ពិធីបិទវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យ គណបក្សប្រជាជនកម្ពុជា ជំនាន់ទី១

ភ្នំពេញ៖ ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវិមាន៧មករា ។

ឯកឧត្តម ហ៊ុន ម៉ានិត បានឲ្យដឹងថា វគ្គសិក្សានេះបានប្រព្រឹត្តទៅយ៉ាង រលូនល្អ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។
សិក្ខាកាមទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត ដោយមានមូលដ្ឋានត្រឹមត្រូវ ស្របតាមគោលបំណង និងឧត្តមគតិនៃការងារត្រួតពិនិត្យគណបក្ស អនុលោមតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់កម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបឥតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។ ផ្អែកលើមូលដ្ឋានចំណេះដឹងនេះ ធ្វើឱ្យសិក្ខាកាមម្នាក់ៗកាន់តែលើក កម្ពស់នូវសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមកសាង និងពង្រឹងគណបក្សនៅថ្នាក់របស់ខ្លួន ក៏ដូចក្នុង ការអនុវត្តតួនាទី ភារកិច្ចដែលគណបក្សបានប្រគល់ឱ្យ ព្រមទាំងកសាងខ្លួនក្នុងនាមជាមន្ត្រីជំនាញនៃ គ ណៈកម្មាធិការត្រួតពិនិត្យ ដើម្បីតម្លាភាព ប្រសិទ្ធភាពការងារ ស្មារតីទទួលខុសត្រូវ ក៏ដូចអំពីចំណេះដឹង និងបទពិសោធន៍លើ ការងារដែលខ្លួនបាននិងកំពុងតែអនុវត្ត ឆ្លើយតបទៅនឹងសំណូមពរនៃការកសាងធនធាន មន្ត្រីជំនាញ របស់គណបក្ស។

ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមគ្រប់រូបដែលបានខិតខំយកចិត្តទុកដាក់ សំដៅធ្វើឲ្យការបំពេញភារកិច្ចការងារត្រួតពិនិត្យគណបក្សកាន់តែមាន ប្រសិទ្ធភាព ការសិក្សាពេលនេះមានរយៈពេលខ្លីមែន តែពិតជាបានផ្ដល់ឱកាសឱ្យសិក្ខាកាម បង្កើនការយល់ដឹងជាងមុនលើការងារជំនាញត្រួតពិនិត្យគណបក្ស សម្រាប់ជាទុនបន្ថែមយកទៅ ប្រើប្រាស់ក្នុងការអនុវត្តភារកិច្ច ។ វគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស រយៈពេល២ថ្ងៃនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ ដើម្បីសិក្សាឈ្វេងយល់នូវទ្រឹស្តីការងារជំនាញ ត្រួតពិនិត្យរបស់គណបក្ស បានចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ បទពិសោធន៍ និងបញ្ហា ប្រឈមនានា ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យគណបក្សនៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀងៗខ្លួន។

ឯកឧត្តម ឯក សំអុលសាង្ឃឹមជឿជាក់ថា ឆ្លងកាត់វគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យ គណបក្សប្រជាជនកម្ពុជា ជំនាន់ទី១ ការងារត្រួតពិនិត្យគណបក្សនឹងដំណើរការទៅមុខ កាន់តែមានប្រសិទ្ធភាព តម្លាភាព ព្រមទាំងសកម្ម និងកាន់តែជឿនលឿនជាងមុន ដើម្បីបំពេញ តួនាទីភារកិច្ចរបស់ខ្លួនស័ក្តិសមជាជំនួយការរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ។

សូមបញ្ជាក់ថា វគ្គសិក្សាបំប៉នការងារ ជំនាញត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជា មានរយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលជាការរួមចំណែកអនុវត្តនូវទិសដៅការងារគណបក្សឆ្នាំ ២០២២ ក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងសមាជិកគណបក្ស ក្នុងការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយ សេចក្តីសម្រេចនានារបស់គណបក្ស ពង្រឹងអង្គការវិន័យចាត់តាំងរបស់គណបក្ស និងបន្តអនុវត្តអភិក្រុម៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលសន្និបាតវិសាមញ្ញបានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការខុសឆ្គងរបស់មន្ត្រី សមាជិកគណបក្ស ៕ ដោយ / គ្រិ សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner