កម្ពុជា-អ៊ីរ៉ង់ ចុះMOU ពង្រឹងលើវិស័យទេសចរណ៍ និងកីឡា ត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងអាចធ្វើឡើងរវាងកម្ពុជា និងប្រទេសអ៊ីរ៉ង់ លើវិស័យទេសចរណ៍ និងកីឡា នាពេលខាងមុខឆាប់ៗនេះ ស្របពេលដែលកម្ពុជាកំពុងតម្រង់ទិសយ៉ាងមោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

នេះជាការគូសបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្នុងឱកាសចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី៤១ ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានស្នើសុំជួបប្រធាន NOCC ឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីពិភាក្សាការងារមួយចំនួន លើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យកីឡា ក៏ដូចជាផ្លាស់ប្តូរយោបល់ រិតចំណងសាមគ្គីភាព មិត្តភាពនៃគណៈកម្មាធិការជាតិនៃប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់។

«ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់អូឡាំពិកអ៊ីរ៉ង់ ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា នាពេលកន្លងមក។ ជាក់ស្តែង គ្រូបង្វឹកការ៉ាតេមកពីប្រទេសអ៊ីរ៉ង់ និងគ្រូចំបាប់ ដែលមានគុណវុឌ្ឍិខ្ពស់ មកចែករំលែកដល់អត្តពលិកជម្រើសជាតិកម្ពុជា។ ការផ្លាស់ប្តូរយោបល់នេះ ផ្តោតសំខាន់លើវិស័យទេសចរណ៍ផង និងកីឡាផង។ កិច្ចពិភាក្សាគ្នានេះ នឹងឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខឆាប់ៗនេះ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានអញ្ជើញឯកឧត្តមបណ្ឌិត ថោង ខុន ទៅធ្វើទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ នាពេលខាងមុខ ដើម្បីស្វែងរកពេលវេលាសមស្របណាមួយចុះ MOU នៃប្រទេសទាំងពីរលើវិស័យកីឡា-ទេសចរណ៍។ ការចុះ MOUនេះ នឹងអាចធ្វើឡើង ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា អ្វីជាការកត់សម្គាល់ គឺប្រទេសអ៊ីរ៉ង់មានសក្តានុពលខ្លាំង លើប្រភេទកីឡាប្រយុទ្ធ។ ដូច្នេះហើយ ទើបឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឲ្យភាគីអ៊ីរ៉ង់ ជួយឧបត្ថម្ភគាំទ្របន្ថែម លើការអភិវឌ្ឍវិស័យកីឡាជូនដល់កម្ពុជា ឲ្យកាន់តែល្អប្រសើរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងក្លៀវក្លា ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន។

ឯកឧត្តមអគ្គលេខាធិការ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កីឡាកម្ពុជា និងកីឡាអ៊ីរ៉ង់ នឹងសហប្រតិបត្តិការគ្នាយ៉ាងល្អ ហើយពង្រឹងបាននូវគុណភាពបច្ចេកទេសកម្រិតខ្ពស់ ដែលអាចចូលរួមប្រកួតប្រជែងក្នុងកម្រិតពិភពលោកបាន។ «កិច្ចសន្ទនាគ្នានេះ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលនឹងអាចឈានដល់ការចុះ MOU ជាមួយគ្នាឲ្យបានឆាប់រហ័ស ដើម្បីត្រៀមបង្កើនគុណភាពបច្ចេកទេសរបស់ប្រភេទកីឡាមួយចំនួន ត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ ជាលើកដំបូងនេះ»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner