វិភាគ៖សាលក្រមតុលាការបារាំងផ្តល់យុត្តិធម៌និងភាពស្អាតស្អំដល់ថ្នាក់ដឹកនាំកម្ពុជា និងវាយបំបាក់មុខក្រុមជនក្បត់ជាតិនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ទោះបីជាទណ្ឌិតសម រង្ស៊ី និងបក្ខពួកខិតខំលាក់បាំងភាពអាម៉ាស់របស់ខ្លួនលើសំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា នៅចំពោះមុខការសម្រេចរបស់តុលាការ ប្រទេសបារាំងយ៉ាងណាក៏ដោយ តែការពិតនៅតែជាការពិត។

ការពិតដែលតុលាការប្រទេសបារាំងដែលជាស្រុកកំណើតទី២ របស់ទណ្ឌិត សម រង្ស៊ី តាមរយៈសាលក្រមរបស់ ខ្លួន បានរកឃើញថា សម្តេចតេជោ ហ៊ុន សែនមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ឯកឧត្តម ហុក ឡង់ឌី និងជា វិជ្ជា ហើយពាក្យពេចន៍ចោទប្រកាន់ទាំងអស់របស់ទណ្ឌិត សម រង្ស៊ីគឺជាការចោទប្រកាន់ដោយគ្មាន ភស្តុតាង និងបានរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ប្រាកដ​មែន។ ប៉ុន្តែដោយយោងតាមមាត្រា១០នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សដែលលើកឡើងពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណីគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនិងជនជាប់ចោទ​សម រង្ស៊ី ជាប្រជាពលរដ្ឋធម្មតានោះតុលាការបារាំងបានសម្រេចអនុគ្រោះឱ្យសម រង្ស៊ី រួចផុតពីបទចោទប្រកាន់ទាំងពីរ ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា។

នេះគឺជាការយោគយល់ដោយស្របទៅលើគោលការណ៍សិទ្ធិមនុស្សតែប្រសិនបើតុលាការមិនលើកឡើង ពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទទេ ម្ល៉េះ សម រង្ស៊ីនឹងត្រូវទទួលរងនូវការផ្តន្ទាទោសស្រេចបាត់ទៅ ហើយ ព្រោះតុលាការបានរកឃើញថា «ការចោទប្រកាន់ថាសម្តេច ហ៊ុន សែនជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង ២ករណីខាងលើ (ករណីឯកឧត្តម ហុកឡងឌី និងលោក ជាវិជ្ជា)​និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះគឺជាការធ្វើឱ្យប៉ះពាល់ដល់​កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (សម្តេចហ៊ុន សែន) (…)។ ដូច្នេះការនិយាយចោទប្រកាន់នេះត្រូវចាត់ ទុកថាជាការបរិហាកេរ្តិ៍សម្តេច ហ៊ុន សែន(…)»។

ការសម្រេចនេះគឺជាការផ្តល់យុត្តិធម៌និងបញ្ជាក់ពីភាពស្អាតស្អំជូនសម្តេចតេជោដោយតុលាការបារាំងគឺបង្ហាញពីជោគជ័យដ៏ត្រចះត្រចង់ស្របតាមបំណងចង់បានបំផុតរបស់សម្តេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដែលរងនូវការចោទប្រកាន់ពីក្រុមជនអគតិក្នុងនោះទណ្ឌិតក្បត់ជាតិតពូជ សម រង្ស៊ីដែលតែងតែរិះរកវិធីសាស្ត្រ ទុច្ចរិតនានាក្នុងការបំផ្លាញកិត្តិយសសម្តេចតេជោហ៊ុនសែន។តុលាការនៃប្រទេសបារាំងផ្តល់យុត្តិធម៌ជូនសម្តេចតេជោនេះគឺ ឈរលើទឡ្ហីករណ៍ច្បាស់លាស់ ហើយ សម រង្ស៊ី និងបក្ខពួកមិនអាចបំភ្លៃបានឡើយ។

ដោយសារ«មាសសុទ្ធមិនខ្លាចភ្លើង»នេះហើយបានជាសម្តេចហ៊ុនសែនបានតាមពីស្រុកខ្មែរដល់ស្រុកបារាំងដើម្បីបញ្ជាក់ភាពស្អាតស្អំនេះ។ភាពស្អាតស្អំនិងយុត្តិធម៌ដែលផ្តល់ដោយតុលាការបារាំងក៏បង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចរបស់តុលាការនៅកម្ពុជាផងដែរ។

តាមរយៈសេចក្តីសម្រេចរបស់តុលាការបារាំងនៅថ្ងៃទី១១ខែតុលាការបន្ទាប់ពីដំណើរការក្តីរយៈពេលជាងបីឆ្នាំមកគេអាចដឹងច្បាស់ពីគោលបំណងចម្បងនៃការប្តឹងរបស់សម្តេចតេជោទៅកាន់តុលាការនៅប្រទេសបារាំង គឺដើម្បីទទួលបានភាពស្អាតស្អំតាមផ្លូវច្បាប់ពីអ្វីដែលទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់ដោយមួយបង្កាច់ថា សម្តេចតេជោបានសម្លាប់ឯកឧត្តមហុកឡងឌីនិងជាវិជ្ជា។ដូចនេះបញ្ហាដែលត្រូវដោះស្រាយតាមផ្លូវច្បាប់និងតាមផ្លូវតុលាការឱ្យបានច្បាស់លាស់ហើយដែល មហាជនទូទៅរង់ចាំមើលគឺថា តើអ្វីដែល សម រង្ស៊ី បានចោទប្រកាន់លើ សម្តេចថា បានសម្លាប់ឯកឧត្តមហុកឡងឌីនិងជាវិជ្ជាគឺជាការពិតដែរឬទេ?ឥឡូវនេះសាលក្រមតុលាការបានចេញហើយ គឺជា​ការមិនពិតឡើយ។

គេអាចរំឭកនៅអំឡុងដំណើរការសវនាការថា សម រង្ស៊ីនិងមេធាវីរបស់ខ្លួនមិនបានបង្ហាញភស្តុតាងជាដុំកំភួនអ្វីបង្ហាញពីការពិតឡើយ។

ហេតុដូច្នេះហើយបានជាខ្លឹមសារក្នុងសាលក្រម តុលាការបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្ស៊ី លើ សម្តេចតេជោ ហ៊ុន សែន ថា បានសម្លាប់ ឯកឧត្តម ហុក ឡងឌី និង ជា វិជ្ជា គឺ គ្មានមូលដ្ឋាន ហើយជាការមិនពិតនោះទេ។ នេះគឺមានន័យច្បាស់ណាស់ថា អ្វីដែល សម រង្ស៊ី និយាយ គឺសុទ្ធជារឿងមិនពិត, ជាការចោទប្រកាន់មួលបង្កាច់ និងជារឿងនិយាយ ផ្តេសផ្តាស់គ្មានការទទួលខុសត្រូវប៉ុណ្ណោះ។ តាមរយៈសាលក្រមរបស់តុលាការបារាំងនេះគឺបញ្ជាក់ច្បាស់ថាសមរង្ស៊ីជាមនុស្សកុហកបោកប្រាស់ដើរមួលបង្កាច់អ្នកដទៃដោយគ្មានញញើត។តែសាលក្រមនេះគឺជាដំបងមួយដ៏ធ្ងន់សំពងក្បាលរបស់ទណ្ឌិតសមរង្ស៊ីនិងបក្ខពួកឱ្យបញ្ឈប់ការភូតកុហក និងមួលបង្កាច់។

ដូច្នេះផ្អែកលើដំណើរការនីតិវិធីផ្លូវច្បាប់លើកនេះនៅតុលាការបារាំង, យើងអាចសន្និដ្ឋានបានថា ទាំងក្នុងអតីតកាល ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៖ “អ្វីដែល សម រង្ស៊ី បាននិយាយ ឬ ចោទប្រកាន់លើអ្នកដទៃ គឺ សុទ្ធតែជារឿងកុហកបោកប្រាស់ និងជារឿងនិយាយតែផ្តេសផ្តាស់ និងជាសម្តីដែលនិយាយឱ្យរួចតែពីមាត់ និងគ្មានការទទួលខុសត្រូវប៉ុណ្ណោះ»។

សាលក្រមនេះបានធ្វើឱ្យ សម រង្ស៊ី ដែលជាប់ឈ្មោះថាជាអ្នកនយោបាយអង្ករកំប៉ុង និងជាអ្នក នយោបាយពូកែញុះញង់ចាស់វស្សាខ្មាសគេនៅទូទាំងពិភពលោកនិងមនុស្សទូទៅបានស្គាល់ច្បាស់ថាសមរង្ស៊ីជាអ្នកនយោបាយប្រើវោហាសាស្ត្រស្អប់ខ្ពើមនិងជាអ្នកធ្វើប្រជានិយមដែលសមនឹងត្រូវបាន ផ្តន្ទាទោសស្របតាមច្បាប់ជាធរមានមែន។

អ្នកជំនាញអន្តរជាតិបានហៅ ទណ្ឌិតសម រង្ស៊ីថា «ខ្មែរសាងគ្រោះឱ្យជាតិ» និង «ជាសត្វ​ពស់ក្បាល ២ ដែលមានសម្តីផ្អែមពេលប្រើភាសាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាមួយបរទេសតែជាមនុស្ស ញុះញង់រើសអើងប្រកាន់ពូជសាសន៍និងសម្តីប្រកបដោយហឹង្សានិយមពេលនិយាយពីកម្ពុជា»។

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner