រដ្ឋមន្ដ្រីក្រសួងសាធារណការប្រាប់ក្រុមអ្នកកាសែតបារាំងថា កម្ពុជាមិនរើសអើងប្រភពហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បារាំង ដែលមកធ្វើទស្សនកិច្ចសារព័ត៌មានសេដ្ឋកិច្ចនិងធុរកិច្ចនៅកម្ពុជាថា ប្រទេសកម្ពុជាមិនរើសអើងពាក់ព័ន្ធនឹងប្រភពនៃការផ្ដល់ហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេ។ លោករដ្ឋមន្ដ្រីបានថ្លែង យ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាសប្តាហ៍កន្លងទៅនៅ ក្នុងជំនួបពិភាក្សា និងការផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន បារាំងចំនួនបួនរូប។

អ្នកសារព័ត៌មានបារាំងទាំងបួនរូបអញ្ជើញមកពីស្ថាប័នសារព័ត៌មានដែលមានឥទ្ធិពលក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងប្រទេស បារាំង។ ក្នុងនោះមានដូចជា លោកស្រី Armelle Bohineust មកពីកាសែត Le Figaro លោក Claude Leblanc មកពីកាសែត L’Opinion លោក Alain Guillemoles មកពីកាសែត La Croix និង លោក Emmanuel Langlois មកពីស្ថានីយវិទ្យុ France Info។

នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវ ចំណាប់អារម្មណ៍រីករាយស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានបារាំងនៅកម្ពុជានាឱកាសនេះ និងបានធ្វើបទ បង្ហាញ អំពីការអភិវឌ្ឍនៃប្រទេសកម្ពុជាលើគ្រប់វិស័យ ចាប់តាំង ពី ថ្ងៃដែលទទួលបានជ័យជម្នះលើរបបអាវខ្មៅ ប៉ុលពត រហូត មក ដល់ ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។នៅក្នុងវិស័យដែល លោកទទួលខុសត្រូវ លោករដ្ឋមន្ដ្រីបានលើកបង្ហាញពីការផ្លាស់ប្តូរ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្ហាញពី ចក្ខុវិស័យ និងទិសដៅរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។

បន្ថែមពីលើនោះឯកឧត្តមរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបាន កាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការ បំពុល បរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពល រថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត។
ឯកឧត្តមក៏បានបង្ហាញដល់ក្រុមអ្នកកាសែតបារាំងផងដែរ អំពី គម្រោងការងារសំខាន់ៗដែលបានអនុវត្តរួចរាល់ ហើយលេចចេញ ជារូបរាង និងគម្រោងការងារផ្សេងៗទៀតដែលកំពុងដំណើរការ ព្រមទាំងគម្រោងនានាជាច្រើន ដែលគ្រោងនឹងអនុវត្តនាពេល អនាគត។

ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកជំនួប ពិភាក្សា នេះ ថាបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញការពិតឱ្យកាន់ តែ ប្រសើរឡើងក៏ដូចជាបង្ហាញនូវគន្លឹះក្នុងការស្វែងយល់អំពីប្រទេសកម្ពុជាសព្វថ្ងៃទៅកាន់ក្រុមអ្នកសារព័ត៌មានបារាំង ដែលមានអ្នកខ្លះ ទើបមកកម្ពុជាជាលើកដំបូង និងបានសម្តែងការភ្ញាក់ផ្អើលចំពោះ ការអភិវឌ្ឍរបស់កម្ពុជាដែលខុសស្រឡះពីអ្វីដែលពួកគេបានអានក្នុងទំព័រសារព័ត៌មានកន្លងមក៕ ដោយ៖ កែវ កិរិយា