ការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៣ ខែតុលានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ នេះជាលើកដំបូងដែលសន្និសីទនេះត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ បន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩ និងមានអ្នកចូលរួមជាង១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពីស្ថាប័ននិងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។

ក្រោមមូលបទស្តីពី “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ” វាគ្មិនដែលបានអញ្ជើញមកពីមជ្ឈដ្ឋាននានា ពីស្ថាប័នរដ្ឋ ក្រុមបញ្ញាជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ននិងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញក្រោយ ជំងឺរាតត្បាត ក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។ សន្និសីទក៏បានពិភាក្សាអំពីវិធីសាស្រ្តពង្រឹងភាពជាដៃគូស្ដីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្តាញការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។

តាមរយៈសុន្ទរកថាគន្លឹះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា អនាគតនៃតំបន់នេះនឹងពឹងផ្អែកលើឧត្តមភាពប្រកួតប្រជែងតំបន់របស់យើង ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ ដែលមានសកម្មភាពរួមគ្នា។ សង្វាក់ផ្គត់ផ្គង់តំបន់របស់យើងតម្រូវរក្សានូវភាពស័ក្តសិទ្ធិនិងភាពធន់រឹងមាំ។ អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តើមគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់និងគម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ សម្រាប់អាស៊ាន អភិក្រមនេះគឺការទាញយកឲ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានាដែល មានស្រាប់ស្តីពីការតភ្ជាប់ ដើម្បីចម្រាញ់យកតម្លៃបន្ថែមដែលចាំបាច់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម និងដែលដឹកនាំសេដ្ឋកិច្ចតំបន់របស់យើង។ នៅមានភាពចាំបាច់ក្នុងការតម្រែតម្រង់ទិសផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ដើម្បីធានាថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្រ្តរវាងគំនិតផ្ដួចផ្ដើមផ្សេងៗ នៅក្នុងតំបន់ ក្នុងការទ្រទ្រង់អាស៊ានដែលប្រកបដោយភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន។

អគ្គលេខាធិការអាស៊ាន ឯកឧត្តម លឹម ចុកហុយ (Lim Jock Hoi) បានគូសបញ្ជាក់នូវភាពចាំបាច់អាស៊ានក្នុងការប្រែក្លាយតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាពឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្ដូរជានិច្ចកាល។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា “ខណៈពេលដែលយើងបន្តរៀបចំផែនការសម្រាប់អនាគត យើងក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគតជាមួយសកម្មភាពដែលយើងកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន”។ ឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍បន្ថែមទៀតថា អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង និងបានពន្យល់ថា ធនធានទាំងអស់ដែលដៃគូរបស់យើងបានប្រើប្រាស់នៅក្នុងការ វិនិយោគក្នុងតំបន់យើងនេះនឹងផ្ដល់អត្ថប្រយោជន៍ទៅពួកគេវិញទៅតាមទំហំដែលធនធានទាំងនោះ បានផ្ដល់ផលប្រយោជន៍មកអាស៊ាន។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ ហីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា បានរំលេចអំពីសារសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថល ក្នុងការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025)។ លោកសាស្រ្តាចារ្យបានយោងទៅលើការងាររបស់វិទ្យាស្ថានស្រាវជ្រាវស្ដីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣ ដែលផែនការនេះបានគូសបញ្ជាក់យុទ្ធសាស្រ្ត សម្រាប់បង្កើតនូវសេដ្ឋកិច្ចមួយដែលប្រកបដោយសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងចីរភាពច្រើនជាងមុន នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា តាមរយៈការលើកស្ទួយការតភ្ជាប់ផ្នែករូបវ័ន្ត និងផ្នែកឌីជីថលនៅក្នុងតំបន់។ លោកសាស្រ្តាចារ្យបានបន្ថែមថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣នេះ នឹងរួមចំណែកធ្វើឱ្យការតភ្ជាប់តំបន់អាស៊ានក្រោយឆ្នាំ២០២៥ កាន់តែស៊ីជម្រៅ”។

សន្និសីទស្ដីពីការតភ្ជាប់អាស៊ាន ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារសំខាន់ ដែលបានចាប់ផ្ដើមប្រព្រឹត្តឡើងដំបូងនៅឆ្នាំ២០១០ ហើយសន្និសីទនេះនឹងបន្តជាវេទិកាមួយសម្រាប់ឱ្យដៃគូពាក់ព័ន្ធទាំងអស់អាចស្គាល់ និងកំណត់នូវវិស័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយសក្ដានុពល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈការតភ្ជាប់អាស៊ានកាន់តែទូលំទូលាយ៕
ដោយ៖ពលជ័យ

ads banner