ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​និង​អ្នកសេដ្ឋកិច្ច​អបអរសាទរ​និង​គាំទ្រ​ចំពោះ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​”ការនាំចេញនៅនឹងកន្លែង”

​ភ្នំពេញ​៖​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា អ្នកសេដ្ឋកិច្ច​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ ប្រសាសន៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​នៃ​កម្ពុជា ដែល​បាន​លើកទឹកចិត្ត ផង​និង​ជំរុញ ផង​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ការដាំដុះ​ចិញ្ចឹមសត្វ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​តាម​”​ទស្សនទាន​ការនាំចេញ​នៅនឹងកន្លែង​”​ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​ដោយ​ចាត់ទុកថា​ទស្សនទាន​នៃ​ការនាំចេញ​នៅនឹងកន្លែង​របស់​សម្តេច​តេ​ជោ គឺ​ដើម្បី​ភាព​ឯករាជ្យ​និង​ម្ចាស់ការ​លើ​ច្រវាក់​ផលិតកម្ម​ស្បៀងអាហារ​របស់ខ្លួន​ដើម្បី​ឈានទៅរក​ឯករាជ្យ សេដ្ឋកិច្ច​ផ្ទៃក្នុង ។​

​ការអបអរសាទរ និង​គាំ​ទ្រនេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែតុលា​ថ្លែង​ទៅ កាន់​ប្រជាពលរដ្ឋ​ដែល​ទើប​ទៅ​តាំង​ទីលំនៅ​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយ​ជំរុញ​ធ្វើ​ការដាំដុះ ចិញ្ចឹមសត្វ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ​”​ទស្សនទាន​នាំចេញ​នៅនឹងកន្លែង​” ។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា(រូបថតឯកសារ(

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា​នេះ​ថា ក្នុងនាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​យល់ឃើញថា វិស័យ​ចិញ្ចឹមសត្វ​មានការ​រីកចម្រើន ហើយ​ការរីកចម្រើន​នេះ ក៏​ដោយសារ​សម្តេច​កាត់​បន្ថយ​ការ​នាំចូល​ជំរុញ​វិស័យ​ចិញ្ចឹមសត្វ​។​លោក​បន្តថា​ការចិញ្ចឹម​សត្វ​នៅក្នុង​ស្រុក​សព្វថ្ងៃនេះ​គឺ​ជោគជ័យ​ហើយ បានន័យថា ហូប​អត់​អស់​ទេ​នៅក្នុង​ប្រទេស​។ ឥឡូវនេះ​រហូតដល់​ធ្វើការ​នាំចេញ ទាំងអស់នេះ គឺ​បានមកពី​អនុសាសន៍​របស់​សម្តេច​។​

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ចិ​ញ្វឹ​ម​សត្វ ក៏ដូចជា​កសិដ្ឋាន និង​ក្រុមហ៊ុន​ក្នុងស្រុក​គឺមាន​ភាពកក់ក្តៅ យ៉ាងខ្លាំង​ដោយសារតែ​សម្តេច​នៅតែ​យកចិត្តទុកដាក់​ខ្ពស់​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ​ក៏ដូចជា​វិស័យ​កសិកម្ម​នេះ​។ យើង​ឃើញ​ហើយ​មិនមែន​តែ​វិស័យ​ចិញ្ចឹមសត្វ​មួយ​មុខ​ទេ វិស័យ​ចិញ្ចឹមសត្វ គឺ​យើង​មាន​ស្អី​ខ្លះ​?​ដូច្នេះ​កត្តា ដែល​យើង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យ​ចិញ្ចឹមសត្វ គឺ​ដូចជា ដាំពោត សណ្តែក ល្ង​…​នឹង​ហើយ​ដែល​ជំរុញ ឱ្យ​កសិករ​យើង​មាន​ការងារ​ធ្វើ​កាត់បន្ថយ​ចំណាកស្រុក​។​ចំណុច​ទាំងអស់នេះ​ដែល​យើង​ស្វាគមន៍​និង​ត្រេកអរ​យ៉ាងខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ដ៏​ឈ្លាសវៃ​”​។​

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ(រូបថតឯកសារ)

​ចំណែក​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ថ្ងៃទី​៣ ខែតុលា​នេះ​ថា ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​កន្លងទៅ គឺ​ផ្គត់ផ្គង់​ខ្លួនឯង​បានតែ ៥០ ទៅ ៦០​ភាគរយ តែប៉ុណ្ណោះ ក្រៅពីនេះ គឺ​ការ​នាំចូល​។ ប៉ុន្តែ​ដោយសារ​ការ​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​បាន ប្រកាស​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​និង​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០២០​នៅពេលដែល​សម្តេច​បាន​ជួប​ជាមួយ​និស្សិត​ដែល​ទទួលបាន​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​និង​នៅ​ពាម​រ៍ក​ខេត្តព្រៃវែង​គឺ​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ថ្នាក់​ក្រសួង​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ប្រជាកសិករ និង​សមាគម​ចិញ្ចឹមសត្វ​ទាំងអស់​គឺមាន​ការ ពេញចិត្ត​ពេញ​ថ្លើម​ក្នុងការ​ចូលរួមចំណែក​ជំរុញ​ការចិញ្ចឹម​ឱ្យ​ឈានទៅដល់​ការផ្គត់ផ្គង់​សត្វ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ រហូតមកដល់​បច្ចុប្បន្ន គឺ​យើង​ធ្វើការ​ផ្គត់ផ្គង់​ជាពិសេស គឺ​សត្វ​ជ្រូក ដែល​កន្លងទៅ​គឺ​នាំចូល គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​រាប់ពាន់​រាប់ម៉ឺន​ក្បាល​តែ​ឥឡូវនេះ​កិច្ចដំណើរការ​នៃ​ការផ្គត់ផ្គង់​ក្នុងស្រុក​របស់​យើង​បាន​ដំណើរការ​ជិត​មួយឆ្នាំ​មកហើយ​គឺ​បាន​១០០​ភាគរយ​តែម្តង​ហើយ​កំពុងតែ​ជំរុញ​ទៅដល់​វិស័យ​ឯកជន​ក្នុងការ​ត្រៀមលក្ខណៈ​បំពេញបែបបទ​ដើម្បី​ធ្វើការ​នាំចេញ ព្រោះ​ពេល​បច្ចុប្បន្ននេះ​ក្រោយ​ពេលដែល​យើង​គាំទ្រ​ទៅ ដល់​ការចិញ្ចឹម​ក្នុងស្រុក​ជាមួយនឹង​ការលើកទឹកចិត្ត​ផង​គឺ​ក្រោយពី​ចិញ្ចឹម​បានល្អ​ផ្គត់ផ្គង់​ក្នុងស្រុក​ឈានទៅដល់​ការ ប្រកួតប្រជែង​នៅក្នុង​ស្រុក​តម្លៃ​បាន​ធ្លាក់​ថ្លៃ​បន្តិច​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​នេះ​គឺជា​សមិទ្ធផល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន ជំរុញ​លើកទឹកចិត្ត​សមាគម​ចិញ្ចឹមសត្វ​ក៏ដូចជា​ប្រជាជន​សាទរ​យ៉ាង​ក្រៃលែង​រួមជាមួយ​អ្វីដែល​ជាការ​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ចូលរួម​ផ្គត់ផ្គង់​រួមចំណែក​ទៅដល់​ការផ្គត់ផ្គង់​សាច់​ទៅដល់​ប្រជាជន​កម្ពុជា ។ ម្យ៉ាងទៀត​ជួយ​យក​នៅ​ផលិតផល​ដែលជា​ដំណាំ​ដំឡូង កន្ទក់ ចុងអង្ករ ពោត នៅ​កម្ពុជា​ដើម្បី​យកមក​កែច្នៃ បម្រើឱ្យ​ការចិញ្ចឹម​សត្វ ។​នេះ​ជា​លក្ខណៈ​មួយ គឺ​យើង​នាំចូល​នៅក្នុង​ស្រុក​ហើយ​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​របស់ យើង​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​របស់​យើង​ដើរ​បានល្អ​ប្រសើរ ។​នេះ​គឺជា​ចំណុច​ឈ្នះ​ទាំងអស់គ្នា​។​ឈ្នះ​ទាំង​ប្រជាជន ដែល​ផលិត​នៅ​ផលិតផល​កសិកម្ម​។​ឈ្នះ​នូវ​អ្វី​ដែលជា​ពាណិជ្ជករ​សមាគម​ចិញ្ចឹមសត្វ​អាច​ចិញ្ចឹម​បាន​លក់​ឱ្យ​ប្រជាជន​និង​ចិញ្ចឹ​ម​ទេសចរណ៍​ដែល​មក​ទស្សនា​នៅ​កម្ពុជា​។​យើង​អាច​ត្រួតពិនិត្យបាន​នូវ​ប្រភព​សត្វ​ដែល​ចិញ្ចឹម​។​យើង​អាច​ត្រួតពិនិត្យបាន​ថា ប្រភព​ដែល​ចិញ្ចឹម​គឺ​ចេញពី​ចំណី​ដែល​យើង​បាន​ត្រួតពិនិត្យ​រួចហើយ ។​ចំណែក​សត្វ​គឺ​យើង​បាន​ត្រួតពិនិត្យ​អំពី​សុខភាព​សត្វ​ដែល​គ្មាន​ជំងឺឆ្លង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​នេះ​ជា​ចំណុច​ពិសេស​ដែល​យើង​ថា​ជោគជ័យ​ក្រោម​ការដឹកនាំ​និង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កន្លង​ទៅនេះ​បានធ្វើ​ឲ្យ​ក្រសួង​ក៏ដូចជា​សមាគម​ចិញ្ចឹមសត្វ​និង​ប្រជាពលរដ្ឋ​ទាំងអស់​រីករាយ​ចូលរួមចំណែក​ជាមួយនឹង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​”​។

​រីឯ​អ្នកសេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​សាទរ​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដោយ​ចាត់ទុកថា ទស្សនទាន​នៃ​ការនាំចេញ​នៅនឹងកន្លែង​របស់​សម្តេច​តេ​ជោ​គឺ​ដើម្បី​ភាព​ឯករាជ្យ​និង​ម្ចាស់ការ​លើ​ច្រវាក់​ផលិតកម្ម ស្បៀងអាហារ​របស់ខ្លួន ដើម្បី​ឈានទៅរក​ឯករាជ្យ សេដ្ឋកិច្ច ផ្ទៃក្នុង ។​

​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​កម្ពុជា​ទទួលបាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ ដែលនាំឱ្យ​មានការ​រីក​ចម្រើន​ស្ទើរតែ​គ្រប់​វិស័យ​ហើយ​បានធ្វើឱ្យ​បរទេស​កត់សម្គាល់​កម្ពុ​ជា​ថា​ជា​ប្រទេសមួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អជា​បន្ដបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

​អ្នកសេដ្ឋកិច្ច​បាន​ជំរុញ​ថា ប្រជាកសិករ​កម្ពុជា​គួរ​ពង្រឹង​ការប្រកប​កសិកម្ម ដាំ​ដំណាំ​និង​ចិញ្ចឹមសត្វ​ឱ្យបាន​ប្រសើរ ឡើង​ព្រោះ​វា​មិន​ត្រឹមតែ​អាចជួយ​ដល់​សន្ដិសុខ​ស្បៀង​សំរាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការរស់នៅរ​បស់​គ្រួសារ​ជួយ​ថែរក្សា​សុខភាព​និង​អនាម័យ​ដល់​កូនចៅ​ហើយក៏​អាច​ធានា​នូវ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​គ្រួសារ​ដែរ​។

​វិស័យ​ទេសចរណ៍​ជា​សេដ្ឋកិច្ច​បៃតង​កម្ពុជា​កំពុងមាន​សន្ទុះ​ឡើងវិញ​ជា​បណ្ដើរៗ​។​ក្រៅពី​ផ្គត់ផ្គង់​តម្រូវការ ផ្ទាល់ខ្លួន​សព្វគ្រប់ ពលរដ្ឋ តាម​មូលដ្ឋាន​ក៏​អាចបែងចែក​មួយផ្នែក​នូវ​ផលិតផល​កសិកម្ម​និង​សត្វ ចិញ្ចឹម​របស់ខ្លួន​សម្រាប់​នាំចេញ​ទៅតាម​សណ្ឋាគារ​ឬ​អាច​ដាក់លក់​នៅតាម​តំបន់​ទេសចរណ៍​នានា​ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ក្នុងស្រុក​ផងដែរ ដោយ​នេះ​ស្របទៅតាម​ទស្សនទាន “​នាំចេញ នៅ នឹង​កន្លែង​”​។​

​អ្នកសេដ្ឋកិច្ច​បានបញ្ជាក់​ថា​តម្រូវការ​របស់​ភ្ញៀវទេសចរ​នឹង​ជួយ​បង្កើត​ការងារ​ហើយ​ជំរុញ​ដល់​ការដាំដុះ ដំណាំ​ផ្សេងៗ​និង​ការ​ចិញ្ចឹមសត្វ នៅតាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​។​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​តាមរយៈ​ការរក្សាបាន​នូវ​ភាពម្ចាស់ការ​លើ​ច្រវាក់​ផលិតកម្ម​ស្បៀងអាហារ​របស់ខ្លួន ហើយ​ឈានទៅ​ភាព​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ផ្ទៃក្នុង​ប្រទេស​។​

​គួរកត់សម្គាល់​ផងដែរ​ថា​តាមរយៈ​ការគាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងបរិស្ថាន​បងប្អូន​ប្រជា​សហគមន៍​នៅក្នុង​តំបន់​ការពារ​បាននិងកំពុង​លើកស្ទួយ​ជីវភាព​ខ្លួនឯង​តាមរយៈ​ការចិញ្ចឹម​សត្វ​។​នេះ​បាន​សេចក្តី ថា​បងប្អូន​បាន​ឆ្លើយតប​ទៅនឹង​បំណង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល សម្តេច​លោក​មានប្រសាសន៍ថា «​នាំចេញ​នៅនឹងកន្លែង​មិនចាំបាច់​នាំ​ចេញទៅ​ក្រៅប្រទេស​បាន ហៅថា​នាំចេញ​ទេ​។​» យើង​ដាំ​ដុះ យើង​ចិញ្ចឹមសត្វ នាំចូល សណ្ឋាគារ​ឱ្យ​ពួក​បរទេស​បរិភោគ​ចាត់ ទុក​ថា​ជា​នាំចេញ នៅ​នឹង កន្លែង ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ទើប​ទៅ​តាំងទី​លំនៅ​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ក៏ដូចជា ទៅកាន់​ទីកន្លែង​ផ្សេងទៀត​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​នេះ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើកទឹកចិត្ត​ផង​និង ជំរុញ​ផង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ធ្វើ​ការដាំដុះ​ចិញ្ចឹមសត្វ សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ដែល​សម្តេច​បានបញ្ជាក់​ថា​នេះ​គឺជា​”​ទស្សនទាន​នាំចេញ​នៅនឹងកន្លែង​”​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​នៅពេលនេះ​ទេសចរ​កំពុងតែ​រើបៗ​ឡើងវិញ​។​បន្តិចទៀត​ប្រទេស​ចិន​នឹង​កាត់បន្ថយ​ឬ​បញ្ឈប់​ការអនុវត្ត​គោលនយោបាយ​សូន្យ​កូ​វីដ​។​ពេលនោះ​ភ្ញៀវ​ចិន​ក្នុង​ចំនួន​ច្រើន​នឹងធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប​។​សម្តេច​បន្តថា​ខេត្តសៀមរាប​មាន​អាកាសយាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​អាកាសយានដ្ឋាន​មុននេះ​អាច​ចុះ​បានតែ​យន្តហោះ​ខ្នាតតូច​ឥឡូវ​យើង​មាន​ព្រលានយន្តហោះ​ថ្មី​ដែល​អាច​ចុះ​យន្តហោះ​ខ្នាត​យក្ស​បាន​។​ធុន​ណា​ក៏​អាច​ចុះ​បាន​ពេលនោះ​ភ្ញៀវទេសចរ​នឹង​សម្រុក​មក​ខេត្ត​។​សម្តេច​តេ​ជោ​បន្តទៀតថា​ជួន​ពេល​ថ្ងៃ​ណាមួយ​គេ​(​ទេសចរ​)​មកលេង​នៅ​រុន​តា​ឯក​ដែលជា​កន្លែង​អភិវឌ្ឍន៍​ថ្មី​។​

​ឈរលើ​ទឡ្ហីករណ៍​ទាំងនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដោយហេតុ​យើង​ត្រូវតែ​ធ្វើ​ការដាំដុះ ធ្វើការ​ចិញ្ចឹមសត្វ​។​យើង​ធ្វើ​វិធី ហ្នឹង​ដើម្បី​ធ្វើយ៉ាងណា​ទាញ​ទេសចរ​,​បង្កើត​ការងារ​,​បង្កើត​ប្រាក់ ចំណូល ។ ការដាំដុះ ការចិញ្ចឹម​សត្វ​របស់​យើង​បម្រើឱ្យ វិស័យ ទេសចរណ៍ ដែល​”​ខ្ញុំ​ប្រើ​ទស្សនទាន​ថា​នាំចេញ​នៅ នឹង កន្លែង​។​មិនបាច់​នាំ​ចេញទៅ​ក្រៅប្រទេស​ទើប​ហៅថា​នាំចេញ​ទេ​!​។​យើង ដាំ​ដុះ យើង​ចិញ្ចឹមសត្វ នាំចូល​សណ្ឋាគារ​ឱ្យ​ភ្ញៀវ​បរទេស បរិភោគ ចាត់ទុកថា ជាការ​នាំចេញ​នៅនឹងកន្លែង​ដើម្បី​ជំរុញ សេដ្ឋកិច្ច កម្ពុជា​៕ ដោយ​៖ ពល​ជ័យ​

ads banner