ការប្រកួតកីឡាវាយសី T Open 2022 នឹងរួមចំណែកជួយបំផុសឲ្យកីឡាវាយសីកាន់តែផុសផុលនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្លឹបកីឡាវាយសី T BADMINTON COURT នឹងរៀបចំការប្រកួតកីឡាវាយសីពានរង្វាន់ T Open 2022 នៅទីលានកីឡាវាយសី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាធានីភ្នំពេញ។

លោក ព្រំ សារ៉ាវុធ តំណាងក្លឹបកីឡាវាយសី T BADMINTON COURT បានបញ្ជាក់ឲ្យដឹងថា ការប្រកួតនេះ គ្រោងរៀបចំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២២ នៅទីលានកីឡាវាយសីក្លឹប T BADMINTON COURT ដោយបែងចែកជា២កម្រិត គឺកីឡាករទើបតែចេះលេង និងកីឡាករដែលមានបទពិសោធន៍លេងយូឆ្នាំ ពោលគឺកីឡាករជំនាញ ប្រកួតលើវិញ្ញាសាវាយគូរតែមួយប៉ុណ្ណុះ។

តំណាងក្លឹប បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួតមួយនេះ ក្លឹបនឹងផ្តល់ឱកាសឲ្យកីឡាករមកចូលរួមមកពីក្លឹបទូទាំង២៥ខេត្ត ក្រុង ប៉ុន្តែមិនអនុញ្ញាតិឲ្យកីឡាករជម្រើសជាតិចូលរួមប្រកួតនោះទេ ។ ពោលការប្រកួតនេះ គឺក្លឹបមានគោលដៅផ្តល់ឱកាសឲ្យកីឡាករទើបចេះលេងបានចូលរួមប្រកួតប្រជែង និង កីឡាករដែលមានជំនាញប្រកួតជាមួយកីឡាករមានជំនាញដូចគ្នា ដើម្បីបង្កើតនូវសាមគ្គីភាព មិត្តភាព រវាងក្លឹបនិងក្លឹប និងផ្សារភ្ជាប់ទំនាក់ទំនងក្រុមគ្រួសារកីឡាវាយសីតែមួយ ដើម្បីបំផុសឲ្យវិស័យកីឡាវាយសីនៅកម្ពុជាកាន់តែផុសផុលរីកចំរើនដូចបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។

តំណាងក្លឹបខាងលើ បានពន្យល់ទៀតថា ការប្រកួតដែលក្លិបរៀបចំលើកដំបូងនេះ ក្លឹបបានអុញ្ញាតិឲ្យកីឡាករបរទេសចូលរួមប្រកួតជាមួយកីឡាករកម្ពុជាយើងផងដែរ ក្នុងនោះមានកីឡាករឥណ្តូនេស៊ី វៀតណាម ចិន និងម៉ាឡេស៊ី ដើម្បីជាការផ្សារភ្ជាប់រិតចំណងទំនាក់ទងអន្តរជាតិរវាងប្រជាជនកម្ពុជាជាមួយបណ្តាប្រទេសទាំងនោះឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

តំណាងក្លឹបរូបនេះ បានគូបញ្ជាក់ទៀតថា សម្រាប់ការរៀបចំការប្រកួតលើកដំបូងនេះ ក្លឹបបានប្តេជ្ញាថា រៀបចំឲ្យមានលក្ខណៈស្តង់ដារ និងមានតម្លាភាពបំផុតសម្រាប់កីឡាករចូលរួមទាំងជាតិនិងអន្តរជាតិ មានន័យថា កីឡាករដែលមកចុះឈ្មោះចូលរួមប្រកួតទាំងអស់ត្រូវបែងចែកជាពីរកម្រិត គឺកម្រិតកីឡាករទើបតែចេះលេង និងកម្រិតកីឡាករជំនាញ ដោយពុំមានការបន្លំសមាសភាពឡើយ ពោលគឺយើងមានគណៈកម្មការតាមដាន។

សម្រាប់ការប្រកួតនេះ ជ័យលាភីទាំង២កម្រិត ចំក្រុមជាប់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ និងសម្ភារៈកីឡាមួយចំនួន ចំណាត់លេខ២ ទទួលបានរង្វាន់លើកទឹកចិត្តចំនួន៣០០ដុល្លារ និងសម្ភារៈកីឡា និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២០០ដុល្លារ និងសម្ភារៈកីឡាមួយចំនួន៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner