កសិកររំពឹងថា មៀនប៉ៃលិននឹងមានទីផ្សារល្អជាងឆ្នាំមុនដោយសារមានក្រុមហ៊ុនឯកជនច្រើនរង់ចាំបញ្ជាទិញ

ភ្នំពេញ៖ប្រធានសហគមន៍មៀនប៉ៃលិនរំពឹងថាទីផ្សារមៀនប៉ៃលិននៅឆ្នាំ២០២២នេះ អាចនឹងមានតម្លៃប្រសើរជាងឆ្នាំ២០២១ ព្រោះនាពេលបច្ចុប្បន្នមានក្រុមហ៊ុនឯកជនច្រើន រង់ចាំបញ្ជាទិញមៀនប៉ៃលិនពីប្រជាកសិករ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CPA នៅថ្ងៃពុធទី២៨ខែកញ្ញានេះថា បច្ចុប្បន្នកសិករកំពុងចាប់ផ្តើមប្រមូលផល មៀនប៉ៃលិនបណ្តើរៗហើយ ខណៈតម្លៃហាក់ប្រសើរជាងឆ្នាំកន្លងទៅ ព្រោះមានឈ្មួញចាំទទួលទិញច្រើន។

លោកបញ្ជាក់ថា៖«បច្ចុប្បន្នមៀនប៉ៃលិនមានតម្លៃ៣២០០ រៀលក្នុងមួយគីឡូក្រាម ដោយតម្លៃនេះគឺប្រសើរជាងឆ្នាំមុន។ ប៉ុន្តែបើបានមួយគីឡូក្រាម តម្លៃបួនពាន់រៀល វាកាន់តែប្រសើរ អាចធ្វើឱ្យអ្នកដាំមៀនប៉ៃលិនទទួលបានចំណេញខ្លះ ខណៈតម្លៃជាងបីពាន់រៀលនោះ គឺមិនចំណេញនោះទេ គ្រាន់តែបានរួចខ្លួនប៉ុណ្ណោះ ព្រោះបច្ចុប្បន្នប្រេងសាំងឡើងថ្លៃ»។

លោកបន្តថា សព្វថ្ងៃមៀនប៉ៃលិនត្រូវបាននាំចេញទីផ្សារប្រទេសថៃ និងចែកចាយលក់នៅក្នុងស្រុកមួយចំនួន ហើយលោករំពឹងថា មៀនប៉ៃលិន នឹងមានទីផ្សារកាន់តែប្រសើរឡើង នៅពេលដែលអាចនាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខឆាប់ៗនេះ។

លោកមានសុទិដ្ឋិនិយមច្រើនដោយបានបន្ថែមថា៖«ទីផ្សារនឹងអាចប្រសើរជាងឆ្នាំមុន ព្រោះឃើញថា មានឈ្មួញ ក៏ដូចជាក្រុមហ៊ុនធំៗនឹងបញ្ជាទិញមៀនពីកសិករក្នុងបរិមាណច្រើន។ ដូច្នេះ! កសិករមានជម្រើស ក្រុមហ៊ុនណាឱ្យតម្លៃខ្ពស់ជាង គឺលក់ឱ្យអ្នកហ្នឹងហើយ ខណៈទិន្នផលមៀនប៉ៃលិននឹងមានច្រើនជាងឆ្នាំមុន ព្រោះកសិករបានបញ្ជាឱ្យមានផ្លៃច្រើន ដោយសារមានទីផ្សារល្អ»។

លោកបន្ថែមថា គិតមកដល់ពេលនេះ កសិករដាំមៀនប៉ៃលិនចំនួនច្រើនហើយ ដែលបានទៅចុះបញ្ជីចម្ការ ពីការអនុវត្តកសិកម្មល្អ(CAMGAP) ព្រោះកសិករបានយល់ដឹងពីអត្ថប្រយោជន៍ច្រើនទាក់ទងនឹងការអនុវត្តកសិកម្មល្អ។

លោកថ្លែងថា៖«គាត់យល់ដឹងថា ល្អប្រសើរច្រើន ទាក់ទងនឹងការអនុវត្តកសិកម្មល្អ ព្រោះការនាំចេញកសិផលកសិកម្មទៅប្រទេសក្រៅត្រូវអនុវត្តតាមកសិកម្មល្អ ដើម្បីឱ្យផលិតផលកសិកម្មយើងមានគុណភាពល្អ តាមការណែនាំរបស់ក្រសួងកសិកម្ម ទើបទទួលបានតម្លៃសមរម្យ»។

លោក ភត់ សុផាន់បូរី ប្រធានប្រឹក្សាភិបាល នៃក្រុមហ៊ុនពេជ្រចិន្តា បានឱ្យដឹងថា ក្រុមហ៊ុនពេជ្រចិន្តា នឹងប្រមូលទិញមៀនប៉ៃលិនពីប្រជាកសិករនៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យចំនួនជិត១ម៉ឺនតោន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន នៅដើមខែតុលាខាងមុខនេះ។

លោកថ្លែងដូច្នេះថា៖«ក្រុមហ៊ុននឹងប្រមូលទិញពីពេលនេះ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ដោយសារក្រុមហ៊ុនយើង មានការបញ្ជាទិញពីក្រៅប្រទេស ដោយគេបញ្ជាទិញទាំងប្រភេទមៀនប៉ៃលិនស្រស់ និងមៀនតំណាប់។ យើងបានចរចាររបាំងបច្ចេកទេស មានតែប្រទេសចិនទេ ដែលបានបញ្ជាទិញខ្ពស់»។

លោកបន្តថា មៀនដែលក្រុមហ៊ុន នឹងប្រមូលទិញ គឺជាមៀន ដែលដាំអនុវត្តតាមស្តង់ដារកសិកម្មល្អកម្ពុជា(CAMGAP) ខណៈបច្ចុប្បន្នមានកសិរចំនួនធំហើយ ដែលនឹងបញ្ចេញលក់ផលិតផលមៀនប៉ៃលិនទៅឱ្យក្រុមហ៊ុនរបស់លោក។

កន្លងមកក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានប្រកាសទិញមៀនប៉ៃលិនពីសហគមន៍មៀនប៉ៃលិន នៅរដូវប្រមូលផលដែល​នឹង​ចូលមកដល់​នៅ​ខែកញ្ញា ដើម្បី​នាំចេញ​ទៅ​កាន់ទីផ្សារប្រទេសចិន​។ 

តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន ក្នុងតម្លៃជាក់លាក់ចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀលក្នុងមួយគីឡូក្រាម គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានកសិកម្មឱ្យដឹងថា គិតត្រឹមខែមិថុនាឆ្នាំ២០២២ ម្ចាស់ចម្ការមៀនប៉ៃលិនយ៉ាងហោចណាស់ ៦៤ បានចុះបញ្ជីចម្ការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីអនុវត្តគោលការណ៍កសិកម្មល្អ(CAMGAP)សម្រាប់នាំចេញ។យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា​មានផ្ទៃដីដាំដុះមៀនប៉ៃលិន និងតាង៉ែនទូទាំងប្រទេសសរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ក្នុងនោះទំហំដី ៦ ៩២៧ ហិកតា ផ្ដល់ទិន្នផលមៀនប៉ៃលិន ជាមធ្យមចំនួន១៦តោនក្នុងមួយហិកតា៕
ដោយ៖ហ្វីន ហ្វ្រីដា

.មៀនប៉ៃលិន(រូបថត ហ្វេសប៊ុក)

ads banner