ពលរដ្ឋជិត ៣០០គ្រួសារទៀតនៅស្រុកក្រឡាញ់ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានជំនួយពីកាកកបាទក្រហមកម្ពុជា

សៀមរាប៖ ប្រជាពលរដ្ឋចំនួន ២៨០គ្រួសារទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់ ទទួលបានអំណោយពីកាកកបាទក្រហមកម្ពុជាសាខាខេត្ដសៀមរាប ខណៈដែលប្រជាពលរដ្ឋចំនួនជាង ១ពាន់គ្រួសារនៅស្រុកចំនួន៣ បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងសាខាកាកកបាទក្រហមកម្ពុជាដូចគ្នានេះដែរ ការផ្ដល់អំណោយទាំងនេះ ធ្វើឡើងង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក សុខ ណារ៉េត អភិបាលស្ដីទីស្រុកក្រឡាញ់ ខេត្ដសៀមរាប បានឱ្យដឹងថា អំណោយទាំងនោះរួមមាន អង្ករចំនួន ៨តោ ៤០០គ.ក ទឹកត្រី ២៨០យួរ មី២៨០កេស ត្រីខ ២៨០យួរ ថវិកា ១៤លានរៀល និងសម្ភារៈមួយចំនួនទៀត។

លោក សុខ ណារ៉េត បានថ្លែងថា ជំនន់ទឹកភ្លៀង បានហូរមកពីស្រុកស្រីស្នំ និងស្រុកវ៉ារិន បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិចក្រោមផ្ទះ លិចបរិវេណទីធ្លា ផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ អគារដ្ឋបាល សាធារណៈ តាមបណ្តាភូមិ-ឃុំ ក្នុងស្រុក ក្រឡាញ់ ធ្វើឲ្យប៉ះពាល់ឃុំចំនួន១០ឃុំ ស្មើនិង ៥៨ភូមិ ប្រជាពលរដ្ឋរងគ្រោះមានចំនួន ១,៨៩៧គ្រួសារ(ក្នុងនោះគ្រួសាររងគ្រោះខ្លាំង ៧៦១គ្រួសារ ។ លិចផ្លូវជាតិលេខ៦៨ លិចផ្លូវលំក្នុងភូមិ។លោកបន្ដថា កន្លងមកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ប្រឈមនឹងការខ្វះខាតស្បៀងចំនួ ៥១១គ្រួសារបានទទួលអំណោយហើយដែរ ហើយប្រជាពលរដ្ឋចំនួន ៣០០គ្រួសារទៀតនឹងទទួលបានអំណោយពីសប្បុរសជនបន្ថែមទៀត ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាង ១ពាន់គ្រួសារ រួមមានស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកអង្គរជុំ បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងកាកកបាទក្រហមកម្ពុជាខេត្ដសៀមរាប ។

ឯកឧត្តមមានប្រសាសន៍ថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៍ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែនៅជាមួយប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមបន្ថែមថា អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

យោងតាមរបាយការណ៍របស់គណកម្មាធិការគ្រោះមហន្ដរាយខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥០៣១គ្រួសារ ភូមិចំនួន ៣១៤ភូមិ ឃុំចំនួន ៦១ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៣២ ៦៥៣ហិកតា ដែលស្មើ ២៣៥៧៨គ្រួសារ ដំឡូងមី ៤៦២៦ហិកតា ដែលស្មើរនឹង ៣៦២៦គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងសត្វចិញ្ចឹមផងដែរ ៕ ដោយ ស៊ាន សុផាត

ads banner