រដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន៩៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន៥ គឺ៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖

  • ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព
  • ឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
    ៤-ការបោះឆ្នោតជ្រើសតាំង៖
  • ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា
    -លោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
    ៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖ ១)ឯកឧត្តម ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ ២)ឯកឧត្តម សៀង ស៊ុតថង អាយុ ៧០ឆ្នាំ ៣)ឯកឧត្តម ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner