មន្រ្តីក្រសួងពាណិជ្ជកម្ម​ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​នឹងជួយធ្វើកំណែទម្រង់កម្ពុជា​ ធានាបាននូវប្រសិទ្ធភាព​ពេល​កម្ពុជាចាកចេញពីប្រទេស​កម្រិត​អភិវឌ្ឍន៍​តិចតួច

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ពុជា​ និយាយថាការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) នឹងជួយធ្វើកំណែទម្រង់ប្រទេសកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៅពេលខាងមុខ ខណៈកម្ពុជានឹងអាចចាកចេញពីប្រទេសកម្រិតអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០២៨ តាមរយៈការបង្កើតក្របខណ្ឌគតិយុត្តទំនើបថ្មី​។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងវេទិកាធុរកិច្ចអាស៊ានស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» តាមប្រព័ន្ធវីដេអូដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​ ឯកឧត្តម អ៊ុក ប្រជា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលតំណាងឱ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាបើកវេទិកា​។

ក្នុងសន្ទរកថានោះ ឯកឧត្តម អ៊ុក ប្រជា អះអាងថា តាមរយៈការទាញប្រយោជន៍ជាអតិបរិមានៃពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងជួយកម្ពុជាឲ្យចាកចេញពីប្រទេសដែលមានកម្រិតអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៨ ប្រកបដោយប្រសិទ្ធខ្ពស់ ដោយសារបង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា «យើងនឹងអាចបង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធច្បាប់ គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់ កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ មានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងចិន និងណូវែលហ្សេឡង់ គ្របដណ្តប់ ប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬស្មើ ៣០ភាគរយ នៃចំនួនប្រជាជនលើពិភពលោក និងមាន ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ព្រមទាំងក្នុងសាកលលោក ហើយ​វាជាសញ្ញាណនៃការបង្ហាញការគាំទ្រលើប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយម របស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

សម្រាប់លោកសេង វណ្ណលី សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិនិងជាអ្នកតាមដាននយោបាយក្នុងតំបន់ យល់ឃើញថា RCEP នឹងជួយពង្រឹងលំហូរនៃទំនិញ និងសេវាកម្ម ដែលជួយឲ្យប្រទេសជាសមាជិកអាចតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាឡើងស្របពេល កិច្ចព្រមព្រៀងនេះបានកាត់បន្ថយអាត្រាពន្ធរហូត ៩០ភាគរយ។

ស្រដៀងនឹងការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ លោកសេង វណ្ណលី ថា RCEP នឹងទប់ស្កាត់នយោបាយគាំពារនិយម និង របស់ប្រទេសនានាជាពិសេសសហរដ្ឋអាមេរិក។

សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា  វិញ គូសបញ្ជាក់ថា  RCEP នឹងជួយការនាំចេញកាន់តែទូលាយ ដោយហេតុវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ដែលអាចជំរុញការវិនិយោគក្នុងស្រុកកាន់តែកើនឡើង ក៏ដូចជាការវិនិយោគពីក្រៅស្រុកផង។ ក្នុងន័យនេះ RCEP អាចចូលរួមមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងស្រុកច្រើនជាងមុន ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជួយធានាបាននូវប្រសិទ្ធភាពក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៨ ខាងមុខនោះ​។

អ្នកជំនាញសេដ្ឋកិច្ចរបស់កម្ពុជារូបនេះសង្កត់ធ្ងន់ផងដែរថា កិច្ចព្រមព្រៀង​ RCEP នឹងឈានទៅរំលាយនយោបាយគាំពារនិយមរបស់មហាអំណាច ជាពិសេសសហរដ្ឋអាមេរិកដែលបានរៀបយុទ្ធសាស្ត្រ បិទផ្លូវពាណិជ្ជកម្មប្រទេសដៃគូប្រកួតប្រជែងតាំងពីជំនាន់រដ្ឋបាលលោកដូណាល់ ត្រាំ។ «RCEP បានកាត់ផ្តាច់រនាំងគាំពារនិយមនេះ ព្រោះប្រទេសជាសមាជិកដ៏ច្រើនអាចធ្វើពាណិជ្ជកម្មនឹងគ្នាបានដោយសេរី ដែលអាចជំរុញកំណើនទីផ្សារផលិតផលរបស់ប្រទេសជាសមាជិករួមនឹងកម្ពុជាផង»។

គួររំឭកថា កិច្ចព្រមព្រៀងភាពជាដៃគូរគ្រប់ជ្រុងជ្រោយនិងតំបន់ (RCEP) ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្តើមការចរចាជាផ្លូវការក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីឌីអូ (Online Conference) ខណៈវៀតណាមធ្វើជាម្ចាស់ផ្ទះ។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយ សម្រាប់កម្ពុជា៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner