មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង ណែនាំពលរដ្ឋរស់នៅដងទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង ត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកនឹងហូរចាក់ពីឡាវ ហើយអាចឈានដល់ការប្រកាសអាសន្ន

ស្ទឹងត្រែង៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានជូនដំណឹងដល់អាជ្ញាធរស្រុកសៀមប៉ាង ព្រមទាំងប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គ ដងទន្លេសេសាន ជាពិសេសដងទន្លេសេកុង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះទឹកជំនន់នឹងហូរចាក់មកពីប្រទេសឡាវ ហើយអាចឈានដល់ការប្រកាសអាសន្ន។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា៖ «បន្ទាប់ពីមានភ្លៀងធ្លាក់ស្ទើរតែទាំងយប់ទាំងថ្ងៃ និងទឹកហូរធ្លាក់មកពីប្រទេសឡាវផងនោះ ធ្វើឱ្យទឹកទន្លេទាំង៣ ជាពិសេសទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែ បានហក់ឡើងយ៉ាងឆាប់រហ័សក្នុងមួយយប់ឡើងរហូតជាង១ម៉ែត្រ»។

លោក បានឱ្យដឹងថា «នៅព្រឹកថ្ងៃទី៣០ កក្កដានេះថា ស្ថានភាពទឹកទន្លេទាំង៣ ក្នុងខេត្តស្ទឹងត្រែង ទន្លេមេគង្គព្រឹកម្សិល ៨.៥៥ម៉ែត្រព្រឹកនេះ ៩.៨២ម៉ែត្រឡើង ១.២៧ម៉ែត្រ ប្រកាសអាសន្ន ១០.៧០ម៉ែត្រ។ ទន្លេសេកុង ព្រឹកម្សិល មានកម្ពស់ ១០.០០ម៉ែត្រ ព្រឹកនេះមានកម្ពស់ទឹក ១១.០៨ម៉ែត្រឡើង១,០៨ម៉ែត្រ ប្រកាសអាសន្ន ១១.៥០ម៉ែត្រ និងទន្លេសេសានព្រឹកម្សិល៧.៥៥ព្រឹកនេះ មានកម្ពស់ទឹក ៩.០២ម៉ែត្រ ឡើង១.៤៧ម៉ែត្រ ប្រកាសអាសន្ន១០.៥០ម៉ែត្រ»។

លោក បានបន្តថា បន្ទាប់ពីរទទួលឥទ្ធិពលព្យុះ និងមានការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ពេលនេះអស់ព្យុះតែទឹកវានៅមានពីច្រកហូរពីប្រទេសឡាវ មានទន្លេមេគង្គ និងទន្លេសេកុង ហើយស្ថានភាពដងទន្លេទាំង២ ក៏វាខ្លាំង ហើយទន្លេសេសានវិញក៏ទទួលរងព្យុះ។

ជាមួយគ្នានេះ ប្រធានមន្ទីរធនធានទឹក បានបន្តទៀតថា «បើមើលពីស្ថានភាពទឹក មិនទាន់ហូរអស់វាចេះតែឡើង អញ្ចឹងយើងត្រូវតែត្រៀម នៅក្នុងអំឡុង២ថ្ងៃអីទៀត ប្រហែលជាអស់ហើយ តែក៏វាអាចឈានដល់ការ ប្រកាសអាសន្នដែរ សម្រាប់ទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ដែលវាធ្លាប់បាក់ទំនប់សេណាំណយ ខេត្តអត្តពឺន ប្រទេសឡាវ ពេលគេធ្វើភ្ជាប់ឡើងវិញ គេបើកទម្លាក់មក ធ្វើឱ្យទឹកឡើងហក់ឡើងខ្លាំងនៅក្នុងស្រុកសៀមប៉ាង អាចដល់ការប្រកាសអាសន្ន»។

លោក ប៉ាង ប៉េង បានបញ្ជាក់ថា ដោយឡែកទន្លេមេគង្គ នៅក្បែរៗប្រកាសអាសន្ន តាមការព្យាករណ៍របស់ក្រសួងធនធានទឹក។ ចំណែកទន្លេសេសាន ក៏នៅក្រោមការប្រកាសអាសន្នដែរ អញ្ចឹងមានតែសៀមប៉ាងមួយទេ ដែលអាចឈានដល់ការប្រកាសអាសន្ន។
ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរធនធានទឹក បានជូនដំណឹងដល់អាជ្ញាធរគ្រប់ស្រុកតាមតេឡេក្រាមបន្ទាន់ឱ្យគាត់ធ្វើការផ្សព្វផ្សាយតាមភូមិ ឃុំរបស់គាត់ជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ក្នុងស្រុកសៀមប៉ាង៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner