ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញក្រោយបញ្ចប់ការងារជួសជុល

សៀមរាប៖ ខ្លោងទ្វារអគារព្រះឥសូរដែលស្ថិតនៅជ្រុងឥសាននៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈពេល ដើម្បីធ្វើការងារជួសជុល។

លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកជំនាញបានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារនេះ តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះក្រុមការងារបានបញ្ជប់ការជួសជុល។ លោកបន្តថា ការជួសជុលចាប់ផ្តើមពីការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធកិច្ចការអភិរក្សកន្លងមក ធ្វើសម្រង់ប្លង់ ចុះបញ្ជើថ្ម ស្វែងរកថ្ម រៀបផ្គុំថ្មសាកល្បង វាស់ស្ទង់ សិក្សាវាយតម្លៃស្ថានភាពសំណង់ដែលរងការខូចខាត ធ្វើវិភាគ ហើយកំណត់នូវវិធីសាស្ត្រដើម្បីជួសជុល។ បន្ទាប់មក រៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គរ (ICC-Angkor)។ ក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត ហើយប្រឈមនឹងដួលរលំ។ ធ្វើកំណាយសិក្សាពិនិត្យស្ថានភាពគ្រឹះ ហើយជួសជុលពង្រឹងគ្រឹះនិងជើងតាង។

លោកបន្តទៀតថា អគារនេះមានសសរចំនួន២៤ ហើយស្រុតស្ទើរតែទាំងអស់ ចំណែករចនាសម្ព័ន្ធសំណង់ទ្រេតខ្លាំង ប្រឈមនឹងដួលរលំ។ កិច្ចការបន្ត គឺជួសជុលពង្រឹងគ្រឹះ និងជើងតាង (ដូរថ្មដែលពុកផុយ ជំនួសដោយថ្មបាយក្រៀមថ្មី ចំពោះថ្មដែលមានគុណភាពល្អរក្សាទុកដដែល) បន្ទាប់មករៀបផ្គុំសសរ ធ្នឹម និងដំបូល។
លោកបន្តទៀតថា ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរារំពឹងថា នឹងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមកអគារនេះត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។

លោកបានបញ្ជាក់បន្ថែមថា សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗនៅក្នុងប្រាសាទព្រះខ័ន មានច្រកចេញបើកចំហរគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន ២៤ដើម។

សូមជម្រាបដែរថា រចនាសម្ព័ន្ធខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់និងធ្នឹមអំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរនៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរាបានសិក្សា និងធ្វើការទល់ទ្រ នូវរចនាសម្ព័ន្ធដែលប្រឈមនិងដួលរលំ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner