កម្ពុជាទទួលបានការសរសើរថា ពិតជាមានបទពិសោធន៍ខ្ពស់ ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១

ភ្នំពេញ៖ តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍រៀបចំមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ បានអោយដឹងថា តំណាង OCA បានបានវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជា ហាក់បីដូចជាមានបទពិសោធន៍ខ្ពស់ ក្នុងការទទួលរៀបចំកម្មវិធីអន្ដរជាតិធំៗ ដែលមានភាពគ្រប់ជ្រុងជ្រោយ ផ្ដល់នូវទំនុកចិត្ត និងជាទីកក់ក្ដៅ »។ នេះការបញ្ជាក់របស់ក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមអធិតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការរៀបចំមហាសន្និបាត ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា លោក Jeans Zhou Jian ប្រធានផ្នែកផ្សព្វផ្សាយរបស់ OCA បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំមហាសន្និបាត OCA នាដើមខែតុលាខាងមុខ ។ ឯកឧត្តម បន្តថា ឯកឧត្តមបណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គ្រប់គណៈកម្មការជំនាញ ពិសេសពាក់ព័ន្ធការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងដោះស្រាយគ្រប់បញ្ហាបន្ដិចបន្ដួច ក្រោមកិច្ចសហការ រវាងគណៈកម្មការអន្ដរក្រសួង ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌជ្រោយចង្វារ ដើម្បីធានាបានការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ សុវត្ថិភាព និងភាពកក់ក្ដៅ ដល់ប្រតិភូចំនួន ៣០៦នាក់ ដែលជាភ្ញៀវផ្លូវការត្រៀមចូលរួមមហាសន្និបាត OCA នៅកម្ពុជា ដែលមកពីបណ្ដាប្រទេសសមាជិក និងចលនាអូឡាំពិកអាស៊ី ៤៥ប្រទេស បូករួមទាំងប្រទេសចូលរួមសង្កេតការណ៍ ១០ប្រទេសទៀត ហើយក៏មានខ្សែរាជវង្ស ដែលជាព្រះអង្គម្ចាស់នឹងយាងចូលរួមផងដែរ ។
ឯកឧត្តម បន្ថែមថា «នេះជាពេលវេលា ដែលយើងត្រូវស្វែងរកការគាំទ្រពីចលនាអូឡាំពិកក្នុងទ្វីបអាស៊ីរបស់យើង ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ ។ អ្វីដែលយើងចង់បាន យើងដឹងហើយ ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ និងផ្ដល់នូវភាពកក់ក្ដៅ ក្នុងការចង្អុលបង្ហាញ និងការរៀបចំការទទួលភ្ញៀនេះឲ្យបានល្អ ថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះ ប្រកបដោយកិត្តិយសជាតិ ផ្សព្វផ្សាយទៅក្រៅប្រទេស ឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាកាន់តែលេចត្រដែត និងជំរុញការអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ច សង្គមរបស់យើងថែមទៀត»។
គួរបញ្ចាក់ថា មហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត នាថ្ងៃទី០៤ ខែតុលា ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងការកសាង ក៏ដូចជាជំរុញចលនាកីឡាជាតិ និងចលនាកីឡាអូឡាំពិក ហើយក៏ជាសន្ទរកថាគន្លឹះ បង្ហាញជូននូវសក្ដានុពលរបស់រាជរដ្ឋាភិបាល ចំពោះនយោបាយកីឡាជាតិ ជាមួយចលនាអូឡាំពិកអន្ដរជាតិ ដើម្បីកសាងសង់ពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡាគឺបានកសាងពិភពលោកមួយឲ្យមានសុខដុមរមនាផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner