រដ្ឋបាលខេត្តកណ្តាលបានដោះស្រាយវិវាទដីធ្លី ១៤១ករណីជា ស្ថាពរ និងនៅបន្តចំនួន ៣២១ករណីទៀត
កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានជម្រាបគណៈប្រតិភូ នៃរដ្ឋសភាថារដ្ឋបាលខេត្តបានដោះស្រាយករណីវិវាទដីធ្លីបញ្ចប់ចំនួន១៤១ករណីក្នុងចំណោមវិវាទដីធ្លីសរុប៤៦២ករណីដែល៣២១ករណីទៀតកំពុងដំណើរការយន្តការដោះស្រាយ គិតត្រឹម ខែ សីហា ឆ្នាំ២០២២។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សា ការងារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ររវាងគណៈអភិបាល ខេត្តកណ្តាល ជាមួយប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃ រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សរ ចំរុង ដើម្បីស្វែងយល់ អំពី វឌ្ឍនភាព និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ថា គិតមកដល់ខែសីហា ឆ្នាំ២០២២ នេះ ករណី វិវាទដីធ្លីក្នុងទូទាំងខេត្ត មានសរុបចំនួន ៤៦២ករណី ដោយ ដោះស្រាយបញ្ចប់បានចំនួន ១៤១ករណី និងកំពុងដំណើរ ការដោះស្រាយ ចំនួន ៣២១ករណីទៀត។
ក្រៅពីនោះសម្រាប់ការចុះបញ្ជីដីរដ្ឋក្នុងខេត្តកណ្តាលវិញឯកឧត្តមអភិបាលខេត្តបានជម្រាបថាខាងរដ្ឋបាលខេត្តបានធ្វើការចុះបញ្ជីដីរដ្ឋក្នុងខេត្ត បានសរុបចំនួន ១២,២៧៤ ហិកតា ក្នុងនោះ រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ បានចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និង ការអភិវឌ្ឍ នៅមូលដ្ឋាន។
ឯកឧត្តម គង់ សោភ័ណ្ឌបានបន្ថែមថា ការចុះបញ្ជីដីធ្លី មាន លក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្ត សម្រេចបាន ចំនួន ៥៦៩ភូមិ លើ ១០១០ភូមិ ស្មើ ៥៧ភាគរយ និងនៅ សល់ចំនួន ៤៤១ភូមិ ស្មើនឹង ៤៣ភាគរយ ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៩។ បច្ចុប្បន្ន ក្រុមការងារមន្ទីរចំនួន ១០ក្រុម កំពុងដំណើរការអនុវត្ត នៅតាមភូមិចំនួន៦៩ លើភូមិចំនួន ៤៤១ ដែលនៅសល់។ ការចុះបញ្ជីដីធ្លីនៅស្រុកកណ្ដាលស្ទឹង បានបញ្ចប់ ការចុះបញ្ជីជាប្រព័ន្ធជាស្ថាពរ ចំណែកក្រុងតាខ្មៅ វិញ កំពុងសំអាតទិន្នន័យ។
ជុំវិញបញ្ហានេះដែរ លោកស៊ឹង សែនករុណា អ្នកនាំពាក្យ សមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានសម្ដែង ការសាទរចំពោះការដោះស្រាយវិវាទដីធ្លីចំនួន១៤១ករណី នេះប៉ុន្តែលោកក៏សង្ឃឹមដែរថា ការបញ្ចប់វិវាទដីធ្លីទាំងនេះគឺ ប្រព្រឹត្តទៅដោយប្រក្រតីភាពក្នុងផ្លូវច្បាប់ពោលគឺជម្លោះនីមួយៗអាចទទួលយកបាន ចៀសវាងការរំលោភបំពានក្នុង យន្តការ ដោះស្រាយ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា