អ្នកវិភាគ៖ ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រនៅអង់គ្លេស មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសឡើយ

ភ្នំពេញ៖ នៅប្រទេសអង់គ្លេស ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលបន្ទាប់ពីមានវិបត្តិនយោបាយផ្ទៃក្នុង ព្រមទាំងការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី២ (Elizabeth II) អាចនឹងបណ្ដាលឱ្យមានការផ្លាស់ប្តូររបត់នយោបាយអន្តរជាតិតិចតួច តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសកម្ពុជា-អង់គ្លេសឡើយ។ មិនជះឥទ្ធិពល ព្រោះប្រទេសអង់គ្លេសមានបន្ទាត់នយោបាយការបរទេសច្បាស់លាស់ មិនស្ថិតលើបុគ្គលនោះទេ។

បណ្ឌិត សេង សារី អ្នកវិភាគនយោបាយនិងសង្គម យល់ឃើញថា« ភូមិសាស្ត្រនយោបាយពិភពលោក នឹងមានការប្រែប្រួលតិចតួចណាស់ ទោះបីជាមានការផ្លាស់ប្តូរប្រមុខដឹកនាំរដ្ឋក្តី ព្រោះអង់គ្លេសមានប្រព័ន្ធនយោបាយត្រឹមត្រូវ។ ចំណែកមេដឹកនាំប្រទេស គ្រាន់តែជាតំណាងប្រព័ន្ធដឹកនាំរដ្ឋប៉ុណ្ណោះ។» ចំពោះការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី២ លោកថា អាចនឹងមានការប្រែប្រួលនយោបាយផ្ទៃក្នុងចំពោះរដ្ឋជាសមាជិក នៃប្រទេសខំមិនវែលធ៍(Commonwealth)។ បណ្ឌិតសេង សារី៖ «អាចនឹងមានការប្រែប្រួលរបៀបដឹកនាំ ព្រោះរបៀបធ្វើការរបស់មហាក្សត្រជាស្ត្រី និងបុរស អាចខុសគ្នា ហើយយើងដឹងហើយថា ម្ចាស់ក្សត្រិយអេលីហ្សាប៊ែតទី២ មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសខំមិនវែលធ៍ និងបណ្តាប្រទេសនានា ទោះបីប្រទេសនោះ មិនប្រកាន់យករបបប្រជាធិបតេយ្យក៏ដោយ។»

គួរបញ្ជាក់ថា ក្រុមប្រទេសខំមិនវែលធ៍(Commonwealth) គឺជាអន្តររដ្ឋាភិបាលដែលមានរដ្ឋជាសមាជិកចំនួន៥៣ប្រទេសមកពីទ្វីបទាំង៥ ដែលមានម្ចាស់ក្សត្រិយ Elizabeth II ជាប្រធាន ដែលប្រទេសទាំងនេះ ភាគច្រើនគឺជាអតីតដែនដីអាណានិគមនិយមរបស់ចក្រភពអង់គ្លេស។

ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអង់គ្លេសវិញ បណ្ឌិត សេង សារី សង្កេតឃើញថា ជាទំនាក់ទំនងបែបប្រពៃណី ដែលបន្តរាប់ទសវត្សរ៍មកហើយ។ កន្លងមក ទោះមានការផ្លាស់ប្តូរតួអង្គកាន់អំណាចណាមួយ ក៏គេមិនឃើញមានការផ្លាស់ប្តូររបៀបវារៈនយោបាយ ឬទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះដែរ។ ទំនាក់ទំនងរបៀបនេះ មានលក្ខណៈដូចគ្នាទៅនឹងទំនាក់ទំនងរវាងកម្ពុជានិងបារាំងដែរ។ កម្ពុជាធ្លាប់ស្ថិតក្រោមអាណាព្យាបាលរបស់បារាំង អស់រយៈពេលជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។

បណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ ព្រមទាំងជាអ្នកជំនាញផ្នែកកិច្ចការកម្ពុជា-អង់គ្លេស យល់ឃើញដូចគ្នាដែរ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតកម្ពុជានិងអង់គ្លេស នឹងគ្មានការប្រែប្រួលឡើង ព្រោះមេដឹកនាំថ្មីលោកស្រី Liz Truss ជាអតីតរដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលចាស់របស់លោក Boris Johnson និងមកពីគណបក្សតែមួយ។

គួររំឭកថា លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសនៅថ្ងៃទី០៦ កញ្ញា។ ពីរថ្ងៃបន្ទាប់ពីនោះ ពោលគឺនៅថ្ងៃទី០៨ ខែកញ្ញា ម្ចាស់ក្សត្រិយចក្រភពអង់គ្លេស អេលីហ្សាប៊ែតទី២ Elizabeth II បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិអស់រយៈពេល៧០ឆ្នាំ។ ឮ

នៅក្នុងបញ្ហាការទូត បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថា នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss មានជំហរនយោបាយនិងនិន្នាការមិនសូវខុសពីលោក Boris Johnson នោះទេ។ បណ្ឌិត គិន ភា គូសបញ្ជាក់ថា «មើលទៅស្ថានការណ៍នយោបាយអន្តរជាតិ នឹងមិនមានអ្វីប្រែប្រួលច្រើនទេ ព្រោះអង់គ្លេសនៅប្រើគោលជំហរនយោបាយដើមរបស់លោក Boris Johnson ដដែល។ នោះក៏ដោយហេតុកម្ពុជា ជាប្រទេសតូច ដែលប្រទេសមហាអំណាចមិនមាននយោបាយការទូតជាក់ លាក់ណាមួយឡើយ គ្រាន់តែផ្លាស់ប្តូរឥរិយាបទធ្វើការរវាងមេដឹកនាំនិងមេដឹកនាំប៉ុណ្ណោះ ចំណែកផែនការនយោបាយអង់គ្លេស នឹងមិនប្រែប្រួលឡើយ។»

ដោយឡែក ចំពោះការយាងចូលទិវង្គតរបស់មហាក្សត្រិយអេលីហ្សាប៊ែតទី២វិញ បណ្ឌិត គិន ភា យល់ថា ឥទ្ធិពលរបស់ម្ចាស់ក្រត្រិយអេលីហ្សាប៊ែតទី២ នឹងនៅបន្តក្នុងទំនាក់ទំនងនយោបាយការបទេសអន្តជាតិ ព្រោះម្ចាស់ក្រត្រិយបានគ្រងរាជ្យអស់ជាច្រើនទសវត្សរ៍មកហើយ។ ឥទ្ធិពលរបស់មហាក្សត្រិយអេលីហ្សាប៊ែតទី២ បានគ្របដណ្តប់លើពិភពលោករួចទៅហើយ។ ដូច្នេះ បើទោះបីព្រះអង្គម្ចាស់ ឆាលស៍ទី៣ ដែលពេលនេះក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេសដោយស្វ័យប្រវត្តិរួចទៅហើយនោះ ទ្រង់ចង់ផ្លាស់ប្តូរគន្លងរបស់ព្រះមាតាខ្លួននោះ ក៏មិនអាចទៅរួចដែរ។ លោកថា ព្រះមហាក្សត្រថ្មីត្រូវប្រើរយៈពេលយូរ ដើម្បីកសាងឥទ្ធិពល។

សម្រាប់បណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ ព្រមទាំងជាអ្នកជំនាញផ្នែកកិច្ចការកម្ពុជា-អង់គ្លេស វិញ ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកថា អង្គព្រះមហាក្សត្រអង់គ្លេស មិនខុសពីនៅកម្ពុជានោះឡើយ។ ពោលគឺ សោយរាជ្យតែមិនកាន់អំណាច ដូច្នេះ ការផ្លាស់ប្តូរប្រមុខរាជានិយមអង់គ្លេស មិនប៉ះពាល់ដល់នយោបាយរដ្ឋាភិបាលអង់គ្លេសឡើយ។

ពីជ្រុងរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថា «ការផ្លាស់ប្តូររបត់នយោបាយនៅអង់គ្លេស បន្ទាប់ពីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រនេះ នឹងមិនមានការជះឥទ្ធិពលអាក្រក់ណាមួយ ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងអង់គ្លេសឡើយ ដោយឯកឧត្តមបញ្ជាក់ថា ខាងភាគីរដ្ឋាភិបាលកម្ពុជានិងអង់គ្លេស តែងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជានិច្ច។ ចំណែកទំនាក់ទំនងសែរាជានិយមវិញ ឯកឧត្តមថា អង្គព្រះមហាក្សត្រកម្ពុជា និងអង់គ្លេស តែងបង្ហាញភាពស្និទ្ធស្នាលទៅវិញទៅមកមិនធ្លាប់ចោទជាបញ្ហាឡើយ។

ឯកឧត្តម ផៃ ស៊ីផាន បានពន្យល់អំពីកិច្ចសហប្រតិបត្តិការរវាងអង់គ្លេសនិងកម្ពុជាកន្លងមក ដោយអង់គ្លេស ធ្លាប់ជួយកម្ពុជាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ការបោសសម្អាតមីនក្នុងស្រុក ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម ហើយអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏សង្ឃឹមដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងនៅតែល្អប្រសើរ ឬកាន់តែប្រសើរឡើងនាពេលខាងមុខ ដោយការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិបន្តរវាងកម្ពុជានិងអង់គ្លេស។

បច្ចុប្បន្នចក្រភពអង់គ្លេសក៏បានធ្វើការកែទម្រង់ចំណុចមួយចំនួនក្នុងប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីផ្តល់ភាពអនុគ្រោះឱ្យកម្ពុជាកាន់តែ ច្រើនសម្រាប់ការនាំចេញទំនិញទៅចក្រភពអង់គ្លេស ដែល GSP នេះ អាចជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហគមន៍អឺរ៉ុប ដែលផ្តាច់ចេញពីកម្ពុជាកាលពីពេលកន្លងទៅ។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-អង់គ្លេស គិតត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ នេះ មានទំហំប្រមាណជាង៥៨១លានដុល្លារ។ ចំនួននេះ កើនឡើងជិតពាក់កណ្តាល ឬស្មើនឹង៤៥% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner