សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតស្នើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ជូនសម្តេចប្រធានរដ្ឋសភានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្ដេចប្រធានរដ្ឋសភា មេត្តាពិនិត្យលើសេចក្ដីស្នើសុំនេះដោយក្តីអនុគ្រោះ សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលនូវគារវកិច្ច។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសេចក្តី ក្រាបបង្គុំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ