេចចិត្តរបស់ពួកគេ
  • ជាការពិតបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅមុនពេល ក្នុងពេល និងក្រោយពេលការបោះឆ្នោត ត្រូវបានពង្រឹងយ៉ាងល្អប្រសើរ ព្រះមហាក្សត្របានចេញព្រះរាជសារអំពាវនាវឱ្យបងប្អូន កូន ក្មួយព្រះអង្គ ចេញទៅបោះឆ្នោតដោយគ្មានការ ភ័យខ្លាច ដូចនេះគ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋត្រូវភ័យខ្លាចនោះទេ។
    ដោយសារពេលវេលាមានកំណត់ លោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) ស្នើសុំ គ.ជ.ប មេត្តាជួយឆ្លើយសំណួរដែលនៅសល់ និងផ្ញើជូនលោកតាមពេលវេលាសមស្របណាមួយ៕
    ដោយ៖ពលជ័យ
    រូបថត៖គជប
ads banner