ការព្រួយបារម្ភបានកើតឡើងជាថ្មី ក្រោយមានករណីលួចកាប់ឈើប្រណិតនៅតំបន់អង្គរបន្តកើតមាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកធ្វើការផ្នែកបរិស្ថាននៅថ្ងៃទី២៩ខែកញ្ញានេះស្នើឱ្យមានគ្រប់គ្រងរណារយន្ត ក្រោយករណី​លួចកាប់ឈើប្រណិតនៅតំបន់រមណីយអង្គរបន្តកើតមាន។ ឈើធ្នង់ ដែលជាប្រភេទឈើប្រណិតនិងមានទំហំធំត្រូវបានលួ​ចកាប់នាពេលថ្មីៗនេះ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើភូមិបន្ទាយស្រីសហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងអាជ្ញាធរឃុំខ្នារសណ្តាយ បានចុះពិនិត្យលើករណីដើមឈើធ្នង់មួយដើមនេះ មានមុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រត្រូវបានគេលួចអារផ្ដាច់។ គិតមកដល់ថ្ងៃទី២៩ខែកញ្ញានេះឈើត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្នដោយរងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ជូនមករក្សាទុកនៅសង្កាត់​ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងនៅថ្ងៃទី២៩ខែកញ្ញាថា គេមិនបានដឹងថា ជនល្មើសធ្វើសកម្មភាពកាប់បំផ្លាញដើមឈើធ្នង់នេះតាំងពីពេលណាមកទេ តែគេប្រទះឃើញវាដេកដួលទៅលើដីបាត់ទៅហើយនៅព្រឹកថ្ងៃទី២៩ខែកញ្ញានេះ។

លោកបន្ថែម៖ «បន្ទាប់ពីយើងឃើញថា មានគេកាប់យើងក៏ប្រញាប់ទាក់ទងទៅរដ្ឋបាលព្រៃឈើនិងខាងជំនាញផ្សេងទៀ​ត​​ចុះទៅត្រួតពិនិត្យ ។សួរថាកើតឡើងតាំងពីពេលណាខ្ញុំក៏មិនដឹងដែរ តែមើលទៅទើបតែកើតឡើងពីរបីថ្ងៃនេះទេ»។

លោក ឡុង កុសល បានដាក់ការសង្ស័យជាបឋមថា ជនទុច្ចរិតដែលកាប់ឈើធ្នង់មានបំណងកាប់យកទៅលក់ព្រោះតែធ្នង់ជាប្រភេទឈើប្រណិត។ លោកថា៖«គោលបំណងគឺកាប់យកតែម្ដងហ្នឹង។ វាគ្មានអ្នកណាទៅកាប់លេងទេមិនអ៊ីចឹង? វាជារឿងគួរឲ្យសោកស្ដាយដែលពពួកមនុស្សទុច្ចរិតចូលមកកាប់ឈើប្រណិតដែលមិនគិតពីប្រយោជន៍សាធារណៈទូទៅរបស់សង្គមខ្មែរទាំងមូល»។ ចំពោះប្រតិបត្តិការវែកមុខរកជនល្មើសលួចកាប់ឈើធ្នង់លោក ឡុង កុសល ប្រាប់ថា ជាសមត្ថកិច្ចស៊ើបអង្កេតបន្តរបស់រដ្ឋបាលព្រៃឈើ។

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាចាត់ទុកករណីលួចកាប់ឈើប្រណិតជាថ្មីម្ដងទៀតក្នុងតំបន់អង្គរដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើជារឿងគួរឲ្យបារម្ភ។ លោកបានស្នើឱ្យរដ្ឋាភិបាលគួរធ្វើការគ្រប់គ្រងលើរណារយន្តឱ្យបាន។

លោកបន្តថា៖ «ក្នុងនាមខ្ញុំធ្វើការក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិមួយរូបយល់ថា គួរមានចំណាត់ការគ្រប់គ្រងលើការប្រើប្រាស់រណារយន្ត ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណជនល្មើស ហើយអាជ្ញាធរគួរយកចិត្តទុកដាក់បន្ថែមទៀតធ្វើការល្បាតព្រៃតំបន់អង្គរ ព្រោះមិនមែនជាលើកទី១ទេដែលតំបន់អង្គរត្រូវបានគេចូលលួច​កាប់ឈើប្រណិតនោះហើយរកមុខអ្នកកាប់មិនឃើញ។ កន្លងមកមានករណីកាប់ឈើគ្រញូងដែរ តែរកមុខអ្នកកាប់អត់ឃើញ»។

ចំពោះដំណើការកាប់ឈើធ្នង់មួយដើមដែលមានមុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រនេះលោក ហេង គឹមហុង យល់ថាមិនមែនធ្វើឡើងតែមួយថ្ងៃទេ ចុះអាជ្ញាធរម្ដេចមិនបានដឹងឮសកម្មភាពកាប់បំផ្លាញទៅវិញ។

កាលពីកណ្ដាលខែមិថុនាឆ្នាំ២០២២ ដើមគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវបានលួចកាប់ នៅក្នុងចម្ការពូជឈើគ្រញូង ដែលមានទំហំ១.៨៨០ហិកតា ស្ថិតនៅភូមិខ្នាតពោធិ៍ និងភូមិវត្ត ឃុំស្រែពោធិ៍ ស្រុកវ៉ារិន ភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក៏មាន​ករណី​ជន​ល្មើស​បាន​លួច​កាប់​ដើម​ឈើ​គ្រញូង​មួយ​ដើមនៅ​ក្នុង​តំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរផងដែរ។

បើតាមរបាយការណ៍ពីមន្ត្រីបរិស្ថាន​ខេត្តសៀមរាប គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១​នេះ បទល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរមានប្រមាណ​ជាង​១០ករណី។ក្នុងនោះក៏មានករណីមួយចំនួន ត្រូវ​បាន​មន្រ្តីបរិស្ថាន​​បាន​​រឹ​បអូសវត្ថុតាងនិងកសាងសំណុំរឿងទៅតុលាការ​ផងដែរ៕ ដោយ៖អេង រាជនី

ads banner