កម្មករ​ជា​ស្ត្រី​​ក្នុង​វិស័យ​កសិ​-ពាណិជ្ជ​កម្មក្រៅ​ប្រព័ន្ធមិន​ទាន់​ទទួល​បាន​កិច្ច​គាំ​ពារ​សង្គម​នៅ​ឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្មករ​ជា​ស្ត្រី​​នៅ​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​កម្ពុជា ​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រៅ​ប្រព័ន្ធដែល​មិន​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​គាំពារ​សង្គម និង​ការ​ការ​ពារ​ក្រោម​ច្បាប់​ការ​ងារ​។ ដូច្នេះ​មាន​៩៩​,៨​ភាគរយនៃ​កម្មករ​ជា​ស្ត្រី​នៅ​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​កម្ពុជា ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែ​ងាយ​រង​គ្រោះ​ទៅ​នឹ​ង​ភាព​ក្រី​ក្រ​រ៉ាំ​រ៉ៃ ប្រាក់​ឈ្នួល​ទាប ជំងឺ គ្រោះ​ថ្នាក់​ការ​ងារ ការ​កេង​ប្រវ័ញ្ច និង​ការ​អនុវត្ត​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ក្នុង​សង្គម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ ​នេះ​បើ​តាម​របាយ​ការណ៍​អង្គការ​អុក​ស្វាម (Oxfam) ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​។

អង្គការ​អុក​ស្វាម​៖ «​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិស័យ​កសិ​ពាណិជ្ជ​កម្ម និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ធា​នា​ថាសិទ្ធិ​ស្ត្រី​ដែល​ជា​កសិករ និង​កម្មករ និង​ក្រុម​ជន​ដែល​ងាយ​រង​គ្រោះ​ដទៃ​ទៀត​ទទួល​បាន​ការ​ការ​ពា​រ»​។

យោង​តាម​របាយ​ការណ៍ «Harvesting Inequality​៖​ ផល​ប៉ះ​ពាល់​លើ​សង្គម​នៃ​ការ​វិនិយោគ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​នៅ​អាស៊ី» របស់​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​យុត្តិធម៌​ អាស៊ី (FFA) និង​កម្ម​វិធី​លើក​កម្ពស់​យេនឌ័រ និង​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​តំបន់​អាស៊ី​អាគ្នេយ៍ (GRAISEA) បញ្ហា​ទាំង​នេះ រួម​មាន ការ​រើស​អើង​ផ្អែក​លើ​យេន​ឌ័រ​ចំពោះ​កសិករ​ស្ត្រី ​លក្ខ​ខណ្ឌ​ការ​ងារ​កេង​ប្រវ័ញ្ច ទាស​ភាព​សម័យ​ទំនើប ពលកម្ម​ដោយ​បង្ខំ ពល​កម្ម​កុមារ ការ​ងារ​ក្រៅ​ប្រព័ន្ធ និង​មិន​ច្បាស់​លាស់ ការ​រំលោភ​លើ​សេរី​ភាព​នៃ​សមាគម និង​សិទ្ធិ​រៀប​ចំ ប្រាក់​ឈ្នួល​ទាប និង​លក្ខ​ខណ្ឌ​ការ​ងារ​ដ៏​គ្រោះ​ថ្នាក់​។

របាយ​ការណ៍​ដ​ដែល​បញ្ជាក់​ថា​៖ «​និរន្តរ​ភាព​នៃ​វិស័យ​កសិ​ពាណិជ្ជ​កម្ម​នៅ​អាស៊ី ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជីវ​ភាព​រស់​នៅ និង​សន្តិ​សុខ​ស្បៀង​របស់​ប្រជាជន​ខ្លួន​។ ការ​រួម​ចំណែក​របស់​កសិករ​ជា​ស្ត្រី​​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​នៅ​តែ​បន្ត​មាន​តម្លៃ​ទាប​ដោយ​សារ​តែ​ការ​រើស​អើង​យេនឌ័រ​។

ទោះ​បី​ជា​មាន​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ក៏​ដោយ ក៏​ការ​អនុវត្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​បាន​​រីក​សាយ​ភាយ​នៅ​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​របស់​អាស៊ី ដូច​ជា​ការ​រំលោភ​លើ​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការ​ងារ​»​។

របាយ​កាណ៍​នេះ​បន្ត​ថា គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ជា​ច្រើន​នៅ​អាស៊ី​រួម​ចំណែក​ដល់​ការ​អនុវត្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​ក្នុង​វិស័យ​កសិ​​ពាណិជ្ជ​កម្ម តាម​រយៈ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​កសិ​ពាណិជ្ជ​កម្ម ដែល​មិន​ប្រកាន់​ភ្ជាប់​នូវ​ស្តង់​ដារ​អន្តរ​ជាតិ ស្ដី​ពី​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការ​ងារ​។

បន្ថែម​ពី​នេះ​ទៅ​ទៀត ការ​អនុវត្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​ក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​បន្ត​រីក​សាយ​ភាយ​មួយ​ផ្នែក​ដោយ​សារ​ចំណុច​ខ្វះ​ខាត​នៃ​គោល​នយោបាយ និង​កង្វះ​ការ​អនុវត្ត​គោល​នយោបាយ​ពី​​​ស្ថា​ប័ន​​គ្រប់​គ្រង​ជាតិ និង​ថ្នាក់​តំបន់ និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​​។

ជុំ​វិញ​រឿង​នេះ លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ បាន​ប្រាប់​ថា អ្នក​ដែល​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​ទាំង​អស់មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មិន​ទាន់​ទទួល​បាន​ប្រព័ន្ធ​គាំ​ពារ​សង្គម និង​ប្រព័ន្ធ​ជំនួយ​សង្គម ពី​រាជ​រដ្ឋាភិបាល​នៅឡើយ​។ ទោះ​បី​ជា​ទទួល​បាន​ប្រព័ន្ធ​ទាំង​នេះ ចំពោះ​ស្ដ្រី គឺ​ទទួល​បាន​តិច​តួច​ណាស់​។

លោក​បន្ត​ថា ដូច​ជា ក្រុម​អ្នក​លក់​ដូរ ក្រុម​កសិករ ក្រុម​កម្មករ​សំណង់ និង​ក្រុម​កសិ​ពាណិជ្ជ​កម្ម គឺ​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន ប្រព័ន្ធ​ជំនួយ​សង្គម​ពី​រដ្ឋ​ និង​កិច្ច​គាំ​ពារ​សង្គម ដែល​មាន​ប្រព័ន្ធ​សន្តិ​សុខ​សង្គម​ ហើយ​មិន​ទាន់​អនុវត្ត ទៅ​លើ​អ្នក​ធ្វើ​ការ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​។

លោក វន់ ពៅ លើក​ឡើង​ថា​៖ «​យើង​មាន​ឯក​សារ​គតិ​យុត្តិ ច្បាប់ ស្ដី​ពី​របប​សន្តិ​សុខ​សង្គម គ្រប​ដណ្ដប់​ទៅ​លើ​អ្នក​ធ្វើ​ការ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ក៏​ដោយ ប៉ុន្តែ​ច្បាប់​នេះ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​សម្រាប់​អ្នក​​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​នោះ​ទេ ជា​ពិសេស​ស្ដ្រី​»​។

លោក​បន្ថែម​ថា​៖ «​ការ​អភិវឌ្ឍ​គោល​នយោបាយ​គាំ​ពារ​សង្គម​ប្រកប​ដោយ​បរិយា​ប័ន្ន ប៉ុន្តែ​ធាតុ​ពិត គឺ​អត់​មាន មាន​តែ​សរសេរ​នៅ​ក្នុង​ច្បាប់ ក្នុង​គោល​ការណ៍​របស់​រដ្ឋ ចឹង​ហើយ​វា​ជា​រឿង​មួយ ដែល​យើង​អំពាវ​នាវ​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​តែ​អនុវត្ត​របប​សន្តិ​សុខ​សង្គម និង​ជំនួយ​សង្គម ទៅ​ដល់​អ្នក​ធ្វើ​ការ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​នឹង ដែល​រដ្ឋ​មាន​ភារ​កិច្ច​ក្នុង​ការ​ផ្ដល់​កិច្ច​គាំ​ពារ​សង្គម​»​។

ចំណែកឯ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម សុំមិនឆ្លើយសំណួរ ដោយលើកទៅឲ្យសួរខាងក្រសួងផ្សេងវិញ៕

ដោយ៖ជា សុខនី

ads banner